ភ្នំពេញៈ ក្រសួង​ធម្មការ និង​សាសនា​បានចេញ​សារ​អបអរសាទរ​ក្នុងឱកាស​ទិវា​ពុទ្ធសាសនា​អន្តរជាតិ ៨ ​មេសា ឆ្នាំ​ ២០២២ ដោយ​អះអាងថា ទិវា​នេះ​គឺជា​ការ​រំឭក​នូវ​ព្រះរាជ​បូជនីយកិច្ច​ដ៏ឧត្ដុង្គឧត្តម​ថ្លៃថ្លា​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។


តាមរយៈ​សារ​អបអរសាទរ ក្រសួង​ធម្មការ និង​សាសនា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​នៅ​ថ្ងៃទី​ ៩ ខែមេសា បានឱ្យដឹងថា មាន​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ទាំង ៤១ ​ប្រទេស តំណាង​ពុទ្ធសាសនិក ៥១០​ លាន​នាក់​ទូទាំង​ពិភពលោក​បាន​​ធ្វើ​កិច្ចប្រជុំ​កំពូល ព្រះពុទ្ធសាសនា​ពិភពលោក​លើក​ទី​ ៦ ក្រោម​ប្រធានបទ «​សាមគ្គីភាព ព្រះពុទ្ធសាសនា ដើម្បី​សន្តិភាព​ពិភពលោក​» កាលពី​ថ្ងៃ​ទី​ ៨ ដល់​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ​ ២០១៤ នៅ​ទីក្រុង​កូ​បេ ប្រទេស​ជប៉ុន​។

កិច្ចប្រជុំ​នេះ​បានកំណត់​យក​ថ្ងៃទី ​៨ ខែមេសា ជា​ទិវា​ពុទ្ធសាសនា​អន្តរជាតិ និង​ថ្វាយ​ព្រះរាជ​គោរមងារ​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​បំផុត​ជា «​ព្រះ​ស្រី​លោក​ធម្មិករាជ​»​។ ចំពោះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។


ក្រសួង​បន្តថា ការ​ប្រារព្ធ​ទិវា​ពុទ្ធសាសនា​អន្តរជាតិ ៨ ​មេសា​នេះ គឺ​រំឭក​នូវ​ព្រះរាជ​បូជនីយកិច្ច​ដ៏ឧត្ដុង្គ​ឧត្តម​ថ្លៃថ្លា​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទ្រង់​បាន​បំពេញ​ចំពោះ​ជាតិ មាតុភូមិ និង​ព្រះពុទ្ធសាសនា ហើយ​ទ្រង់​បានរួម​ចំណែក​ជំរុញ​ការផ្សព្វផ្សាយ ការផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធ​បច្ចេកទេស ទេពកោសល្យ វប្បធម៌ ចរិយា​ធម៌ បំផុសស្មារតី និង​មនសិការ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស យុវបព្វជិត​ យុវពុទ្ធសាសនិក ដែលជា​ទំពាំង​ស្នង​ឫស្សី ដើម្បី​ចូលរួម​ការពារ ទ្រទ្រង់​​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ឱ្យបាន​គង់វង្ស​។

ក្រសួង​បាន​លើកឡើង​ថា​៖ «​ក្រសួង​ធម្មការ និង​សាសនា​សូម​សម្តែង​នូវ​ការគោរព​ប្រណិប័តន៍​ព្រះធម៌​ជា​ពុទ្ធោវាទ​ដ៏ពិសិដ្ឋ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ពុទ្ធបរិស័ទ​ទូទៅ និង​ផ្សារភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​សកលលោក សន្តិភាព​មនុស្សជាតិ​គ្រប់​កាលៈទេសៈ​ឱ្យមាន​ព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា និង​ឧបេក្ខា និង​សង្គហធម៌ ចំពោះ​មនុស្ស​គ្រប់រូប ដើម្បី​ទទួលបាន​ពិភពលោក​មួយ​ប្រកបដោយ​ភាពសុខដុមរមនា​»​។


ក្រសួង​លើកឡើង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គិតគូរ និង​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ព្រះពុទ្ធសាសនា ក្នុង​ការរួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ហើយ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​ថា គ្មាន​សេចក្តីសុខ​ណា​ប្រសើរ​ជាង​សេចក្តី​ស្ងប់​ឡើយ​។ លោក​នាយករដ្ឋមន្ត្រី​បានឱ្យ​តម្លៃ​ដល់​សន្តិភាព​ថា សន្តិភាព​មាន​តម្លៃ​ជាង​អ្វីៗ​ទាំងអស់ សន្តិភាព គឺជា​អ្វីៗ​ដែល​ស្រស់ស្រាយ​បំផុត សន្តិភាព​ផ្តល់នូវ​ក្តីសង្ឃឹម និង​ស្នាមញញឹម​ដល់​មនុស្សជាតិ​គ្រប់រូប​។ គ្មាន​សន្តិភាព គ្មាន​ការអភិវឌ្ឍ គ្មាន​ការគោរព​សិទ្ធិមនុស្ស និង​គ្មាន​លទ្ធិប្រជាធិបតេយ្យ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ក្រសួង​ធម្មការ និង​សាសនា​។

ក្រសួង​បញ្ជាក់ទៀត​ថា​៖ «​តាងនាម​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ធម្មការ និង​សាសនា ទូលព្រះបង្គំ​សូម​សម្តែង​នូវ​ស្វាមីភក្តិ​អបអរសាទរ និង​រំឭក​នូវ​គុណូបការៈ​ដ៏ឧត្តុង្គឧត្តម​ថ្លៃថ្លា​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ទទួល​បាន​នូវ​ព្រះគោរមងារ​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​បំផុត​ជា ព្រះស្រី​លោក​ធម្មិករាជ​»​។ ទន្ទឹមនឹងនេះ ក្រសួង​ធម្មការ និង​សាសនា​បាន​ស្នើសុំ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ពុទ្ធ​សាសនិក​គ្រប់រូប ព្រះមេត្តា មេត្តា ផ្សព្វផ្សាយ​ទិវា​ពុទ្ធសាសនា​អន្តរជាតិ ៨ មេសា​នេះ ឱ្យបាន​ទូលំទូលាយ និង​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ រៀបចំ​តុបតែង​លម្អ​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ បដា​ពាក្យស្លោក នៅតាម​ទីសក្ការៈ វត្ត​អារាម​។

លោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តតាកែវ ថ្លែង​នៅ​ថ្ងៃទី​ ១០ ខែមេសា​ថា ក្នុង​ទិវា​ពុទ្ធសាសនា​អន្តរជាតិ ៨ មេសា​នេះ​លោក​បាន​ចាត់ចែង​ឱ្យមាន​ការផ្សព្វផ្សាយ​ដោយមាន​ការលើក​ជា​បដា​ពាក្យស្លោក​ផ្សេងៗ ដើម្បី​ក្រើន​រំឭក​ឱ្យ​ប្រជាពលរដ្ឋ បានដឹង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ព្រះករុណា​ព្រះបាទ នរោត្តម​សីហមុនី​ក្នុង​ការចូលរួម​លើកកម្ពស់​ព្រះពុទ្ធសាសនា​ពី​កម្ពុជា​ទៅក្នុង​ឆាក​អន្តរជាតិ​។ លោក​ថ្លែងថា​៖ «​យើង​បានធ្វើ​ទៅតាម​ការដែល​ក្រសួង​ណែនាំ ហើយ​ខាង​ខេត្តតាកែវ គឺ​យើង​បានធ្វើការ​ផ្សព្វផ្សាយ​ដោយ​លើក​បដា​ផ្សេងៗ​ដាក់តាំង​ទៅតាម​ភាពជាក់ស្តែង​នៅតាម​បណ្តា​វត្ត​»​។ «​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មាន​ព្រះរាជនាម និង​ព្រះរាជ​កិត្តិយស​ដ៏មហស្ចារ្យ​បំផុត​»៕