ភ្នំពេញៈ​ «​អំ​ណាន​ជួយ​លើក​​កម្ពស់​គុណភាព​ជីវិត​ក្នុងសង្គម​ឌីជីថល​» ជា​ប្រធានបទ​ដែល​ត្រូវ​បានលើកឡើង​ដោយមាន​គោលបំណង​រំលេច​ឱ្យឃើញ​អំពី​តួនាទី​របស់​អំ​ណាន និង​ភាព​​ពាក់ព័ន្ធ​របស់​អំ​ណាន ជាមួយនឹង​គុណភាព​ជីវិត​លើ​គ្រប់​ទិ​ដ្ឋ​ភាព​ក្នុងដំណាក់កាល​នៃ​ការវិវឌ្ឍ​ឈានឆ្ពោះ​ទៅរក​សង្គម​ឌីជីថល​។​


​នេះ​ជាការ​ថ្លែងរបស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន ក្នុង​ទិវា​ជាតិ​អំ​ណាន​នៅ​ថ្ងៃទី ​១១ មីនា ​២០២២ ដែល​ត្រូវបាន​ក្រសួង​អប់រំ ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​រំឭក​ដល់​វីរភាព និង​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែល​បាន​ខិតខំ​តស៊ូ ពុះពារ​ការ​​ពារ​មរតក​វប្បធម៌​អក្សរសាស្ត្រ​​ខ្មែរ​។ ការ​ប្រារព្ធ​នេះ​ក៏​ក្នុង​គោល​​បំណង​បណ្ដុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើកកម្ពស់​សមត្ថ​ភាព​អាន ការ​តែង​និពន្ធ និង​ការ​ស្រាវជ្រាវ សំដៅ​រួមចំណែក​ការ​​ពារ និង​លើកកម្ពស់​វប្បធម៌ អរិ​​យ​ធម៌​ខ្មែរ ព្រមទាំង​ពង្រីក​ចំណេះដឹង​ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ផងដែរ​។​

​លោក ហង់​ជួន ណា​រ៉ុ​ន បាន​លើកឡើងថា ជាមួយគ្នានេះដែរ នៅក្នុង​កម្មវិធី​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានចាត់ទុក «​ការលើកកម្ពស់​សមត្ថ​ភាព​អាន​របស់​សិស្ស​ជា​​ពិសេស​នៅ​កម្រិត​ថ្នាក់ដំបូង​» ជា​ការងារ​អាទិភាព​។


​នាឱកាស​នោះដែរ ក្រសួង​ក៏បាន​ប្រកាស​ដាក់ឱ្យអនុវត្ត «​កញ្ចប់​សម្ភារ​អំ​ណាន​ថ្នាក់​ដំ​​បូ​ង​» នៅ​ទូទាំងប្រទេស ព្រម​​ទាំង​បានដាក់​បញ្ចូល​ទៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​គ្រូ​នៅតាម​សាលា​គរុកោសល្យ​ទាំង​តាម​ប្រព័ន្ធ ១២+២ និង​១២+៤​។​

​ដើម្បី​ជំរុញ និង​ព​ន្លឿ​ន​ការ​​ពង្រីក​ការអនុវត្ត​កញ្ចប់​សម្ភារ​អំ​ណាន​ថ្នាក់ដំបូង​នៅ​ទូទាំងប្រទេស​នេះដែរ លោក ​ហង់​ជួន ណា​រ៉ុ​ន បានដាក់​ចេញ​នូវ​អនុ​​សាសន៍​មួយចំនួន ដល់​មន្ទីរអប់រំ​រាជធានី​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។​


​លោក​បាន​លើកឡើងថា គ្រប់​មន្ទីរអប់រំ រាជធានី-ខេត្ត កា​រិ​យា​​ល័យ​អប់រំ រដ្ឋបាល​ក្រុង-ស្រុក-ខណ្ឌ កម្រង​សាលារៀន និង​គ្រឹះស្ថាន​បឋមសិក្សា​ទូទាំងប្រទេស ត្រូវ​ចូលរួម​ពង្រឹង និង​ពង្រីក​ការអនុវត្ត​កញ្ចប់​សម្ភារ​អំ​ណាន​ថ្នាក់ដំបូង​។​

​លោក ហង់​ជួន ណា​រ៉ុ​ន មានប្រសាសន៍ថា៖ «​ការអនុវត្ត​នេះ តាមរយៈ​ការរៀបចំ​វគ្គ​បំប៉ន​ដោយផ្ទាល់ ការ​បំប៉ន​តាមបែប​ចម្រុះ និង​តាម​ប្រព័ន្ធ​អន​ឡាញ ព្រមទាំង​ផ្តល់​ការគាំទ្រ តាម​រូបភាព​ការផ្តល់​ប្រឹក្សា​គរុ​កោ​​ស​ល្យ​។ រៀបចំ​បង្កើត​បណ្ណាល័យ​នៅតាម​សាលារៀន​ដែល​មិន​​ទាន់​មាន និង​ពង្រឹង​ដំណើរការ បណ្ណាល័យ​ចំពោះ​សាលារៀន​ដែលមាន​បណ្ណាល័យ​រួចហើយ​ស្របតាម​សេចក្តីណែនាំ​ប្រតិបត្តិ​ស្តីពី ស្តង់ដា​បណ្ណាល័យ​បឋម​​សិក្សា​»​។ ជាមួយគ្នានេះដែរ លោកគ្រូ អ្នកគ្រូ​បង្រៀន​ថ្នាក់​ទី​១ និង​ទី​២ ទាំងអស់ ត្រូវ​ចូល​រួម​អនុវត្ត​កញ្ចប់​សម្ភារ អំ​ណាន​ថ្នាក់ដំបូងៗ តាមរយៈ​ការចូល​​រួម​វគ្គ​បំប៉ន ដែល​រៀបចំឡើង​ដោយ​ក្រសួង មន្ទីរអប់រំ យុវជន និង​កីឡា គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ អង្គការ​ដៃគូ​ពាក់ព័ន្ធ និង​ធ្វើ​ស្វ័យ​សិក្សា​ស្វែងយល់​អំពី​កញ្ចប់​សម្ភារ និង​វិធីសាស្ត្រ​បង្រៀន​អំ​ណាន​ថ្នាក់ដំបូង​។​

​លោក​បន្តថា៖ «​ការចូលរួម​បង្កើត​សហគមន៍​អ្នកសិក្សា​វិជ្ជា​ជីវៈ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ជាប្រចាំ និង​សហការ​ជាមួយ​ទីប្រឹក្សា​គរុកោសល្យ ដើម្បី​កែលម្អ សកម្មភាព​បង្រៀន និង​រៀន និង​ការគ្រប់គ្រង​ថ្នាក់រៀន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ មាតាបិតា អ្នកអាណាព្យាបាល​សូម​ចូលរួម​តាមដាន​លទ្ធផល​សិក្សា អត្ត​ច​​រិត សីលធម៌ សុជីវធម៌​របស់​កូន​នៅក្នុង​គ្រួសារ សាលារៀន និង​ក្នុង​សហគមន៍ ព្រមទាំង​ជួយ​បង្រៀន​កូន​បន្ថែម​នៅផ្ទះ​ផងដែរ​»​។​

​បន្ថែម​ពីលើ​នេះ មាតាបិតា អ្នកអាណាព្យាបាល​ត្រូវ​ផ្គត់ផ្គង់​សម្ភារ​សិក្សា ទិញ​កញ្ចប់​សម្ភារ​អំ​ណាន​ឱ្យ​កូន​បាន​ហ្វឹកហាត់ នៅ​សាលារៀន និង​នៅផ្ទះ ចូល​​រួម​គាំទ្រ​ជា​សម្ភារ ថវិកា ដល់​ដំណើរការ​បណ្ណាល័យ នៅតាម​សាលារៀន ការអភិវឌ្ឍ​សាលា​​រៀន និង​គាំទ្រ​ដល់​គ្រូបង្រៀន​។

​ដូច​ឆ្នាំកន្លងមក​ដែរ ក្នុងការ​​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន ក្រសួង​បានរៀបចំ​ការប្រកួតប្រជែង អាន​អត្ថបទ ស្មូត​កំណាព្យ និង​ការ​តែង​និពន្ធ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​រៀបចំ​ការ​ប្រកួតប្រជែង​បកស្រាយ​ប្រធាន​​បទ​អក្សរសិល្ប៍ ដែល​នៅ​ឆ្នាំនេះ​បានជ្រើសរើស​យក​ប្រធានបទ «​តួនាទី​អក្សរសិល្ប៍​ពុទ្ធ​និយម​នៅ​សម័យ​ក្រោយ​អង្គរ​»​។

​លោក ស៊ុន ប៊ុណ្ណា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើង​ផងដែរ​ថា ទិវា​អំ​ណាន​ឆ្នាំនេះ ទោះបីជា​ស្ថិតក្នុង​ដំណាក់​កាលដែល​ការ​​ប្រឈម និង​រីក​រាលដាល​នៃ​មេរោគ​អូ​មី​ក្រុង​ក៏ដោយ ក៏​នៅតែ​បើក​ទិវា​អំ​ណាន​នេះ​ដោយ​ប្រា​​រ​ព្ធ​ធ្វើឡើង​ដោយផ្ទាល់​ផង និង​តាម​អន​ឡាញ​ផងដែរ​៕