ភ្នំពេញៈ កម្ពុជា ជា​ប្រទេសមួយ​ដែល​ធ្លាប់​ញាំញី​ដោយ​សង្គ្រាមស៊ីវិល ឥឡូវនេះ​បាន​ក្លាយជា​ប្រទេសមួយ​ក្នុង​ចំណោម ប្រទេស​ដែលមាន​កំណើន​សេដ្ឋកិច្ច លឿន​បំផុត​នៅលើ​ពិភពលោក ជាមួយ​នឹង​អត្រាកំណើន​សេដ្ឋកិច្ច ៧.៥% និង​ជា​អ្នកចូលរួម​ចំណែក កងទ័ព​យ៉ាងសកម្ម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​។ នេះ​ជា​ការលើក​ឡើង​របស់​មន្ត្រី​អាជ្ញាធរ​មីន​។


លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី ​១ អាជ្ញាធរ​មីន ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាជ្ញាធរ​មីន តំណាង​ដោយ​លោក​ ព្រំ សុភមង្គល អគ្គលេខាធិការ និង​អង្គការ​មនុស្សធម៌ Platinum East ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក តំណាង​ដោយ​លោក Shathel Fahs កាលពី​ថ្ងៃទី​ ២៨ ខែមីនា នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន លោក​ លី ធុជ លើកឡើងថា បញ្ហា​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​នៅ​កម្ពុជា​បាន​បង្ក​នូវ​បញ្ហា​យ៉ាងធ្ងន់ធ្ងរ និង​រារាំង​ដល់​ការអភិវឌ្ឍ​ជាតិ​។ អ្នក​ទាំងអស់​គ្នា​បានឃើញ​យ៉ាងច្បាស់​នូវ​ជីវិត​មនុស្ស​ស្លូតត្រង់​រាប់ពាន់នាក់​បាន​បាត់បង់​នៅលើ​ដី ដែល​ពួកគាត់​ចាត់ទុកថា មាន​សុវត្ថិភាព​ក្នុង​ការចាប់ផ្តើម​ជីវិត​ថ្មី និង​អនាគត​ថ្មី បន្ទាប់ពី​សង្គ្រាម និង​ការផ្លាស់​លំនៅ​អស់​ជាច្រើន​ទសវត្សរ៍​កន្លងមក​។

លោក​ថ្លែងថា​៖ «​ជីវិត​ពួកគាត់​នឹងមិន​បាត់បង់​ទេ ប្រសិនបើ​ប្រទេស​កម្ពុជា​មាន​ជំនាញ​បច្ចេកទេស បរិក្ខារ និង​ឧបករណ៍​ចម្រុះ និង​បច្ចេកវិទ្យា​ជឿនលឿន​ជាង​មុន ដើម្បី​ធ្វើ​សកម្មភាព​ដោះមីន​ឱ្យបាន​លឿន​នៅ​ទូទាំងប្រទេស​»​។


លោក​បញ្ជាក់ថា​៖ «​ពី​ប្រទេសមួយ ដែល​ធ្លាប់​ញាំញី ដោយ​សង្គ្រាមស៊ីវិល កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​នៅលើ​ពិភពលោក ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច ៧.៥% និង​ជា​អ្នកចូលរួម​ចំណែក​កងទ័ព​យ៉ាងសកម្ម​នៅក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​»​។

បើតាម​អាជ្ញាធរ​មីន ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ក្នុង​គោលបំណង​ពង្រឹង​ភាពជា​ដៃគូ​ និង​កិច្ចសហប្រតិបត្តិការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​បច្ចេកវិទ្យា នវានុវត្តន៍ ការបណ្តុះបណ្តាល​ និង​បច្ចេកទេស​គាំទ្រ​ដល់​ការបោសសម្អាត​មីន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​តំបន់​ និង​ជាសកល​នៃ​សហគមន៍​សកម្មភាព​មីន​មនុស្សធម៌​។


លោក​ លី ធុជ លើកឡើងថា ទោះបីជា​ទទួលបាន​ភាព​ជោគជ័យ និង​កេរ្តិ៍ឈ្មោះ​ល្អ​ក៏ដោយ កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​អន្តរជាតិ ដើម្បី​ធ្វើ​ទំនើបកម្ម​បន្ថែមទៀត​នូវ​ជំនាញ​បច្ចេកទេស ការបង្កើត​ថ្មី​នៃ​ការដោះមីន ការរាវរក ឧបករណ៍​បច្ចេកវិទ្យា និង​ធ្វើ​ស្តង់ដា​ប្រតិបត្តិករ​របស់ខ្លួន​ទាក់ទង​នឹង​ចំណេះដឹង និង​វិជ្ជាជីវៈ​។ ក្នុងនោះ​អាជ្ញាធរ​មីន ដើរតួនាទី​យ៉ាងសំខាន់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ម្ចាស់ជំនួយ​។

លោក​ លី ធុជ បាន​បន្ថែមថា អាជ្ញាធរ​មីន​មាន​មោទនភាព​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​របស់ខ្លួន​ជាមួយ​គ្រប់​តួអង្គ​ចម្រុះ និង​តួអង្គ​សំខាន់ៗ​ក្នុង​វិស័យនេះ ដើម្បី​ធ្វើ​ពិពិធកម្ម​បណ្តាញ​គាំទ្រ​។

លោក​សម្តែង​ការ​ជឿជាក់ថា អង្គការ Platinum East ដែលជា​ស្ថាប័ន​ជំនាញ​ផ្នែក​ដោះមីន​តាម​បច្ចេកវិទ្យា​ច្នៃប្រឌិត នឹង​ធ្វើឱ្យ​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​ទីវាល​កាន់តែ​មាន​សុវត្ថិភាព និង​អាច​រំដោះ​ផ្ទៃដី​បាន​លឿន​សម្រាប់​ប្រជាជន​កម្ពុជា​។

បើតាម​លោក​ លី ធុជ លោក​សង្ឃឹម​ថា នឹង​ឃើញ​ការអភិវឌ្ឍ​ជំនាញ​ថ្មីៗ​កាន់តែ​ច្រើនឡើង និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​សកម្មភាព​មីន ដែល​អាចឱ្យ​ប្រតិបត្តិករ​ដោះមីន​បំពេញភារកិច្ច​អស់ពី​សមត្ថភាព ហើយ​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​កម្ពុជា ជា​ប្រទេស​នាំមុខគេ​នៅលើ​ពិភពលោក ដែលមាន​ជំនាញ​ច្រើន ក៏ដូចជា​សម្របខ្លួន​ទៅនឹង​បច្ចេកវិទ្យា​ជឿនលឿន​នៅពេល​និយាយ​អំពី​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៕