ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញច្រានចោលទាំងស្រុងចំពោះមតិលើកឡើងមួយចំនួននៅតាមបណ្តាញសង្គម ដែលបានចោទប្រកាន់មកលើអាជ្ញាធរថា បានប្រើហិង្សា និងបៀតបៀនផ្លូវភេទ លើស្ត្រីជាក្រុមបាតុករ ណាហ្គាវើលដ៍ ដោយចាត់ទុកការចោទនោះគ្មានមូលដ្ឋានច្បាស់លាស់។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ២៩ មីនា បញ្ជាក់ថា ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់មជ្ឈដ្ឋានមួយក្តាប់តូចតាមបណ្ដាញសង្គម ដោយចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថា បានប្រើអំពើហិង្សា បៀតបៀនផ្លូវភេទលើស្ត្រីជាក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។
សេចក្តីប្រកាសបញ្ជាក់ថា៖ «អ្នកនាំពាក្យរដ្ឋបាលរាជធានី-ភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានត្រឹមត្រូវ និងច្បាស់លាស់ មានចេតនាមួលបង្កាច់ ចោទប្រកាន់ និងទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម»។
សេចក្តីប្រកាសបន្តថា ដើម្បីចៀសវាងសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ជាថ្មីថា ចាប់តាំងពីក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈអស់រយៈពេលប្រមាណជាង ៣ ខែក្តី អាជ្ញាធរ មានសមត្ថកិច្ចបានខិតខំចូលរួមសម្របសម្រួលដោះស្រាយវិវាទការងារ។ ជាងនេះទៀតអាជ្ញាធរខិតខំការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមប្រកបដោយភាពអត់ធ្មត់ខ្ពស់ ទោះបីជារងនូវការមួលបង្កាច់ចោទប្រកាន់ប្រមាថមើលងាយដោយប្រើពាក្យពេចន៍អសុរោះ និងអាកប្បកិរិយាមិនសមរម្យ អសីលធម៌ រហូតឈានដល់ទទួលរងនូវការប្រើអំពើហិង្សា បង្ករបួសស្នាមពីសំណាក់ក្រុមបាតុករទាំងនោះក្តី។
រដ្ឋបាលរាជធានីបន្តថា ការខិតខំ បំពេញភារកិច្ចទាំងអស់នេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនក្រុមបាតុករទាំងអស់ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅរាជធានី-ភ្នំពេញ ដែលគួរតែទទួលបាននូវការផ្តល់តម្លៃ។ ប៉ុន្តែផ្ទុយទៅវិញបែរជាទទួលបាននូវការចោទប្រកាន់ថា បានប្រើហិង្សា បៀតបៀនផ្លូវភេទលើស្ត្រីជាក្រុមបាតុករ។
រដ្ឋបាលរាជធានីបន្តថា៖ «វាអាច ទៅរួចដែរឬទេ ដែលថា អាជ្ញាធរមានសមត្ថកិច្ចបានប្រព្រឹត្តអំពើហិង្សា និងអំពើអសីលធម៌ដូចការចោទប្រកាន់នៅចំពោះមុខមនុស្សម្នា អាជីវករ អ្នកធ្វើដំណើរនៅទីប្រជុំជនជាច្រើននាក់ តាមទីសាធារណៈ។ ពិសេសស្ថិតក្រោមការត្រៀមរង់ចាំផ្តិតយករូបភាពពីសំណាក់ក្រុមបាតុករ ដែលប្រើកាមេរ៉ាទូរស័ព្ទគ្រប់ដៃ តាមផែនការគ្រោងទុករបស់អ្នកនៅពីក្រោយដែលរៀបចំជាឈុតឆាកសម្រាប់ឱ្យសម្ដែង»។
រដ្ឋបាលរាជធានីលើកឡើងថា ចំពោះការចោទប្រកាន់ខាងលើនេះ ប្រសិនបើមានការពិតនោះ គួរណាស់តែជនរងគ្រោះពិតប្រាកដ បង្ហាញភ័ស្តុតាងឱ្យបានច្បាស់លាស់ និងដាក់ពាក្យបណ្តឹងជាផ្លូវការទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីមានមូលដ្ឋានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះបុគ្គលដែលបានប្រព្រឹត្តបទល្មើសមកផ្តន្ទាទោស។ ផ្ទុយទៅវិញ ប្រសិនបើមានការដាក់ពាក្យបណ្ដឹងជាផ្លូវការ ហើយសមត្ថកិច្ចរកពុំឃើញភ័ស្តុតាងដូចការចោទប្រកាន់នោះទេ អ្នកទាំងនោះក៏នឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នាដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានី-ភ្នំពេញ ក៏បានច្រានចោលនូវការចោទប្រកាន់មកលើសមត្ថកិច្ច ថា បានរារាំងមិនឱ្យអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានមួយចំនួនតូចបំពេញការងាររបស់ខ្លួននោះ ដោយចាត់ទុកថា ជាការលើកឡើងដោយគ្មានហេតុផល។
រដ្ឋបាលរាជធានីបញ្ជាក់ថា៖ «ព្រោះថា សមត្ថកិច្ចមិនដែលរារាំង និងហាមឃាត់ឡើយ ប៉ុន្តែពួកគាត់បានធ្វើដំណើរបំពេញការងារហួសព្រំដែនច្បាប់ដែលបានកំណត់ ដោយពួកគាត់ធ្វើដំណើរចូលទៅក្នុងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច»។
រដ្ឋបាលរាជធានីបន្ថែមថា៖ «ហើយអាជ្ញាធរគ្រាន់តែស្នើឱ្យពួកគាត់នៅក្រៅរង្វង់ប្រតិបត្តិការចៀសវាងមានឧបទ្ទវហេតុដែលបង្កឡើងដោយជនអគតិ ឬភាន់ច្រឡំថា ពួកគាត់ជាក្រុមបាតុករ ដែលអាចនឹងត្រូវបានអញ្ជើញទៅធ្វើការសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការ (លីកាដូ) លោក អំ សំអាត ថ្លែងថា ចំពោះករណីនេះអង្គការសង្គមស៊ីវិល ក៏បានចេញសេចក្តីថ្លែងការណ៍មួយស្នើឱ្យមានការបញ្ឈប់ការប្រើទម្រង់ហិង្សាទៅលើក្រុមកូដករណាហ្គាវើលដ៍ និងបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធរកវិធីដោះស្រាយដើម្បីបញ្ចប់វិវាទការងារនេះ។
លោកថ្លែងថា៖ «អ្វីដែលសំខាន់ គឺអាជ្ញាធរ និងក្រសួងដែលពាក់ព័ន្ធ គួរតែជំរុញឱ្យភាគីណាហ្គាវើលដ៍ និងតំណាងសហជីពណាហ្គា ធ្វើការចរចា និងដោះស្រាយ ដើម្បីស្វែងរកចំណុចរួម ដើម្បីបញ្ចប់វិវាទការងារនេះ ជាជម្រើសល្អបំផុត។ បើមិនអ៊ីចឹងទេ ការប្រើប្រាស់កម្លាំងក្នុងការទប់ស្កាត់កូដករនោះ វាអាចនឹងមានបាតុភាពកើតឡើងជាបន្តបន្ទាប់ដែលនាំឱ្យមានការរិះគន់កាន់តែធ្ងន់ធ្ងរ»។
រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២២ ក៏ធ្លាប់បានច្រានចោលម្តងរួចមកហើយនូវព័ត៌មានដែលផ្សាយថា អាជ្ញាធរបានប្រើហិង្សាលើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍៕
វីដេអូ៖