ភ្នំពេញៈ កម្ពុជាស្នើឱ្យអារ៉ាប៊ី សាអ៊ូឌីតផ្តល់អាហារូបករណ៍លើជំនាញវិស្វកម្មប្រេង និងឧស្ម័ន ដល់កម្ពុជា ខណៈប្រទេសទាំង២ប្តេជ្ញាចិត្តពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ពីព្រោះប្រទេសទាំង២នៅមិនទាន់បានប្រើប្រាស់សក្តានុពលទាំងអស់នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅឡើយ។
ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (His Highness Prince Faisal bin Farhan Al Saud ) រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបានយាងមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី១៨ ខែមីនា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។
ភាគីទាំង២បានពិភាក្សាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ និងបានឯកភាពថា ព្រះរាជទស្សនកិច្ចនេះគឺជាចំណុចចាប់ផ្តើមសម្រាប់ការលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាបញ្ជាក់នាថ្ងៃទី១៨ ខែមីនាថា៖ «រដ្ឋមន្ត្រីការបរទេសទាំង២បានឯកភាពថាប្រទេសទាំង២នៅមិនទាន់បានប្រើប្រាស់សក្តានុពល
ទាំងអស់នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅឡើយ និងបានប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី»។
សេចក្តីប្រកាសព័ត៌មានលើកឡើងថា៖ «ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី [លោក ប្រាក់ សុខុន] ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះបទពិសោធន៍ និងជំនាញរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងផលិតកម្មប្រេង និងឧស្ម័ន និងបានស្នើឱ្យផ្តល់អាហារូបករណ៍ក្នុងការបណ្តុះបណ្តាលផ្នែកវិស្វកម្មប្រេង និងឧស្ម័ន»។
លោកបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរជំនាញការទូតរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំង២។
លោក ប្រាក់ សុខុន បានជំរុញភាគីអារ៉ាប៊ីសាអ៊ូឌីតឱ្យធ្វើការពិចារណាចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា និងពន្លឿនការពិចារណាចំពោះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងអប់រំ រវាងប្រទេសទាំង២។
ភាគីទាំង២ក៏បានពិភាក្សា និងបានឯកភាពគ្នាផងដែរ អំពីការបង្កើតយន្តការសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើកិច្ចពិគ្រោះយោបល់ជាប្រចាំរវាងក្រសួងការបរទេសនៃប្រទេសទាំង២។
រដ្ឋមន្ត្រីការបរទេសទាំង២ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗមួយចំនួន ដែលជាផលប្រយោជន៍ និងការបារម្ភរួម និងពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនាពេលបច្ចុប្បន្ន និងបានសន្យាថា នឹងពង្រឹងការគាំទ្រគ្នាបែបនេះបន្ថែមទៀត។
ភាគីទាំង២ មានគោលជំហរដូចគ្នាក្នុងការគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង៕