កាកបាទក្រហមកម្ពុជា បានប្រគល់​ផ្ទះ​ជាង​៣០០​ខ្នង​បន្ថែមទៀត ទៅដល់​អតីតយុទ្ធជន​កម្ពុជា​ក្រីក្រ ដែល​រស់នៅ​ក្នុងភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ត្រ​យឹ​ង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែល​នេះ​ជាការ​ប្រគល់​ផ្ទះ​ក្នុង​ជំហាន​ទី​៣​។​


​ពិធី​ប្រគល់​-​ទទួល​ផ្ទះ​ជំហាន​ទី​៣​នេះ ត្រូវបាន​ធ្វើឡើង​នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២​នេះ ដែល​ក្នុងនោះ​មានផ្ទះ​ចំនួន​៣២៨​ខ្នង ដែល​ជាការ​បង្គ្រប់​ចំនួន ៦២៨​ខ្នង ដោយ​ក្នុងនោះ​មាន​ព្រះរាជ​អំណោយ​របស់ ហ្លួង​ម៉ែ ចំនួន​១០​ខ្នង ដែល​បានប្រគល់​ជំហាន​ទី​២​ផងដែរ ជូន​អតីតយុទ្ធជន​កម្ពុជា​ក្រីក្រ​ចំនួន ៦២៨​គ្រួសារ ដែល​កំពុង​រស់នៅ​ភូមិ ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ត្រ​យឹ​ង​នេះ​។

​ពិធី​ប្រគល់ និង​ទទួល​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​កម្ពុជា និង​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង​ថ្នាក់ដឹកនាំ​-​មន្ត្រី​ពាក់ព័ន្ធ និង​សប្បុរសជន​ជាច្រើនរូប​ទៀតផង​ដែរ​។


​នាឱកាស​នោះ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​ជា​បេសកជន​ពិសេស​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​ការជួយ​អភិវឌ្ឍន៍​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ត្រ​យឹ​ង បាន​ថ្លែងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ហើយ​លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បានទទួល​រ៉ាប់រង​ក្នុងការ​សាងសង់​ផ្ទះ​ជូន​បងប្អូន​អតីតយុទ្ធជន​ទាំង ៦២៨​គ្រួសារ​នេះ​។​

​លោក​បាន​បន្ថែមថា ក្នុងនោះ​ក៏មាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់​ដូចជា ស្ថាបនា​ផ្លូវថ្នល់​, ត​បណ្តាញ​អគ្គិសនី​, អណ្តូងទឹក​, សាងសង់​សាលារៀន​, អគារ​ស្នាក់នៅ​គ្រូបង្រៀន​, សាងសង់​មណ្ឌល​សុខភាព​, អគារ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​។​ល​។


​ក្នុងនាម​កាកបាទក្រហម​កម្ពុជា លោកស្រី ពុំ ចន្ទី​នី បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​និង​អរគុណ​ចំពោះ​អតីតយុទ្ធជន​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ការពារ​បូរណភាព​ទឹកដី និង​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ជាពិសេស​ធ្វើឱ្យ​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​។​

​លោកស្រី​បានលើកឡើង​ថា ៖ «​ប្រមុខ​ថ្នាក់ដឹកនាំ និង​ឥស្សរ​ជនជាតិ​សំខាន់ៗ​បាន​ខិតខំ​ដោយ​លំបាក ក្នុងការ​ស្វែងរក​សុខ​សន្តិភាព និង​កសាង​ប្រទេស​ឱ្យមាន​ការរីកចម្រើន​ដូច​សព្វថ្ងៃនេះ​។ ដូច្នេះ​កាកបាទក្រហមកម្ពុជា ក្នុងនាម​ជា​ជំនួយ​ការឱ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្សធម៌ ក៏បាន​ចូលរួមចំណែក​គិតគូរ​អំពី​ការលំបាក និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​អតីតយុទ្ធជន​ផងដែរ​»​។

​លោកស្រី​បាន​បញ្ជាក់ថា ឥឡូវនេះ​នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ត្រ​យឹ​ង មាន​កម្លាំង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ចំនួន​២៥​នាក់ ដែលមាន​តួនាទី​ជា​កម្លាំង​ឈានមុខ សម្រាប់​ជួយ​លើ​ការងារ​មនុស្សធម៌​ដោះស្រាយ​ការលំបាក និង​ពង្រឹង​ភាព​ធន់​សហគមន៍​។​

​ជាមួយគ្នា​នោះដែរ លោកស្រី​ក៏បាន​សំណូមពរ​ដល់​បងប្អូន​អតីតយុទ្ធជន​ទាំងអស់ ពេល​ទទួលបាន​ដី​សម្បទាន និង​ផ្ទះ​នេះហើយ ត្រូវ​ប្រើប្រាស់​ឱ្យបាន​សមស្រប​ក្នុងការ​បង្កបង្កើនផល​សម្រាប់​លើកស្ទួយ​ជីវភាព​គ្រួសារ និង​ចេះ​ថែរក្សា​ផ្ទះសម្បែង​ជា​កេរ​មរតក​ដ៏​ថ្លៃថ្លា​នេះ​ឱ្យបាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​រស់នៅ និង​អាស្រ័យ​ផល​បន្តទៀត​។

​ចំណែក លោក គន់ គីម ក៏បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រក្សា​ដី​នៅ​ចំណុច​ដំណាក់​ត្រ​យឹ​ង​ឱ្យបាន​គង់វង្ស​ទុកជា​ដី​សហគមន៍​អតីតយុទ្ធជន សម្រាប់​ចែកជូន​នៅពេល​ពួកគាត់​មាន​កូនចៅ ហើយ​ខ្វះខាត​ដី និង​ផ្ទះ​រស់នៅ ហើយ​ផ្ដល់​ឱ្យតែ​អតីតយុទ្ធជន​ដែលមាន​ការខ្វះខាត​ពិត​ប្រាកដ​៕