ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញឈ្មោះទីភ្នាក់ងារឯកជនស្របច្បាប់ចំនួន ៣៧ ដែលមានសិទ្ធិធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រង ពលករខ្មែរទៅធ្វើការនៅរដ្ឋកាតា ប្រទេសកាតា ដើម្បីងាយស្រួលដល់ពលករក្នុងការជ្រើសរើសក្រុមហ៊ុនបានត្រឹមត្រូវចៀសវាងការចាញ់បោកមេខ្យល់។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចុះថ្ងៃទី ៥ ខែមេសា ឱ្យដឹងថា ទីភ្នាក់ងារជ្រើសរើសពលករទាំង ៣៧ នោះ រួមមាន ក្រុមហ៊ុន ១ ហ្វីលីម៉រ ខេមបូឌា,២ យូមេន រីសសស៍ ឌីវេឡុបមេន,៣ ថប មេនផៅវ័រ,៤ ស៊ី ឌី អិម ត្រេឌីង មេនផៅវ័រ,៥ អ៊ឹង រីទ្ធីគ្រុប,៦ អិន អេ អេស មេនផៅវ័រ ខូ អិល ធីឌី,៧ អាយអាយ អេស ខមភេនី,៨ វីន វីនមេនផៅវ័រ សឺវីស,៩ ហ្វមីសមេនផៅវ័រ ខូអិលធីឌី,១០ ទ្រីម មេនផៅវ័រ ខេមបូឌា,១១ សុខ លាភ មេត្រី,១២ ណាក់ ថាកណាន មេនផៅវ័រ ឯ.ក,១៣ អអឌី មេនផៅវ័រ ឯ.ក,១៤ មាស សុវណ្ណ មល្លិកេ មេនផៅវ័រ ឯ.ក។
១៥ យ៉ាគូស៊ីនកៃ ខេមបូឌា,១៦ ស៊ី អិល សឹបផ្លាយ ខេមបូឌា,១៧ អេចអិន វើលដ៍ ខបភើរេសិន ឯ.ក,១៨ ប៊ី អេហ្វ ជី សឺវិស ឯ.ក,១៩ អេកស្ពើត មេនផៅវ័រ សឹបផ្លាយ ឯ.ក,២០ ប៊ី ភី មេនផៅវ័រ ខេមបូឌា ឯ.ក, ២១ ហ្វ្រេន អ៊ីហ្គាល ខេមបូឌា លេប័រ ឯ.ក,២២ ថាហ្វើរ លេប័រ សឹបផ្លាយ ឯ.ក,២៣ មេត្រី អេចអ ឯ.ក,២៤ ជេ ខេប រីគ្រូតម៉ិន ឯ.ក,២៥ មហាចក្រ ឌីវើឡុបម៉ិន ឯ.ក,២៦ វី អិល អឹម យូមេន រីសសស៍ ឯ.ក,២៧ ស៊ី ខិននេច វើលដ៍ ឯ.ក,២៨ ខ្មែរ លេប៊ើរសឹបផ្លាយ ឯ.ក,២៩ តាហុក សឺវីស ឯ.ក,៣០ មង្គល អេចអរ ឯ.ក,៣១ អ៊ែតវ៉ានស៍ មែនផៅវ័រ សឺវីស ឯ.ក,៣២ ៥ លីឌើ ប៉ែននីហ្វីតសឺវីស ឯ.ក,៣៣ ព្រីមៀម មែនផៅវ័រ សឺវីស ឯ.ក,៣៤ សុភ័ក្ត្រ មេត្រី ឯ.ក,៣៥ សម្បសាទ ឯ.ក,៣៦ រ៉ូយ៉ាល់ មេនផៅវ័រ ខេមបូឌា ឯ.ក និងក្រុមហ៊ុនទី ៣៨ ធី អេស មេនផៅវ័រ ខេមបូឌា ឯ.ក។
ក្រសួងការងារគូសបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណាដែលពុំមានឈ្មោះក្នុងបញ្ជីខាងលើនេះទេ គឺចាត់ទុកថា ជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជន រាយការណ៍ជាបន្ទាន់ មកទូរស័ព្ទលេខ ០២៣ ៨៨០ ៤៧៤ និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង ២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារ www.mlvt.gov.kh។
ក្រសួងបន្តទៀតថា៖ « ដើម្បីចៀសវាងការផ្សព្វផ្សាយព័ត៌មានខុសដែលអាចនាំឱ្យប្រជាពលរដ្ឋរងគ្រោះ ការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងការជ្រើសរើស ឬផ្តល់សេវារកការងារឱ្យធ្វើដល់ពលករខ្មែរនៅតាមបណ្ដាសារព័ត៌មានណាមួយ ជាពិសេសតាមបណ្តាស្ថានីយវិទ្យុត្រូវមានលិខិតអនុញ្ញាតចេញដោយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារជាមុន ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានថ្លែងថា ការជូនដំណឹងនេះក៏ជាផ្នែកមួយដែលមានការទទួលខុសត្រូវរបស់ក្រសួង ដើម្បីកុំឱ្យពលករចាញ់បោកក្រុមហ៊ុនបោកប្រាស់មួយចំនួនដែលកំពុងធ្វើសកម្មភាព។ ទន្ទឹមនេះដែរលោកជំរុញដល់ក្រសួង ត្រូវពង្រឹង និងបង្កើនការតាមដានពីស្ថានភាពពលករដែលកំពុងធ្វើការនៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនដែលបានបញ្ជូនពលករទៅ ដោយលោកមើលឃើញថាទោះបីពលករខ្មែរទៅធ្វើការស្របច្បាប់ ប៉ុន្តែនៅតែជួបបញ្ហាប្រឈមនានា។
លោកបញ្ជាក់ថា៖ «រឿងដែលសំខាន់ យើងត្រូវពិនិត្យមើល និងបង្ការ ក្នុងការតាមដានស្ថានភាពពលករដែលធ្វើការនៅកាតា ដោយសារប្រទេសនេះ មានរបាយការណ៍ច្រើនពាក់ព័ន្ធការរំលោភសិទ្ធិពលករបរទេស ទាំងរឿងការឃុំសិទ្ធិសេរីភាពមិនឱ្យដើរហើរ ហើយមានពលករជាច្រើនស្លាប់នៅទីនោះដូចជាពលករភូមា បង់ក្លាដែស នេប៉ាល់»។ យ៉ាងណាមិញលោក តុលា មើលឃើញជារួមថា ការដែលក្រសួងការងារបានរកឱកាសការងារជូនពលរដ្ឋធ្វើនៅក្រៅប្រទេសគឺជារឿងមួយល្អ ប៉ុន្តែអ្វីដែលសំខាន់ត្រូវមានយន្តការការពារពួកគាត់ ឬបង្កើនការងារក្នុងស្រុកជូនពួកគាត់កាន់តែល្អ៕