ភ្នំពេញៈ ប្រទេស​ហុងគ្រី​បានផ្ដល់​ជំនួយ​វ៉ាក់សាំង​កូវីដ-១៩ ប្រភេទ Astra Zeneca ជាង​ ៥២ ​ម៉ឺន​ដូ​ស​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ហើយនឹង​ត្រូវ​ប្រគល់ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ​១៨ ខែមីនា នៅ​វិមាន​សន្តិភាព បន្ទាប់ពី​វ៉ាក់សាំង​នេះ​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២២​។


លោកស្រី យក់ សម្បតិ្ត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា ប្រទេស​ហុងគ្រី​បានផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ៥២៣ ១០០ ​ដូស​ទៀត ដែល​ត្រូវ​ដឹក​មកដល់​ពេលយប់ ដែល​ពិធី​ប្រគល់ ​និង​ទទួល​វ៉ាក់សាំង​ផ្លូវការ​ត្រូវធ្វើ​នៅ​ព្រឹក​ថ្ងៃទី​ ១៨ ខែមីនា ខាងមុខនេះ​។

គួរ​បញ្ជាក់ថា កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​កូវីដ​ ១៩ ទាំង ជា​ជំនួយ​ និង​ពី​ការបញ្ជាទិញ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សរុប​មាន​ចំនួន​ជាង​ ៤៣ ​លាន​ដូស​ហើយ ហើយ​គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២២ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​បាន​ជិត​ ១៥​ លាន​នាក់ ឬ​ ៩២,២៣% ​ធៀប​នឹង​ប្រជា​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​។


ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ជា​អាទិភាព​យុទ្ធសាស្ត្រ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការជួយ​ចែករំលែក​វ៉ាក់សាំង​គ្នា ទៅវិញ​ទៅមក និង​ជា​ហូរហែ ក្នុង​គោលដៅ​ពន្លឿន​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំង​សកលលោក​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ជារឿយៗ​ថា ប្រទេស​កម្ពុជា​នឹងមិន​ខ្វះ​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ឡើយ នៅពេល​ដែល​បញ្ហា​ជំងឺ​កូវីដ​ ១៩ ​មិនទាន់​ចប់​នៅឡើយ​។


លោក​បាន​ថ្លែង​កាលពី​ចុង​ខែមករា កន្លងមក​ថា​៖ «​ការចាក់​វ៉ាក់សាំង​គឺជា​វិធានការ​គន្លឹះ​ក្នុង​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ និង​ការឈាន​ទៅ​បញ្ចប់​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ និង​បើក​ដំណើរការ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ប្រកប​ដោយ​សុវត្ថិភាព​»​។

ដោយឡែក រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ លោក ម៉ម ប៊ុនហេង បាន​ណែនាំ​ទៅដល់​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​យុទ្ធនា​ការអប់រំ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​ក្រោម​ប្រធានបទ ​«​កូវីដ​ ១៩ បំប្លែង​ថ្មី​អូមីក្រុង​ឆ្លង​ខ្លាំង​ជាង​មុន អាច​បណ្តាលឱ្យមាន​ហានិភ័យ​ដល់​អ្នក និង​គ្រួសារ​»​។

លោក ម៉ម ប៊ុនហេង បានលើកឡើង​កាលពី​ថ្ងៃទី​ ១៤ ខែមីនា ថា រហូត​មកដល់​ពេលនេះ វីរុស​កូវីដ ​១៩ បំប្លែង​ថ្មី​នៅតែ​បន្ត​ឆ្លង​រីករាលដាល​ក្នុង​សហគមន៍​ដែល​នៅតែ​រកឃើញ​ករណី​ឆ្លង​ថ្មី​ជា​រៀងរាល់​ថ្ងៃ ហើយ​ក្នុងនោះ​ក៏មាន​ករណី​ឈឺ​ធ្ងន់​សម្រាក​ពេទ្យ និង​ករណី​ស្លាប់​មួយចំនួន​ដែរ​ក្នុងចំណោម ក្រុម​អ្នក​ងាយ​រងគ្រោះ និង​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​។

លោក​បានឱ្យ​ដឹងថា​៖ «​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឡើង​យ៉ាងច្រើន​ក្នុង​រយៈពេល​កន្លងមក និង​បាន​ទទួល​ជោគជ័យ​ក្នុង​ការគ្រប់គ្រង​ព្រឹត្តិការណ៍​ចម្លង​កូវីដ​ ១៩ នៅ​សហគមន៍​ក្នុងពេល​កន្លងមក​ប្រកប​ដោយ​ប្រសិទ្ធភាព​ប៉ុន្តែ ប្រជាពលរដ្ឋ​មួយចំនួន​ហាក់​ធ្វេសប្រហែស​ភ្លេច​ខ្លួន​ក្នុង​ការអនុវត្ត​វិធានការ​សុខាភិបាល​ត្រឹមត្រូវ​ និង​ហ្មត់ចត់ ដែលជា​ឱកាស​ដ៏ល្អ​សម្រាប់​វីរុស​នេះ​ធ្វើ​ចរាចរ​យ៉ាងសកម្ម​បង្ក​ឱ្យ​មាន​ការចម្លង​ឡើងវិញ​សាជាថ្មី​»​។

លោក​ថា​៖ «​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ជា​បន្ត​នាពេល​នេះ នៅតែ​មាន​សារៈសំខាន់​បំផុត​ដើម្បី​ឈានទៅ​សម្រេច​បាន​ការផ្លាស់ប្តូរ​ឥរិយាបថ​ប្រកប​ដោយ​និរន្តរភាព​របស់​ប្រជាជន​ក្នុង​ការរស់នៅ​តាមបែប​គន្លង​ប្រក្រតីភាព​ថ្មី​ជាមួយនឹង​វត្តមាន​វីរុស​កូវីដ​ ១៩»​។

លោក ម៉ម ប៊ុនហេង បានលើកឡើង​ទៀតថា ក្នុងន័យនេះ ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​កូវីដ​ ១៩ ប្រភេទ​បំប្លែង​ថ្មី​នេះ​ឱ្យបាន​ឆាប់​បំផុត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ​ដល់​គ្រប់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​គណៈ​អភិបាល​រាជធានី​-​ខេត្ត យន្តការ​ដែល​មានការ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​អំពី​ហានិភ័យ​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំរុញ​ការអនុវត្ត​វិធានការ «៣ ​ការពារ និង​ ៣ ​កុំ និង​ចាក់​វ៉ាក់សាំង​»​។

អនុគណៈកម្មការ អប់រំ បណ្ដុះបណ្ដាល និង​ទំនាក់ទំនង​សាធារណៈ (​អ.ប.ទ) នៃ​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​រៀបចំ​បន្តធ្វើ​យុទ្ធនាការ​ជាតិ​ក្រោម​ប្រធានបទ «​កូវីដ​ ១៩ ​បំប្លែង​ថ្មី​អូមីក្រុង​ឆ្លង​ខ្លាំង​ជាង​មុន​អាច​បណ្តាលឱ្យមាន​ហានិភ័យ​ដល់​អ្នក និង​គ្រួសារ​»​។

ដើម្បី​ជំរុញ​ការទទួល​ខុសត្រូវ​របស់​បុគ្គល គ្រួសារ សហគមន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​ទទួល​ខុសត្រូវ​ក្នុង​ស្មារតី​សាមគ្គីភាព ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​វីរុស​កូវីដ​ ១៩ បំប្លែង​ថ្មី​ឱ្យ​មាន​និរន្តរភាព​នៃ​ការរស់នៅ​ជាមួយ​នឹង​វីរុស​កូវីដ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ផងដែរ​។

ក្រសួង​សុខាភិបាល​នឹង​ចាប់ផ្តើម​ប្រកាស​ដាក់​យុទ្ធនាការ​នេះ​ជា​ផ្លូវការ​នា​ថ្ងៃទី​ ២២ មីនា នៅ​ខេត្តកំពង់ស្ពឺ​ដោយ​អនុវត្ត​នៅ​គ្រប់​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​តែម្តង​។ ក្រសួង​ក៏បាន​ណែនាំ​ដល់​បណ្តា​រាជធានី-​ខេត្ត​ទាំងអស់​ចាត់ចែង​រៀបចំ និង​ចូលរួម​ជំរុញ​យុទ្ធនាការ​នេះ​ដោយ​រៀបចំ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ ដូចជា​ការបិទ​តាំង​បដា រូបភាព​ផ្ទាំង​ធំ​តាម​ទីតាំង​សំខាន់ៗ ក្នុង​ខេត្ត ស្រុក ឃុំ ភូមិ ការផ្សព្វផ្សាយ​សារ​យុទ្ធនាការ​នេះ​៕