ភ្នំពេញៈ កម្មករ កម្មការិនី និង​ម្ចាស់​ក្រុមហ៊ុន​គឺ​ប្រៀប​បាន​អណ្ដាត​និង​ធ្មេញ ត្រូវ​ចេះ​រួបរួម​គ្នា​ធ្វើ​ការងារ​ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​រីកចម្រើន​បាន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។


លោក ឃួង ស្រេង លើក​ឡើង​បែប​នេះ ក្នុង​ពេល​ចុះ​សំណះ​សំណាល​ជាមួយ​បុគ្គលិក​កម្មករ កម្មការិនី ដែល​កំពុង​ពេញ​ការងារ​ក្នុង​ការដ្ឋាន និង​ត្រួត​ពិនិត្យ​គុណភាព​សំណង់ បុរី​មេគុង្គលែន តាម​បណ្តោយ​ផ្លូវ​ជាតិលេខ ៦A ស្ថិត​នៅ​ភូមិ ចំបក់មាស សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី១៨ មីនា។

លោក​អភិបាល​រាជធានី​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ការ​អភិវឌ្ឍ​ក្រុមហ៊ុន​សំណង់​មិន​ថា នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​តាម​បណ្តា​ខេត្ត​នោះទេ គឺ​សុទ្ធ​តែ​បង្កើត​បាន​នូវ​ការងារ ជូន​បុគ្គលិក​កម្មករ កម្មការិនី។ ប៉ុន្តែ បើ​សិន​ប្រទេស​ជាតិ​គ្មាន​សន្តិភាព​គឺ​មិនមាន​អ្នក​ចូលមក​ធ្វើ​ការ​វិនិយោគ​នោះ​ទេ ជាក់​ស្តែង​ដូចជា នៅ​ប្រទេស​ អ៊ុយក្រែន មាន​បញ្ហា​ជាមួយ​រុស្ស៊ី គឺ​ពិត​ជា​មិនមាន​ក្រុមហ៊ុន​ណា​ហ៊ាន​ទៅ​បណ្តាក់​ទុន​វិនិយោគនៅ​ក្នុង​ប្រទេស​ដែល​មាន​សង្គ្រាម​នោះ​ទេ។


លោក ឃួង ស្រេង បន្ត​ថា ក្រុមហ៊ុន​មាន​ឱកាស​រក​ស៊ី បង្កើត​ឱ្យ​កម្មករ កម្មការិនី មាន​ការងារ​ធ្វើ​គឺ​ដោយសារ​តែ​ប្រទេស​ជាតិ​យើង​មាន​សន្តិភាព ដូច្នេះ​លោក​ស្នើ​ឱ្យ​បងប្អូន​កម្មករ កម្មការិនី​ទាំងអស់​រួមគ្នា​រក្សា​ឱ្យ​បាន​គង់វង្ស​នូវ​សន្តិភាព​សម្រាប់​កម្ពុជា។

លោកថ្លែងថា៖ «កម្មករ កម្មការិនី និង​ម្ចាស់​ក្រុមហ៊ុន គឺ​ប្រៀប​បាន​អណ្ដាត​និង​ធ្មេញ​ដែល​យើង​ត្រូវ​រួមគ្នា​ដើម្បី​ឱ្យ​ក្រុមហ៊ុន​រីកចម្រើន បើ​ក្រុមហ៊ុន​រីក​ចម្រើន​យើង​ក៏​រីក​ចម្រើន​ដែរ»។


លោក​បាន​បន្ថែម​ថា ដោយសារ ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​នេះ​ហើយ​ទើប​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ខ្លាំង ទន្ទឹម​នេះការ​អភិវឌ្ឍ​លំនៅឋាន ក៏​កាន់​តែ​ប្រសើរ​ឡើង។

លោកថា៖ «សន្តិភាព​នេះ ហើយ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ឯកជន មាន​ការ​បណ្ដាក់​ទុន​រក​ស៊ី​យ៉ាងច្រើន នៅ​កម្ពុជា មិន​ថា នៅ​រាជធានី​ភ្នំពេញនិង​នៅ​តាម​បណ្តា​ខេត្ត បង្កើត​បាន​នូវ​ការងារ​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា»។

លោក ជាម ឃុនណាត អគ្គនាយក នៃ​បុរី​មេគង្គ​លែន បាន​មាន​ប្រសាសន៍​ថា បុរី​មេគង្គលែន​បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិយ៉ាង​ខ្លាំងក្លា តាម​រយៈការ​ផ្តល់​ជូន​នូវ​ការងារ​រាប់ពាន់​កន្លែង និង​បង្កើន​បន្ថែម​ជា​រៀងរាល់​ឆ្នាំ តួយ៉ាង​ឆ្នាំ ២០១៩ យើង​មាន​បុគ្គលិក និង កម្មករ​សរុប​ជាង ១ ០០០នាក់ ឆ្នាំ២០២០ បង្កើន​ទៅ​ជា ២ ០០០នាក់ រហូតមក​ដល់​បច្ចុប្បន្ន។

លោកបញ្ជាក់ថា ៖«ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩ យើង​មិន​បោះបង់​ចោល ក្រុម​ការងារ​យើង ដោយ​ចូលរួម​ជាមួយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល បើក​ប្រាក់​បៀវត្សរ៍​ជូន​ពេញលេញ ហើយ​ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្ពស់​ទៅ​លើ​សុខភាព​អនាម័យ ការ​ផ្តល់​ជា​ការ​ឧបត្តម្ភ​ស្បៀង ថវិកា ការ​ធ្វើ​តេស្ត​រហ័ស​ជា​ប្រចាំ និង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ចាក់​វ៉ាក់សាំង​ទាំងអស់គ្នា»។

លោក​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន ក៏​បាន​ចូលរួម​លើក​កម្ពស់​គុណភាព​សំណង់ និង​បរិស្ថាន តាម​រយៈការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អប្រណីត សំណង់​ដែល​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​រឹងមាំ តាម​ស្តង់ដា​បច្ចេកទេស​ខ្ពស់ និង​ការ​រៀប​ចំ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម ប្រព័ន្ធ​ការពារ​កណ្តៀរ ប្រព័ន្ធ​ការពារ​ឆក់​ជាដើម៕