ភ្នំពេញៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៅខេត្តសៀមរាបបានសបញ្ជាក់ឱ្យឃើញនូវស្មារតីរួបរួមគ្នា និងការប្តេជ្ញាចិត្តខ្ពស់ របស់ថ្នាក់ដឹកនាំ ស.ស.យ.ក ដើម្បីបុព្វហេតុយុវជនក្នុងកិច្ចការមាតុភូមិ ជាពិសេសការកំណត់ទិសដៅការងារដែលត្រូវធ្វើក្នុងជំហានបន្ទាប់។
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំគណៈកម្មការធិការកណ្តាលរបស់ខ្លួន រយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងមានវត្តមានចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកាគណៈកម្មការធិការកណ្តាល និងភ្ញៀវកិត្តិយស នៅសាលសន្និសីទសណ្ឋាគារសុខា ខេត្តសៀមរាប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របពេលដែលកម្ពុជា សម្រេចបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យបន្ទាប់ពីរាជរដ្ឋាភិបាលគ្រប់គ្រងបានដោយជោគជ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងតាមអភិក្រមផ្ការីកជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ ឈានដល់ការសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍។
លោក ហ៊ុន ម៉ានី បានចាត់ទុកថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៅពេលនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់នូវការចូលរួមគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលនានា ដែល ស.ស.យ.ក សម្រេចបានក្នុងរយៈពេល ០៨ ខែកន្លងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសបញ្ជាក់ឱ្យឃើញនូវស្មារតីរួបរួមគ្នា និងការប្តេជ្ញាចិត្តខ្ពស់ របស់ថ្នាក់ដឹកនាំ ស.ស.យ.ក ដើម្បីបុព្វហេតុយុវជនក្នុងកិច្ចការមាតុភូមិទៀតផង ជាពិសេសការកំណត់ទិសដៅការងារដែលត្រូវធ្វើក្នុងជំហានបន្ទាប់ផងដែរ។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី បានកត់សម្គាល់ឃើញថា អ្វីដែលយុវជនបានធ្វើ (តាមរយៈសកម្មភាពការងារកន្លងមក និងសមិទ្ធផលនានា ដែលសហភាពសហព័ន្ធយុវជនកម្ពុជាសម្រេចបាន) និងអ្វីដែលយុវជនត្រូវបន្តធ្វើ គឺបានរំលេចឱ្យឃើញនូវការបន្តមរតកស្មារតីយុទ្ធជន ២ ធ្នូ ដែលបង្កប់នូវស្នាមញញឹម និងក្តីសង្ឃឹមខ្ពស់ ដោយតម្រូវឱ្យយុវជនទាំងអស់រួមគ្នាជ្រោងទង់យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ។
លោកបញ្ជាក់ថា ៖«ក្រោមម្លប់សន្តិភាព គ្រួសារ ស.ស.យ.ក ទូទាំងប្រទេស ត្រូវដកពិសោធន៍ពីដំណើរនៃសច្ចធម៌ប្រវត្តិសាស្ត្រ របស់កម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលស្ថិតក្នុងថ្លុកឈាម គំនរឆ្អឹង និងការបំផ្លិចបំផ្លាញ ទៅជាប្រទេសដែលអាចទាញប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថល ដោយជឿថាខ្មែរធ្វើបាន ក្នុងការកសាងសង្គមមួយ ប្រកបដោយប្រជាជនទំនើប»។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់ជាអនុសាសន៍ជូនសមាជិក សមាជិកាថា៖ មហាគ្រួសារ ស.ស.យ.ក ត្រូវចាប់យកកាលានុវត្តភាពនេះក្នុងការប្រែក្លាយខ្លួនទៅជាកម្លាំងចលករដ៏ស្មោះស្ម័គ្រ សាមគ្គីភាពរឹងមាំ និងសមត្ថភាពបរិបូណ៍ដម្បីបន្តបំផុសស្មារតី និងឆន្ទៈរបស់យុវជន និងប្រជាជនឱ្យចូលរួមបម្រើ និងការពារអធិបតេយ្យ បូរណភាពទឹកដី ការពារឱ្យបានដាច់ខាតនូវសន្តិភាព និងសុខដុមរមនារបស់កម្ពុជា។ ព្រមទាំងចូលរួមឱ្យអស់ពីសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បន្តរួមចំណែកជាវិជ្ជមានតាមរយៈសកម្មភាពស្ម័គ្រចិត្ត។
ចូលរួមថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាង សមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត និងពូនជ្រកសាងមូលដ្ឋានគ្រឹះសម្រាប់យុវជនជំនាន់ក្រោយ សំដៅរួមគ្នាបង្កើនមោទនភាពជាតិ និងបន្តកសាងសង្គមជាតិទំនើបមួយដ៏រស់រវើក ដើម្បីប្រែក្លាយជាអរិយប្រទេសប្រកបដោយនីតិរដ្ឋ ក្នុងសុខសន្តិភាព ស្ថិរភាព ចីរភាព សេដ្ឋកិច្ចរឹងមាំ សង្គមយុត្តិធម៌ និងមានប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង វប្បធម៌ របៀបរបបរស់នៅ និងការគិតគូរជឿនលឿន ទីក្រុងមានសោភណ្ឌភាព ប្រកបដោយផាសុកភាព ភាពបៃតង សុខដុមរមនា វឌ្ឍនភាព និងវិបុលភាព៕