ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ ដើម្បី​មនុស្ស​ចាស់​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​លើកឡើងថា​ក្នុង​រយៈពេល​ ៤៣ ​ឆ្នាំ​កន្លងទៅនេះ​មនុស្ស​ចាស់​ពិតជា​មាន​គុណសម្បត្តិ​ច្រើន​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន​រហូតមកទល់​សព្វថ្ងៃ ដែល​នេះ​គឺជា​គុណសម្បត្តិ​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​។


លោក​បាន​ថ្លែង​ដូចនេះ នៅក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់​អំណោយ​ជូន​មនុស្ស​ចាស់​ចំនួន​ ៥២៥ ​នាក់​កាលពី​ថ្ងៃទី​ ១០ ខែមេសា នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ ឃួង ស្រេង​បាន​មាន​ប្រសាសន៍​ថា​៖ «​ការស្រឡាញ់​មនុស្ស​ចាស់ជរា​គឺជា​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​តាំងពី​យូរលង់​ណាស់​មកហើយ​។ ​សម្ដេច​តេជោ​ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន តែងតែ​យកចិត្ត​ទុកដាក់​ជានិច្ច​ចំពោះ​សុខទុក្ខ​របស់​មនុស្ស​ចាស់​​ជរា​ដោយ​លោក​តែងតែ​ជួយឧបត្ថម្ភ​ជូន​មនុស្ស​ចាស់​ជា​ដរាប​រៀងមក​»​។


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​នាពេល​កន្លង​​មក​ថា ក្មេង​ជា​អ្នកមាន​កម្លាំង ចំណែក​មនុស្ស​ចាស់​ជា​អ្នក​ស្គាល់ផ្លូវ ការរួមគ្នា​ប្រាប់ផ្លូវ​ដើម្បីឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ដើរ​លើផ្លូវ​ដែល​បានរៀបចំ​ដោយ​មនុស្ស​ចាស់ នោះ​ប្រទេសជាតិ​នឹង​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​ខ្លាំងក្លា​ថែមទៀត​។

ក្នុងន័យ​នេះដែរ លោក ឃួង ស្រេង ក៏បាន​លើកឡើង​ដោយ​ឱ្យ​បងប្អូន​ទាំងអស់​រួមគ្នា​រក្សា​សន្តិភាព​ឱ្យបាន​គង់វង្ស ដើម្បីឱ្យ​កម្ពុជា​បន្ត​មាន​ឱកាស​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។


លោក​បាន​បញ្ជាក់ថា​៖ «​សង្គ្រាម​វា​នឹង​បង្ក​ភាពហិនហោច​ឱ្យ​ប្រទេសជាតិ ដូច្នេះ​យើង​ត្រូវតែ​រួមគ្នា​រក្សា​សន្តិភាព​ដែល​បានមក​ដោយ​កម្រ​នេះ​ឱ្យបាន​​គង់វង្ស​រហូត​តទៅ​»​។

ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ លោកស្រី មុំ ចាន់ដានី បាន​លើកឡើង​នាឱកាស​នោះដែរ​ថា សមាជិក​សមាគម​មនុស្ស​ចាស់​ក្នុង​ខណ្ឌ​ទាំង​ ១៤ មាន​ចំនួន ២១ ២១៣ ​នាក់​។

លោកស្រី​បាន​ថ្លែងថា អភិបាល រាជធានី​ភ្នំពេញ​តែងតែ​យកចិត្ត​ទុកដាក់​គិតគូរ​ពី​សុខទុក្ខ និង​លើកកម្ពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​វ័យចាស់​ទាំងអស់ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ដោយ​ធ្វើយ៉ាងណា​ឱ្យ​មនុស្ស​វ័យចាស់​ទទួលបាន​នូវ​ភាពសុខដុមរមនា និង​មិន​បោះបង់ចោល​ឡើយ​។

ចំនួន​មនុស្ស​ចាស់​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង​ ១,៣​ លាន​នាក់​ ឬ​ស្មើនឹង​ប្រមាណ​ជា​ ៨,៩ ​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​។ នេះ​បើ​យោងតាម​ជំរឿន​កាលពី​ឆ្នាំ​ ២០១៩៕