ព្រះវិហារៈ គម្រោងព្រៃឡង់បៃតងកំពុងការពារត្រពាំងដែលមានហានិភ័យខ្ពស់ជាង ១០០ ត្រពាំង នៅក្នុងដែនជម្រកសត្វព្រៃ ព្រះរកា គូលែនព្រហ្មទេព ឆែប និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ចាប់ពីដើមខែកុម្ភៈ ដល់ចុងខែឧសភា ខណៈក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធកំពុងបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិ ដើម្បីផ្តល់សុវត្ថិភាពបន្ថែមដល់សត្វព្រៃ។
គម្រោង USAID ព្រៃឡង់-បៃតង បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ២៩ ខែមីនាថា ត្រពាំងគឺជាប្រភពទឹកសំខាន់មួយនៅក្នុងព្រៃ ជាពិសេសនៅរដូវប្រាំងព្រោះសត្វព្រៃជាច្រើនប្រភេទនឹងមកអាស្រ័យប្រើប្រាស់ក្នុងអំឡុងពេលហួតហែងប្រចាំឆ្នាំ។ ដោយសារមានសត្វព្រៃជាច្រើនតម្រង់ទៅរកត្រពាំង ដើម្បីផឹកទឹក អ្នកប្រមាញ់បានកំណត់តំបន់ទាំងនោះជាកន្លែងដាក់ថ្នាំបំពុល ដាក់អន្ទាក់ និងដាក់មងទាក់ចាប់យកសត្វព្រៃ។
ដើម្បីការពារសត្វព្រៃទាំងនោះគម្រោង USAID ព្រៃឡង់-បៃតងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារត្រពាំងដែលមានហានិភ័យខ្ពស់ជាង ១០០ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រះរកា គូលែនព្រហ្មទេព ឆែប និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ចាប់ពីដើមខែកុម្ភៈ ដល់ចុងខែឧសភា ឆ្នាំ ២០២២ នេះ។
បើតាមគម្រោងមួយនេះ សមាជិកសហគមន៍ចំនួន ១៤ នាក់ត្រូវបានចុះកិច្ចសន្យា ដើម្បីការពារត្រពាំងដែលជាប្រភពទឹកដ៏សំខាន់សម្រាប់សត្វព្រៃក្នុងរដូវប្រាំង។ ចំណែកបុគ្គលិករបស់គម្រោង USAID ព្រៃឡង់បៃតងក៏តាមដានត្រពាំងទាំងនោះក្នុង ១ ខែ ១ សប្តាហ៍ផងដែរ។
គម្រោងនេះបញ្ជាក់ថា «ដូច្នេះការការពារត្រពាំងដែលប្រឈមខ្ពស់គឺជាធាតុដ៏សំខាន់ក្នុងការទប់ស្កាត់ការបរបាញ់សត្វព្រៃខុសច្បាប់នៅក្នុងរដូវប្រាំង»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងនៅថ្ងៃទី ៣០ ខែមីនាថា ចំពោះការការពារសត្វព្រៃពីព្រាន គឺមន្ត្រីឧទ្យានុរក្សក៏ដូចជា សហគមន៍តំបន់ការពារធម្មជាតិតែងតែចុះល្បាតយកចិត្តទុកដាក់លើកិច្ចការពារជាប្រចាំក្នុងតំបន់ការពារធម្មជាតិ ជាពិសេសតំបន់ប្រភពទឹក។
លោកបន្តថា មិនតែប៉ុណ្ណោះកន្លងមក តំបន់មួយចំនួនក៏មានការស្តារត្រពាំងឡើងវិញផងដែរ ដូចជា នៅភូមិភាគឦសាន និងនៅតំបន់ឱរ៉ាល់ដែលមានតំបន់ខ្វះទឹក។ យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំនេះ មិនមានបញ្ហាចោទដោយសារទឹកនោះទេ ពីព្រោះមានការធ្លាក់ភ្លៀងកក់ខែជាច្រើន ដែលនាំឱ្យមានទឹកដក់សម្រាប់ជាប្រភពទឹកមួយចំនួនបន្ថែមសម្រាប់សត្វព្រៃ។
លោកថ្លែងថា៖ «មុខសញ្ញាយើងភ្លាមហ្នឹង គឺនៅកន្លែងជុំវិញមាត់បឹង មាត់ត្រពាំងហ្នឹងហើយ ប្រភពទឹកហ្នឹងហើយដែលជាចំណុចសំខាន់ ហើយអន្ទាក់ក៏ច្រើនតែដាក់នៅជុំវិញតំបន់ប្រភពទឹកហ្នឹងដែរ បាទ»។
អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងទៀតថា កាលពីថ្ងៃទី ៣ ខែមីនា ក្រសួងបរិស្ថាន និងអង្គការដៃគូព្រមទាំងអ្នកពាក់ព័ន្ធបានបើកយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីផ្តល់សុវត្ថិភាពបន្ថែមទៀតទៅដល់សត្វព្រៃ។
លោកថ្លែងថា គោលបំណងសំខាន់នៃតំបន់ការពារធម្មជាតិគឺមិនត្រឹមតែជា ជម្រក ប្រភពចំណី ប្រភពទឹកសម្រាប់សត្វព្រៃនោះទេ ប៉ុន្តែវាជាកន្លែងដែលមានសុវត្ថិភាពសម្រាប់សត្វព្រៃផងដែរ។
អន្ទាក់គឺជាឃាតករលាក់មុខដែលបានសម្លាប់សត្វព្រៃដែលមានសត្វខ្លះជាសត្វកម្រជិតផុតពូជនៅលើពិភពលោកកំពុងមាននៅកម្ពុជា ហេតុនេះត្រូវតែមានការការពារអភិរក្សឱ្យបានល្អ។
លោកបានបញ្ជាក់ថា៖ «រយៈពេល ៦ ខែនៃយុទ្ធនាការអន្ទាក់សូន្យគឺចាប់ផ្តើមនៅថ្ងៃទី ៣ [ខែមីនា] នៅភ្នំពេញហើយ យើងនឹងបន្តទៅធ្វើនៅខេត្តស្ទឹងត្រែងនៅថ្ងៃទី ៧ ខែមេសាខាងមុខ បន្ទាប់មកនឹងបន្តទៅធ្វើនៅរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ និងនៅកំពង់ធំបន្ថែមទៀត ដើម្បីចូលរួមក្នុងការទប់ស្កាត់ និងបំបាត់នូវអន្ទាក់ ដែលជាផ្នែកមួយបំផ្លាញសត្វព្រៃរបស់យើង»៕