ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ ២០២២ នេះនៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និង អគារខ្ពស់ៗចំនួន ១ ៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ ជាន់ឡើងទៅ មានចំនួន ២២៥ អគារ។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងឆ្នាំ ២០២១ កន្លងទៅ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន ចំនួន ១ ០៥០ គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លារអាមេរិក ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការលំនៅឋាន-ដីឡូត៍ របស់គម្រោង តាមោកស៊ីធីលែន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះស្ថិតក្នុងភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖«គម្រោង តាមោកស៊ីធីលែនលើការបណ្តាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅរាជធានីភ្នំពេញនាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល»។
លោកបន្តថា រាជរដ្ឋាភិបាល បានខិតខំទាក់ទាញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺការខិតខំបង្កើនជំនឿជឿជាក់ ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បីបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
បើទោះបីក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ វិបត្តិជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងដល់សេដ្ឋកិច្ចសកល ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋខ្មែរយ៉ាងណាក្តី ប៉ុន្ដែ លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖«ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់លើបញ្ហាទាំងនេះ និងបានដាក់ចេញនូវវិធានការគាំពារ សំដៅកាត់បន្ថយផលប៉ះពាល់វិស័យសេដ្ឋកិច្ច-សង្គមកិច្ច រក្សាលំនឹងផលិតកម្ម-អាជីវកម្ម និងបង្កើនភាពធន់ដល់វិស័យឯកជន»។
លើសពីនះ រាជរដ្ឋាភិបាល តែងតែចាត់ទុកថា វិស័យឯកជន គឺ ជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈការសម្រេចបាននូវអត្រាការចាក់វាក់សាំងបង្ការជំងឺកូវីដ១៩ ប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់ និងលើពិភពលោក ដែលសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាជន ក្នុងកម្រិតខ្ពស់ជាងគេ និងកំពុងបង្កើតបានភាពស៊ាំសហគមន៍ពិតប្រាកដ សម្រាប់ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ដើម្បីការពារអាយុជីវិតប្រជាជន ខឿនសុខុមាលភាពសាធារណៈ និងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យ។
លោកអភិបាលរាជធានីបញ្ជាក់ទៀតថា ទន្ទឹមគ្នានឹងវឌ្ឍនភាព ក៏ដូចជានិន្នាការជាវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងបន្តងើបឡើងវិញ នាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្ត របស់វិនិយោគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម
លោកឃួង ស្រេង លើកឡើងថា៖«គម្រោងលំនៅឋាន-ដីឡូតិ៍តាមោកស៊ីធីលែន ដែលបាន បើកដំណើរការ នាពេលនេះ គឺជាមនុញ្ញផល
នៃសន្តិភាព តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវរួបរួមគ្នា ដើម្បីការពារសន្តិភាព ព្រោះថា សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយដរាបណាយើងមានសន្តិភាព នោះទើបជាតិមាតុភូមិ យើងមានការអភិវឌ្ឍរីកចម្រើន ទៅមុខបន្ថែមទៀត»។
ជាមួយគ្នានេះ លោកអភិបាលរាជធានី ក៏បានអំពាវនាវឱ្យបុគ្គលិក កម្មករ-និយោជិត ក្រុម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន ត្រូវបន្តអនុវត្តនូវវិធានសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ លោកនាយករដ្ឋមន្ត្រី ព្រមទាំងត្រូវរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំង ឬនាំយកបុត្រធីតាទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឱ្យបានគ្រប់គ្នា ព្រោះថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង និងប្រភេទផ្សេងៗទៀត យ៉ាងមានប្រសិទ្ធភាព៕
វីដេអូ៖