ភ្នំពេញៈ គណៈកម្មការទន្លេមេគង្គ (MRC) អំពាវនាវឱ្យចាត់វិធានការការពារទន្លេមេគង្គជាបន្ទាន់ ដើម្បីផលប្រយោជន៍ប្រជាជនរាប់លាននាក់ដែលពឹងអាស្រ័យផលពីទន្លេមេគង្គនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈទន្លេមេគង្គបានរងផលប៉ះពាល់ខ្លាំងពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុ។
MRC នាថ្ងៃទី ១៥ ខែមីនា បានចេញផ្សាយរបាយការណ៍កម្រាស់ ១៧៤ ទំព័រ ដែលបានបង្ហាញពីវិធានការ និងសូចនាករ ដែលជួយលើកកម្ពស់ការយល់ដឹងក្នុងតំបន់ទាំងមូលពីរបៀបដែលការអភិវឌ្ឍ ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកាន់តែធ្ងន់ធ្ងរ ជះឥទ្ធិពលលើអាងទន្លេមេគង្គក្រោម ទាំងវិជ្ជមាន និងអវិជ្ជមាន។
MRC បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ១៥ ខែមីនាថា៖ «សព្វថ្ងៃនេះដោយសារទន្លេមេគង្គ ដែលទ្រទ្រង់អាយុជីវិតប្រជាជនបានរងផលប៉ះពាល់ខ្លាំងពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុរបាយការណ៍ថ្មីមួយអំពាវនាវឱ្យមានការទូតទឹកជាបន្ទាន់ ដើម្បីគាំពារទន្លេធំជាងគេបំផុតរបស់អាស៊ីអាគ្នេយ៍ និងលើកកម្ពស់ការអភិវឌ្ឍដោយចីរភាពសម្រាប់ប្រជាជនរាប់លាននាក់នៅទូទាំងតំបន់នេះ»។
MRC បញ្ជាក់ថា សកម្មភាពទាំងនេះបានជំរុញប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) ឱ្យចាត់វិធានការបែបសម្របសម្រួល និងមិនធ្លាប់មានពីមុនមក រួមទាំងប្រតិបត្តិការជាមួយនឹងប្រទេសនៅផែ្នកខាងលើទន្លេទាំង ២ គឺប្រទេសចិន និងមីយ៉ាន់ម៉ា។
របាយការណ៍បានលើកជាអនុសាសន៍ថា ទិន្នន័យទាន់ពេលវេលា និងចំណេះដឹងហ្មត់ចត់បែបវិទ្យាសាស្ត្រ គួរតែជំរុញអ្នករៀបចំផែនការ និងអ្នកតាក់តែងគោលនយោបាយក្នុងការសម្រេចចិត្ត និងការអនុវត្តរបស់គេ។
សេចក្តីប្រកាសព័ត៌មាននេះបានដកស្រង់សម្តី លោក វង្សសូវុន ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គថៃថា៖ «នៅក្នុងអាងទន្លេមេគង្គក្រោមផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបង្ហាញនូវផលវិបាកយ៉ាងខ្លាំង សម្រាប់សុខុមាលភាពសង្គម និងសេដ្ឋកិច្ចរបស់យើងដែលវាតំណាងឱ្យបញ្ហាប្រឈមកំពុងកើតឡើងមួយសម្រាប់អ្នកតាក់តែងគោលនយោបាយ»។
លោកថ្លែងថា ការទូតទឹកកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងតំបន់របស់យើង ជាពិសេសទាក់ទិននឹងកំណើននៃចំនួនគម្រោងទំនប់វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធទឹកដទៃទៀត ព្រមទាំងសកម្មភាពអភិវឌ្ឍន៍នានា។ របាយការណ៍នេះ បានដកស្រង់ឧទាហរណ៍ជាក់ស្តែងពីមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតប្រចាំតំបន់របស់ខ្លួន ដែលកាលពីឆ្នាំ ២០១៧ វាត្រូវបានពង្រីកដោយដាក់បញ្ចូលនូវការព្យាករពីគ្រោះរាំងស្ងួត។ ចាប់តាំងពីពេលនោះមក សមត្ថភាពព្យាករណ៍នេះ បានជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជនជាច្រើនដែលរស់នៅតាមអាងទន្លេ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់ជាពិសេសនោះគឺថា ការព្យាករដែលបានកែលម្អនេះ គឺជាផលិតផលនៃទំនាក់ទំនងតំបន់កាន់តែស៊ីជម្រៅជាពិសេសជាមួយនឹងទីក្រុងប៉េកាំង។ នេះគឺជាលើកដំបូងបំផុត ដែលប្រទេសចិនយល់ព្រមចែករំលែកទិន្នន័យជលសាស្ត្ររដូវប្រាំងរបស់គេ។
កាលពីឆ្នាំ ២០២១ MRC និងអាស៊ាន បានរៀបចំសម្ពោធកិច្ចសន្ទនាស្តីពីសន្តិសុខទឹក ដើម្បីជំរុញឱ្យមានដំណោះស្រាយបែបនវានុវត្តន៍ចំពោះបញ្ហាប្រឈមដែលកើតមានសម្រាប់សន្តិសុខទឹក។
លោក សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មិនអាចទាក់ទងបានដើម្បីសុំការបញ្ជាក់បានទេកាលពីថ្ងៃទី ១៥ ខែមីនា។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា ទន្លេមេគង្គគឺជាប្រភពធនធានដ៏សំខាន់នៃជីវភាពរស់នៅ និងសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្លេមេគង្គគឺជាឧស្សាហកម្មជលផលទឹកសាបធំជាងគេបំផុតរបស់ពិភពលោក ដែលមានសារៈសំខាន់ចំពោះសន្តិសុខស្បៀងក្នុងតំបន់ ដែលប្រទេសក្នុងតំបន់ទទួលបានភោគផលពីទន្លេមេគង្គ។ ទន្លេមេគង្គនេះ គឺជាជម្រកជីវសាស្ត្រដ៏ធំសម្បូរបែបហើយលក្ខណពិសេសរបស់វាផ្តល់នូវជីវចម្រុះ ក៏ដូចជាប្រូតេអ៊ីន (Protein) សម្រាប់សត្វ និងសម្រាប់មនុស្សជាង ៦០ លាននាក់ដែលអាស្រ័យតាមដងទន្លេមេគង្គ៕