​កំ​ពតៈ ប្រែក្លាយ​ពីរ​បរកាប់​ឫស្សី ប្រមូល​អនុផល​ព្រៃឈើ ពលរដ្ឋ​ជាង ​៧០០ ​នាក់ ​រស់នៅ​ក្នុងភូមិ​មួយចំនួន នៃ​ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត កំពុង​ទទួលបាន​ផល​ពី​កសិដ្ឋាន​ដាំ​​ចេក របស់​ក្រុមហ៊ុន Longmate តាមរយៈ​ការធ្វើការងារ​ជា​កម្មករ​ចម្ការចេក ចាប់​តាំង​​ពី​ឆ្នាំ ​២០១៧ រហូតមក​។


​ក្រុមមន្ត្រី​ពាក់ព័ន្ធ​បាន​អះអាងថា ក្រុមហ៊ុន​ដែល​ដាំចេក​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​​ប្រទេស​នេះ បាន​បំពេញបាន​ត្រឹមត្រូវ ទៅតាម​ច្បាប់​ការងារ ក្នុង​ការប្រើ​កម្លាំង​ពលកម្ម រួម​​ទាំង​ការប្រើប្រាស់​ជីគីមី និង​ថ្នាំ​កសិកម្ម​បាន​ត្រឹមត្រូវ ទៅតាម​ស្តង់ដា​បច្ចេកទេស​ដែល​ក្រសួងកសិកម្ម​បានកំណត់​ផងដែរ​។​

​នា​អំឡុង​ម៉ោង​ប្រមាណ ៩ ព្រឹក ដើរចូល​ទៅដល់​ភូមិ​ខ្ពប នៃ​ឃុំ​តា​កែន​ដែលមាន​ពលរដ្ឋ​ជាង ៧០០ ​នាក់ ប៉ុន្ដែ​ក្នុងភូមិ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់ ដោយសារ​ពលរដ្ឋ​បានចេញ​ទៅធ្វើ​ការ នៅ​


​ក្រុមហ៊ុន​ចម្ការចេក​តាំងពី​ម៉ោង ៦-៧ ​ព្រឹក ប៉ុន្ដែ​មាន​មនុស្ស​ចាស់​​មួយចំនួន​កំពុង​រៀបចំ​ចម្អិន​អាហារ​នៅតាម​ផ្ទះ ដើម្បី​ទុកឱ្យ​សាច់ញាតិ​បរិភោគ ពេល​សម្រាក​ពី​ការងារ អំឡុងពេល​ថ្ងៃត្រង់​។

​ពេល​កំពុង​សម្រាក​ពិសា​បាយ​ថ្ងៃត្រង់ លោក ជា ប៊ុន​ធៀន វ័យ ៤០​ ឆ្នាំ រស់នៅ​ភូមិ​មនោ​សុខ ​ឃុំ​តា​កែន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ​លោក​បានមក​ធ្វើការ​ជា​កម្មករ​ថែទាំ​ដើម​ចេក​នៅ​កសិដ្ឋាន​ដាំចេក​របស់​ក្រុមហ៊ុន Longmate ស្ថិតនៅ​ភូមិ​ខ្ពប ឃុំ​តា​កែន នា​អំឡុង​ឆ្នាំ ​២០១៩​។ លោក ប៊ុន​​ធៀន​ មានកូន ៣​ នាក់ ក្នុងនោះ ១​ នាក់​រៀន​ថ្នាក់​ទី​៨ នៅ​វិទ្យា​​ល័យ​ត្រពាំង ​៣ និង ​១​នាក់​ទៀត កំពុង​រៀន​ថ្នាក់​ទី​៥ ចំណែក​កូន​​ពៅ​អាយុ​ ៤​ ឆ្នាំ​មិនទាន់​គ្រប់​អាយុ​ចូលរៀន​ទេ​។ «​ខ្ញុំ​កាន់​តំបន់​១​មើលថែ​ដើម​ចេក​ចំនួន​ ២ ៥០០ ដើម​។ ការ​មើលថែ​ដើម​ចេក​នេះ ៣​ ខែ​ដំបូង​ខ្ញុំ​ទទួលបាន​ប្រាក់ខែ ១៨០​ ដុល្លារ​។ ប៉ុន្ដែ​ក្រោយ​ទិន្ន​​ផល​ដើម​ចេក​ឱ្យ​ផល​ល្អ​ចាប់ពី​ខែ ​៤ ឡើងទៅ ខ្ញុំ​បាន​ប្រាក់ខែ ២៨០​ ដុល្លារ​ដែរ​ក្នុង ១ ​ខែៗ​។ ឥឡូវនេះ​ខ្ញុំ​បាន​ប្រាក់ខែ​ខ្ពស់ជាង​ប្រាក់ខែ​ដែល​យើង​បានធ្វើ​ពីមុនៗ​មក​យូរ​ឆ្នាំ​មកហើយ​នោះ​»​។


​លោក​ ប៊ុន​ធៀន ​បន្តថា​៖ «​ឥឡូវ​ស្ថានភាព​ជីវភាព​គ្រួសារ​ខ្ញុំ​បាន​ប្រសើរ​ជាង​មុន​។ ខ្ញុំ​អាចមាន​លុយ​ទិញ​ម៉ូតូ​ថ្មី​ឱ្យ​កូន​ជិះ​ទៅ​រៀន​និង​ទិញ​របស់របរ​ដូចជា​គោយន្ត​ភ្ជួរស្រែ​។ ខ្ញុំ​ក៏មាន​លទ្ធភាព ឥឡូវនេះ​ខ្ញុំ​ក៏បាន​ទិញ​ម៉ូតូ​ថ្មី ១ ​គ្រឿង​ទៀត​ម៉ាក Honda Dream សេរី​ឆ្នាំ ​២០២២»​។ បើតាម​លោក ប៊ុន​ធៀន ការងារ​ថែ​ដើម​​ចេក នៅ​កសិដ្ឋាន​ដាំចេក​នេះ គឺមាន​ភារកិច្ច​ដាក់​ជី​ថែទាំ​ដើម​ចេក​ឱ្យបាន​ល្អ និង​បាញ់ថ្នាំ​ជំនួយ​ស្លឹក​ចេក​ជាដើម ប៉ុន្ដែ​មិនមែន​ធ្វើជា​​ប្រចាំថ្ងៃ​នោះទេ​។

​កំពុង​អង្គុយលេង​ជាមួយ​អ្នក​ភូមិ​នៅមុខ​ផ្ទះ​ធ្វើ​ពី​ឈើ​ខាងលើ​ថ្ម​ខាងក្រោម និង​មាន​រថយន្ត​ម៉ាក Lexus 300 ១​ គ្រឿង និង​ម៉ូតូ​២​គ្រឿង​នៅមុខ​ផ្ទះ ស្ថិតនៅ​ក្នុងភូមិ​ខ្ពប ឃុំ​តា​កែន អ្នកស្រី ឆាយ ពៅ វ័យ​ប្រហែល ៥២ ​ឆ្នាំ ដែលមាន​កូនស្រី ២ ​នាក់ កំពុងធ្វើការ​នៅ​កសិដ្ឋាន​ដាំចេក​របស់​ក្រុមហ៊ុន Longmate ក្នុងនោះ ម្នាក់​ធ្វើ​ផ្នែក​ពន្លះ​ចេក និង​ម្នាក់ទៀត ធ្វើ​ផ្នែក​រៀបចំ​កា​តុង ឬ​​ឡាំង​ដាក់​ចេក​។ ពួកគេ​បាន​ចូលធ្វើការ​នៅ​កសិដ្ឋាន​នេះ​តាំងពី​ឆ្នាំ​ ២០១៩​។​

​អ្នកស្រី​ប្រាប់ថា រៀងរាល់ខែ​កូន​អ្នកស្រី​ទាំង ​២ ​នាក់ អាច​ទទួល​​បាន​ប្រាក់ខែ​ពី ៣០០-៤០០ ដុល្លារ​ក្នុង​ ១​ ខែៗ​ពី​ការងារ​នៅ​ចម្ការចេក​។ ឥឡូវ​កូន​អ្នកស្រី​ត្រូវបាន​ក្រុមហ៊ុន​ឱ្យធ្វើជា​អ្នក​បណ្ដុះបណ្ដាល អ្នក​ចូលធ្វើការ​​ងារ​ថ្មី​នៅ​ក្រុមហ៊ុន​ដែល​អាច​ទទួល​​បាន​កម្រៃ​បន្ថែម​ប្រមាណ ២​ ម៉ឺន​រៀល​ ក្នុង ១ ​ថ្ងៃ​ថែមទៀត​។

​អ្នកស្រី​ប្រាប់ថា​៖ «​កូនស្រី​ខ្ញុំម្នាក់ ក្រុមហ៊ុន​ទើបតែ​ឱ្យទៅ​ធ្វើការ​នៅ​កសិដ្ឋាន​មួយទៀត​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ​មាន​​ជ័យ​ ជាមួយ​អ្នកភូមិ​ជិត ៣០ ​នាក់ផ្សេងទៀត​។ កូនស្រី​ខ្ញុំ កូន​អ្នកភូមិ និង​អ្នកភូមិ​ដែលមាន​បទ​​ពិសោធ ក្រុមហ៊ុន​ឱ្យទៅ​ធ្វើការ​នៅ​កសិដ្ឋាន​ថ្មី​នៅ​ខេត្ដ​ឧត្ដរ​មាន​​ជ័យ ​គេ​ឱ្យធ្វើជា​អ្នក​បណ្ដុះបណ្ដាល​ដល់​ក្រុមកម្មករ​ចូល​ថ្មី​»​។​

​ជា​កម្មករ​រៀបចំ​ផ្លែ​ចេក​ដាក់​ក្នុងកា​តុង ​ឬ​ឡាំង​ដាក់​ចេក អ្នក​​ស្រី ស៊ុំ ចិន្តា វ័យ​ជាង ៤០ ​ឆ្នាំ បានឱ្យដឹងថា អ្នកស្រី​បាន​ចូលធ្វើការ​នៅ​កសិដ្ឋាន​ដាំចេក​នេះ តាំងពី​ឆ្នាំ ២០១៧-២០១៨​។ អ្នកស្រី​ប្រាប់ថា មុនពេល​មាន​កសិដ្ឋាន​ដាំចេក​អ្នកភូមិ​ខ្ពប​ភាគ​​ច្រើន ប្រកប​របរ​ធ្វើស្រែ ចម្ការ កាប់​ឫស្សី និង​ស្វែងរក​អនុផល​ព្រៃឈើ​នៅក្នុង​ព្រៃ​សហគមន៍​ក្បែរ​ភូមិ ដើម្បី​ចិញ្ចឹមជីវិត​។ ប៉ុន្ដែ​ក្រោយពី​មាន​កសិដ្ឋាន​ដាំចេក​ពលរដ្ឋ​ភាគច្រើន​ក្នុងភូមិ គឺ​បាន​ចូលធ្វើ​ការងារ​នៅក្នុង​កសិដ្ឋាន​នេះ​ដោយ​ទទួលបាន​ប្រាក់ខែ​ជាប្រចាំ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។

​អ្នកស្រី​ប្រាប់ថា​៖ «​ការងារ​យើង​បាន​ប្រាក់ខែ​ច្រើន ឬ​តិច​ គឺ​អា​​ស្រ័យ​លើ​ទិន្នផល​ចេក បើ​ក្នុង ១ ​ខែៗ មាន​ផ្លែ​ចេក​ច្រើន​យើង​​ក៏មាន​ការងារ​ធ្វើ​ច្រើន ហើយក៏​ទទួលបាន​ប្រាក់ខែ​ច្រើន​ដែរ​»​។

​អ្នកស្រី​បន្តថា ប៉ុន្ដែ​ការងារ​ម៉ៅការ​ហត់នឿយ​បន្តិច កម្មករ​មិនសូវ​បាន​ឈប់សម្រាក ទាល់​​តែ​ធ្វើ​ការងារ​រួច​ទើប​អាច​ឈប់​​សម្រាក​បាន​។ ដូច្នេះ​កម្មករ​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​គិតគូរ​ឡើងវិញ​លើ​ការផ្លាស់ប្ដូរ​លក្ខ​​ខណ្ឌ​ការងារ​ប្រចាំខែ និង​ការ​​ងារ​ម៉ៅការ​ដូច​រាល់ថ្ងៃនេះ ដើម្បី​ជួយ​បន្ថយ​បន្ទុក​ដល់ក​ម្មករ​។​

កម្មករក្រុមហ៊ុន Longmate កំពុង​រៀប​ចំ​ទុកដាក់​ចេក​ដែល​ទើប​កាប់​មក​ពីចម្ការ​​ កាលពីថ្ងៃទី ​៣១​ មីនា។ ហេង ជីវ័ន

​លោក សោម ដន មេភូមិ​ខ្ពប កត់សម្គាល់​ឃើញថា ពលរដ្ឋ​នៅក្នុង​ភូមិ​ខ្ពប ក្រោយពី​បាន​ចូលធ្វើ​ការងារ​នៅ​កសិដ្ឋាន​ដាំចេក ជីវភាព​មានការ​រីកចម្រើន​ជាង​មុន ពីព្រោះ​ពលរដ្ឋ​អាច​បាន​ប្រាក់ខែ​ជាប្រចាំ​ចាប់ពី ៣០០-៤០០ ​ដុល្លារ ​ក្នុង ១ ​ខែ ដើម្បី​យកមក​ផ្គត់ផ្គង់​គ្រួសារ​អភិវឌ្ឍ​តាម​ផ្ទះ​រៀងៗ​ខ្លួន​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​ឃើញថា​ ភាព​វិជ្ជមាន​នោះ វា​គ្រាន់​​បើ​ដែរ គួរឱ្យកត់សម្គាល់ ឃើញ​ពលរដ្ឋ​ធូរធារ​ជាង​មុន ពួកគាត់​អាច​អភិវឌ្ឍ​ផ្ទះសំបែង​របស់ខ្លួន​បាន​ធំ​ជាង​មុន ផ្ទះ​ខ្លះ​មាន​ម៉ូតូ​ជិះ ២-៣ ​គ្រឿង​ក៏មានដែរ ហើយ​កាលពី​មិនទាន់មាន​ក្រុម​​ហ៊ុន​នេះ ពលរដ្ឋ​នាំគ្នា​ទៅ​កាប់​ឫស្សី​នៅក្នុង​ព្រៃ​សហគមន៍​យក​​ទៅ​លក់​»​។

​បើតាម​លោក ដន ក្រុមហ៊ុន Longmate បាន​ណែនាំ និង​ចែក​ម៉ាស់ ស្រោមដៃ និង​ស្បែក​​ជើង​កវែង​ដល់​កម្មករ​ពាក់​ពេល​ទៅ​បំពេញការងារ បើ​គ្មាន​ម៉ាស់​ពាក់​ត្រឹមត្រូវ​ក្រុមហ៊ុន​មិនឱ្យ​ចូលធ្វើការ​ទេ​។ ប៉ុន្ដែ​មានកម្ម​ករ​មួយចំនួន​មិន​ទម្លាប់​ពាក់​ម៉ាស់​ក៏​លួច​ដោះចេញ​ពេលដែល​គ្មាន​អ្នកមើល​ឃើញ​ដែរ​។ លោក​បានឱ្យដឹងថា ពលរដ្ឋ​នៅក្នុង​ភូមិ​ខ្ពប​មាន​ជាង ៥០០​ គ្រួសារ ស្មើនឹង​ប្រមាណ​ជាង ៧០០​ នាក់​។ ពលរដ្ឋ​ទាំងនេះ​ភាគច្រើន កំពុងធ្វើការ​ងារ​នៅ​កសិដ្ឋាន​ដាំចេក​របស់​ក្រុមហ៊ុន Longmate និង​មាន​ពលរដ្ឋ​ប្រមាណ ២០ ​នាក់ បានធ្វើ​ចំណាកស្រុក​ផ្លាស់ប្ដូរ​លំនៅ​ចេញពី​ភូមិ​ទៅ​រស់នៅ​តំបន់​ផ្សេង​។

​តាម​សំណើ​របស់​ប្រជាពលរដ្ឋ លោក ដន ក៏បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ឱ្យ​បន្ត​យក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​លើ​សុខុមាលភាព​ពលរដ្ឋ ពិសេស​ក្រុម​ពលរដ្ឋ ដែល​ធ្វើ​ការថែទាំ​ដើម​ចេក​ដោយមាន​ការប្រើប្រាស់​ថ្នាំ​សម្រាប់​ថែ​​ទាំ ​ដើម្បី​ចៀសផុត​បញ្ហា​លើ​សុខ​​ភាពជា​យថាហេតុ​ណាមួយ​។ លោក​ក៏បាន​ស្នើឱ្យ​មានការ​បន្ធូ​រ​បន្ថយ​ការ​រឹតបន្ដឹង​បទបញ្ជា​ផ្ទៃ​​ក្នុង​សម្រាប់​ការឈប់​សម្រាក​រប​ស់បុ​គ្គ​លិ​ក​ផងដែរ ដើម្បីឱ្យ​ពលរដ្ឋ​ក្នុងភូមិ​អាច​បន្តធ្វើ​ការងារ​បាន​យូរអង្វែង​។​

​លោក ជា វាសនា អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (​ចំការ​ដូង​) មានស្រុក​​កំណើត​នៅ​ស្រុក​ដងទង់ ខេត្ដ​កំពត បាន​ចូលធ្វើការ​នៅ​ក្រុម​​ហ៊ុន Longmate ដំបូង​ក្នុង​ឆ្នាំ ​២០១៨ ក្នុងតួនាទី​ជា​ជំនួយ​​ការ​ប្រធាន​តំបន់​ក្នុង​ចម្ការចេក​ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​តំបន់​ទទួលបន្ទុក​គ្រប់គ្រង​ទូទៅ​លើ​ផលិតកម្ម​ដាំ​ដុះ​ (​ចាប់ពី​ការដាំ​​ដុះ​កូន​ចេក​ដំបូង រហូតដល់​ចេក​បាន​ទទួលផល​)​។ វាសនា​បានឱ្យដឹង​ទាក់ទង​នឹង​ការថែទាំ និង​ការដាំដុះ​ដំណាំ​ចេក​នៅ​ក្រុម​​ហ៊ុន Longmate នេះ​ថា គឺជា​ការធ្វើ​កសិកម្ម​បែប​ទំនើប សម្រាប់​ការនាំចេញ​ដែល​ត្រូវការ​ការ​ផលិត​លក្ខណៈ​ស្ដង់ដា​មួយ សម្រាប់​ការនាំចេញ​។ ដូច្នេះ​រាល់​ការគ្រប់គ្រង​ទាំងអស់​លើ​ការដាំដុះ​ដំណាំ​ចេក​នេះ​ គឺ​ប្រើ​​ប្រាស់​ផលិតផល​កសិកម្ម​សុវត្ថិ​​ភាព​ ដើម្បី​រក្សា​គុណភាព​ស្ដង់ដា​មួយ​សម្រាប់​ការនាំចេញ​។​

​បើតាម វាសនា ក្រុមហ៊ុន Longmate បាន​ប្រើប្រាស់​បច្ចេកទេស គឺ​ស្របទៅតាម​ស្ដង់ដា​របស់​ក្រសួងកសិកម្ម ដែល​បានចេញ​សេចក្ដីណែនាំ​ឱ្យប្រើ​ប្រា​ស់ជី ប្រើប្រាស់​ថ្នាំ​បច្ចេកទេស​ផ្សេងៗ​។ ការប្រើ​​ប្រា​ស់ជី និង​ថ្នាំ​ផ្សេងៗ គឺ​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ របស់​ក្រសួង​ពាក់ព័ន្ធ​ត្រឹមត្រូវ​។

​វាសនា បញ្ជាក់ថា​៖ «​ការថែទាំ​ដើម​ចេក តាំងពី​នៅ​តូច រហូតដល់​ធំ គឺមាន​ការប្រើប្រាស់​ជី​​គីមី​នៅក្នុង​ស្រុក ដូចជា​ជី​សញ្ញា​ក្បាល​ក្របី ជីកា​លី និង​ថ្នាំ​មួយចំនួនទៀត ​គឺ​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​គយ និង​ក្រសួង​​កសិកម្ម​។ ដូច្នេះ​គ្រប់​ប្រភេទ​ថ្នាំ​ដែល​ក្រុមហ៊ុន​ប្រើប្រាស់​ទាំង​​អស់ គឺមាន​ការអនុញ្ញាត​ដោយ​ក្រសួង​»​។ យុវជន​រូបនេះ បានឱ្យដឹងថា ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​ផលិតផល​ស្ដង់ដា​សម្រាប់​ការនាំចេញ ការប្រើប្រាស់​ថ្នាំ គឺ​ប្រើ​តាមបែប​លក្ខណៈ​សន្សំសំចៃ និង​ស្របទៅតាម​ស្ដង់ដា​ដែល​ក្រសួង​បាន​ណែនាំ​។​

​ឧទាហរណ៍​ដូចជា ការថែទាំ​គល់​ចេក គឺ​មិនមែន​ប្រើប្រាស់​ជី​ទាំងស្រុង​ទេ គឺ​ត្រូវ​គួបផ្សំ​នឹង​ការប្រើប្រាស់​ស្លឹកចេក​ដែល​ចាស់​កាត់​មក​ដាក់​ក្បែរ​គល់ និង​ការប្រើប្រាស់​ទឹកភ្លៀង និង​ទឹក​ដែល​បាន​ស្ដុក​ទុកជា​ដើម​។​

​ចំណែក​ការប្រើប្រាស់​ថ្នាំ ដើម្បី​គ្រប់គ្រង​សត្វល្អិត និង​ជំងឺ​លើ​ផ្លែ​ចេក គឺ​ត្រូវតែមាន​ពីព្រោះ​កសិដ្ឋាន​ដាំចេក​នេះ គឺមាន​ចំនួន​ចេក​ច្រើន​។

​លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​គ្មាន​ការប្រើប្រាស់​ថ្នាំ​ដើម្បី​ទប់​​ស្កាត់​សត្វល្អិត និង​ជំងឺ​ទេ គឺ​យើង​មិនអាច​ទទួលបាន​ផល​ទៅតាម​គោលដៅ​ដែល​យើង​បានកំណត់​បានទេ​។ ប៉ុន្តែ​ការប្រើ​ប្រា​ស់ជី និង​ថ្នាំ​គ្រប់​ប្រភេទ គឺ​ស្របទៅតាម​ស្ដង់ដា និង​បច្ចេក​ទេស​ដែល​បានកំណត់​រួច មិន​​មែន​យើង​គិតថា ចង់​ប្រើ​ថ្នាំ​អី ដាក់​ថ្នាំ​នោះ គឺ​មិនមែន​ទេ​»​។

​បើតាម​លោក វាសនា ជា​ទូ​​ទៅក្រោយ​ពេល​ចេក​ចាប់​ផ្ដើមចេញ​ត្រយូង ការប្រើប្រាស់​ថ្នាំ​សម្រាប់​ថែទាំ​ផ្លែផ្កា គឺ​ប្រើប្រាស់ ១ ​ដង​។ ក្រោយ​កាច់​ត្រយូង ​ប្រើប្រាស់ ១ ​ដង​ទៀត ហើយ​ក្រោយពេល​ផ្លែ​ចេក​ធំ​គឺ​ត្រូវ​ស្រោប​ដោយ​ថង់​ប្លា​ស្ទិ​ក​លែងមាន​ការប្រើប្រាស់​ថ្នាំ​ថែទាំ​ទៀតហើយ​។ លោក​បាន​បញ្ជាក់ថា​៖ «​ព្រោះ​អី​ក្រោយពេល​យើង​ស្រោប​ផ្លែ​ហើយ​ គឺ​យើង​លែង​ធ្វើ​អ្វី​ទៀត​នៅលើ​ផ្លែ​ចេក​នោះ​ហើយ គឺ​ចាំតែ​ពេល​វា​ធំ​ប្រមូល​ផល គឺ​យើង​កាត់​ផ្លែ​តែម្ដង​។ ក្រោយ​ការប្រមូល​ផល ​គឺ​លែងមាន​ការប្រើប្រាស់​ថ្នាំ​អ្វី​ទៀតហើយ គឺ​នៅតែ​ការ​​វេច​ខ្ចប់​ដាក់​ទៅ​ទូ​កុងតឺន័រ​បញ្ជូនទៅ​ផែ ​ដើម្បី​នាំចេញ​តែម្ដង​»​។​

​លោក​បានឱ្យដឹងថា បច្ចេក​​ទេស​ទាំង​អស់នៃ​ការដាំ​ចេក​នេះ គឺ​ក្រុមហ៊ុន​បាន​ចងក្រង​ជា​គោល​​ការណ៍​ស្ដង់ដា​មួយ​សម្រាប់​ក្រុម​ហ៊ុន​ក្នុងការ​ប្រើប្រាស់​ទូទៅ​ក្នុង​ចម្ការ​ទាំងអស់​។ បច្ចេកទេស​នេះ​គឺ​បានមកពី​អ្នកបច្ចេកទេស​មកពី​ប្រទេស​ចិន ដែល​បានកំណត់​ស្ដង់ដា​មួយ​សម្រាប់​ក្រុម​​ហ៊ុន មិនឱ្យ​ការដាំដុះ​ចេក​នេះ​លើសពី​កម្រិតស្ដង់ដា​ទេ​។ កាល​​ណា​លើសពី​កម្រិតស្ដង់ដា នឹងមាន​ការត្រួតពិនិត្យ​ពី​ជំនាញ​ផ្នែក​ភូតគាម​ចំណីអាហារ​សម្រាប់​ការនាំចេញ​របស់​ប្រទេស​ចិន​។

​ទាក់ទង​នឹង​ការចេញផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​មួយ កាលពី​ខែមីនា កន្លងមកនេះ​ដែលថា ក្រុមហ៊ុន Longmate កំពុង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម រំលោភ​យក​ដីធ្លី និង​ប្រើប្រាស់​សារធាតុ​​គីមី​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​សុខ​​ភាព​កម្មករ លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ប្រាប់​​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា ក្រសួង​បាន​ចុះ​ត្រួតពិនិត្យ​រួចហើយ ឥឡូវ​ក្រុម​​ហ៊ុន​កំពុងតែ​ចងក្រង ឯកសារ ភ័ស្ដុតាង ដើម្បីឱ្យ​ខាង​សារព័ត៌​​មាន​បរទេស ដែល​បានចេញ​ផ្សាយ​នោះ​កែតម្រូវ​ឡើងវិញ​។

​លោក​បញ្ជាក់ថា អ្នក​ដែល​ផ្ដល់​កិច្ចសម្ភាសន៍​ទៅ​សារព័ត៌​​មាន​បរទេស​នោះ ​គឺជា​អ្នក​តំណាងឱ្យ​សហជីព​ដែល​ជាង ១ ​ឆ្នាំមុន ក្រុមហ៊ុន​បាន​បញ្ឈប់ ដោយសារ​បានធ្វើ​កំហុស ដោយ​បង្ហោះ​សា​រលើ​ហ្វេ​ស​ប៊ុ​ក​ខុសពី​ការពិត​ប៉ះ​​ពាល់​ដល់​ក្រុមហ៊ុន​។ រឿងនេះ​ក្រុមហ៊ុន បាន​ប្ដឹងទៅ​ក្រសួង​​ការងារ​ ដើម្បីឱ្យ​គាត់​ចុះមក​ស្រាវ​​ជ្រាវ​លើ​បញ្ហា​នេះ ហើយ​ក្រុម​​ប្រឹក្សា​អាជ្ញាកណ្ដាល​របស់​ខេត្ដ​​កំពត ​ក៏បាន​ចុះមក​ធ្វើ​ការងារ​នេះ​ចប់សព្វគ្រប់​រួចហើយ និង​បានបញ្ចប់​ការងារ​របស់​កម្មករ​ជា​តំណាង​សហជីព​នោះ​រួចហើយ​។

​លោក​បញ្ជាក់ថា​៖ «​រហូត​ជាង ១ ​ឆ្នាំក្រោយ​មកនេះ​អតីត​កម្មករ ដែលជា​តំណាង​សហជីព​ដែល​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​នោះ បាន​ទៅ​ផ្ដល់​កិច្ចសម្ភាសន៍​ឱ្យ​សារព័ត៌មាន​ទៀត​។ អ្នកផ្ដល់​កិច្ចសម្ភាសន៍​ដល់​សារព័ត៌មាន​នោះ​ គឺ​គ្នីគ្នា​ប៉ុន្មាន​នាក់​ដែល​ក្រុមហ៊ុន​បញ្ឈប់​នោះ​»​។

​លោក​បន្តថា​៖ «​ជាទូទៅ​ការងារ​របស់​បុគ្គលិក កម្មករ​នៅ​កសិដ្ឋាន​ដាំចេក កំពុង​ធ្វើ គឺមាន​សភាព​ធម្មតា​ទាំងអស់ អត់​មាន​អ្វី​ទាំង​​អស់​។ អ្វីដែល​គាត់​កំពុងនិយាយ​នោះ គឺ​វា​មិនមែនជា​ការពិត​។ យើង​មិនដឹងថា គាត់​យក​អ្វី​ថត​ផ្ញើ​ទៅ​គេ​បែរជា​ថា ក្រុមហ៊ុន​ប្រើ​ថ្នាំ​មិន​សមស្រប​»​។

ទិដ្ឋភាព​​ផ្លូវនៅក្នុង​ចម្ការចេក ស្ថិត​ក្នុង​ឃុំតាកែន ស្រុកឈូក ខេត្ត​កំពត​ កាលពីថ្ងៃទី ​៣១​ មីនា។ ហេង ជីវ័ន

​លោកស្រី ឡេង សំភាស់ គ្រូ​​ពេទ្យបើក​បន្ទប់​សម្រាប់​ថែទាំ​ជំងឺ​ទូទៅ ស្ថិតក្នុង​ឃុំ​តា​កែន បានឱ្យដឹងថា ប្រជាពលរដ្ឋ​ក្នុងភូមិ​ភាគច្រើន បាន​មករក​សេវា​ព្យាបាល​លើ​បញ្ហា​ជំងឺ​ផ្ដាសាយ រាក និង​អស់កម្លាំង​ជាដើម​ដែល​ជំងឺ​នេះ​ គឺជា​ជំងឺ​ធម្មតា ដែល​តែងតែ​កើតមានឡើង ចំពោះ​ប្រជាកសិករ​ទៅតាម​រដូវ​កាល​នីមួយៗ និង​តាម​ការហូបចុក​របស់​ពួកគាត់​។ នៅ​រដូវវស្សា​ភាគច្រើន​មាន​អ្នកជំងឺ​ផ្ដាសាយ​ច្រើន នៅពេល​រដូវ​មាន​ផ្លែស្វាយ​​ទុំ​ក៏មាន​អ្នក​រាករូស​ច្រើន​ជាដើម​។ ជា​មធ្យម មាន​ពលរដ្ឋ​មករក​សេវា​ព្យាបាល​ជំងឺ​ទូទៅ​ប្រចាំថ្ងៃ នៅផ្ទះ​របស់​អ្នកគ្រូ​ប្រមាណ ៧-៨ ​នាក់ ​ក្នុង ​១ ​ថ្ងៃ​។ លោក​​ស្រីប្រាប់ថា​៖ «​ពលរដ្ឋ​មករក​សេវា​នៅផ្ទះ​ខ្ញុំ​អ្នកខ្លះ​ត្អូញត្អែរថា ឈឺក្បាល អស់កម្លាំង​។ ខ្ញុំ​តែង​​តែ​ផ្សំ​ថ្នាំ​ឱ្យ​ពួកគាត់​ទៅតាម​អា​​ការ​រោគ​របស់​ពួកគាត់​។ អាការ​អស់កម្លាំង​របស់​ប្រជាពលរដ្ឋ ​គឺ​បណ្ដាលមកពី​ពួកគាត់​ធ្វើស្រែ​ធ្វើ​ចម្ការ​អស់កម្លាំង​ជាធម្មតា​ប៉ុណ្ណោះ​»​។​

​លោក តុង សំណាង ប្រធាន​មណ្ឌល​សុខភាព​កោះស្លា​ដែល​ទទួល​សេវា​ព្យាបាល​ប្រជា​ពល​រដ្ឋ​ទាំង ​១២ ​ភូមិ នៅ​ទូទាំង​ឃុំ​​តា​កែន បញ្ជាក់ថា ជា​មធ្យម​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ព្យា​បាល​នៅ​មណ្ឌល​ចាប់ពី ៥-១០ នាក់​ក្នុង ១ ​ថ្ងៃ ក្នុងនោះ​ភាគច្រើន​ពលរដ្ឋ​មកចាក់​វ៉ាក់សាំង​ឱ្យ​កូន​​ក្មេង និង​ស្ដ្រី​មាន​ផ្ទៃពោះ ក្រៅពីនេះ​មាន ២-៣ ​នាក់ មាន​ជំងឺ​​ផ្ដាសាយ ចុកពោះ ឈឺក្រពះ និង​រលាក​បំពង់ក​ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​អាការ​​រោគ​ដែល​កើតមាន​ចំពោះ​ប្រជា​​ពលរដ្ឋ​នេះ វា​ជា​អាការ​ធម្មតា​ដែល​ពលរដ្ឋ​ឈឺ​ប្រចាំថ្ងៃ ប្រចាំខែ ទៅតាម​រដូវ​កាល​។ ជាធម្មតា​ពលរដ្ឋ​ឈឺ​តែ​អ៊ីចឹង ជាធម្មតា​រាល់​ខែ រាល់ថ្ងៃ រាល់​ឆ្នាំ គឺ​ឈឺ​តែ​អ៊ីចឹង​»​។ លោក ​សំណាង បាន​អះអាងថា ជាច្រើន​ឆ្នាំ​កន្លងមកហើយ នៅ​មណ្ឌល​សុខភាព​កោះស្លា មិន​ដែលមាន​ពលរដ្ឋ​មាន​អាការ​ពុល​អ្វីមួយ​មករក​សេវា​ព្យាបាល​នោះទេ​។​

​លោក ហ៊ុន ឡាក់ បានឱ្យដឹងថា ក្រុមហ៊ុន​ធ្វើ​អ្វី​ទាំងអស់​គឺ​ស្របទៅតាម​កិច្ចព្រមព្រៀង​នៃ​ពិធីសារ​ដែល​ក្រសួង​តម្រូវឱ្យ​ប្រើប្រាស់​តាម​ស្ដង់ដា ​ដើម្បី​បាន​ផល​ចេក​ស្ដង់ដា​នាំ​ចូលទៅ​ប្រ​ទេស​ចិន​។ ចំណែក​គយ​ចិន បាន​ត្រួតពិនិត្យ​តាមដាន តឹងរ៉ឹង​ណាស់ ប្រសិនបើ​មាន​សារធាតុ​អ្វីដែល​មាន​ផ្ទុក​នៅក្នុង​ផ្លែ​ចេក​ដែល​ហាមឃាត់ គឺ​មិនអាច​នាំ​​ចូល​ប្រទេស​ចិន ​បានទេ​។ លោក​បញ្ជាក់ថា​៖ «​គាត់​និយាយ​នេះ គឺ​អត់​ពិត​ទាំងស្រុង​តែម្ដង គឺ​អត់​មាន​មូលដ្ឋាន​ពិតតែ​ម្ដង​។ គាត់​ធ្វើ​តែ​គ្នា​គាត់ ២-៣ ​នាក់ ហើយ​ផ្ដល់​ចេញទៅ​»​។​

​ចំពោះ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​កម្មករ​នៅ​កសិដ្ឋាន​ចេក​វិញ លោក​បានឱ្យដឹងថា ក្រុម​​ហ៊ុន​ធ្វើ​ទៅតាម​ក្រុមប្រឹក្សា​ការ​​ងារ​របស់​ខេត្ដ និង​ក្រសួង​ការ​​ងារ​ក្នុងនោះ ក្រសួង​បាន​កំណត់ថា ប្រាក់ខែ​ការងារ​ក្រុមហ៊ុន​ត្រូវដាក់​ក្នុង​បន្ទាត់ ១៨២ ​ដុល្លារ​ឡើងទៅ​។ ចំណែក​ប្រាក់ខែ​កម្មករ នៅ​ក្រុមហ៊ុន​ឡើងដល់​ជាង ​២០០ ដុល្លារ​។ ប្រាក់ខែ​ឡើងដល់ ២០០ ដុល្លារ​ជាង​នេះ គឺ​ឱ្យធ្វើ​ទៅតាម​ម៉ែត្រ​វាស់​ការងារ​របស់​ក្រសួង​។

​លោក​បន្តថា កម្មករ​ម្នាក់ៗ យើង​លើក​ទឹក​ចិ​ត្ដ​ឱ្យ​គាត់​បញ្ចេញ​សមត្ថភាព អ្នកណា​ដែល​អាច​កាត់​ចេក​បាន ២ ​ពាន់​ស្ទង ក្នុង ១ ​ថ្ងៃ គឺ​គេ​ចាប់ផ្ដើម​កំណត់ឱ្យ​ប្រាក់ខែ​ចាប់ពី ១៨២ ​ដុល្លារ បូក​នឹង ២០ ហើយ​បូក​នឹង ២០ ថែមទៀត​។​បានន័យថា ក្នុង​ម្នាក់ធ្វើ​ចំនួន ២ ​ពាន់​ដើម​ក្នុង ១ ​ថ្ងៃ គឺ​ទទួលបាន​ប្រាក់ខែ​ជាង ២០០ ​ដុល្លារ​។ លោក​បញ្ជាក់ថា​៖ «​ការ​​វិនិយោគ​នៅក្នុង​វិស័យ​ដំណាំ​កសិពាណិជ្ជកម្ម​នាំចេញ​នេះ ​គឺមាន​សុខភាព​ល្អ​ណាស់ មិនមាន​បញ្ហា​អ្វី​ទេ​។ ដំណើរការ​នៃ​ការនាំចេញ កម្លាំង​ពលកម្ម និង​ជំនាញ​នីមួយៗ​គឺ​សុទ្ធតែ​ត្រឹមត្រូវ​ល្អ​ទាំង​អស់ហើយ​ការ​​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​គឺមាន​បច្ចេក​​ទេស​ត្រឹមត្រូវ​តាម​ស្ដង់ដា​ណែ​​នាំ​របស់​ក្រសួង​»​។​

​លោក ខឹម ឡុ​ក អតីត​កម្មករ ក្រុមហ៊ុន Longmate ដែល​ត្រូវ​​បាន​បញ្ឈប់​ពី​ការងារបាន​ប្រាប់ថា លោក​បាន​ចូលធ្វើ​ការងារ នៅ​ចម្ការចេក​របស់​ក្រុមហ៊ុន​នេះ តាំងពី​ការចាប់ផ្ដើម​ឈូសឆាយដី​ចម្ការ​ដំបូង​អំឡុង​ឆ្នាំ​ ២០១៧-២០១៨​។ ដំណើរ​ការងារ​នៅ​ចម្ការចេក​នេះ​ពីដំបូង​កម្មករ​ម្នាក់​​មើលថែ​ដើម​ចេក ២​ ពាន់​ដើម បាន​ប្រាក់ខែ ១៨០ ដុល្លារ ហើយ​បើ​ធ្វើការ​ថែម​ម៉ោង អាច​បាន​ជាង ២០០ ​ដុល្លារ​។ ប៉ុន្ដែ​ចាប់​​ពី​ឆ្នាំ​ ២០២០ មក ក្រុមហ៊ុន​បាន​ប្ដូរ​របៀប​ធ្វើ​ការងារ ថែម​ការងារ​ឱ្យ​កម្មករ ទើប​លោក​ខឹង​បង្ហោះ​​សា​រលើ​ហ្វេ​ស​ប៊ុ​ក ឈានដល់​មានរឿង​ជាមួយ​ក្រុមហ៊ុន រហូត​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​រូប​​លោក​ពី​ការងារ​។

​លោក​បញ្ជាក់ថា​៖ «​គេ​បញ្ឈប់​ខ្ញុំ ដោយសារ​ខ្ញុំ​ចូលក្នុង​សហ​ជីព​ផង ដោយសារ​កិច្ចការងារ​​វា​លំបាក​ពេក ខ្ញុំ​ក៏​នាំគ្នា​ចងក្រង​ជា​សហជីព​ហើយ​គេ​ដឹង​ក៏​យក​លេស​នេះ លេស​នោះ​បញ្ឈប់​ខ្ញុំ​»​។​

​តាម​សារ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក ខឹម ឡុ​ក កាលពី​ថ្ងៃទី ​២០ ខែ កក្កដា ឆ្នាំ ​២០២០ បានសរសេរថា​៖ «​តើ​ពួក​ខ្ញុំ​សង្ឃឹម​អី​ទៀត ក្រុមហ៊ុន​ឡង់​ម៉េ​ត ធ្លាប់តែ​ធ្វើ ២ ០០០ ​ដើម ប្រាក់ខែ​២៣០​ ដុល្លារ ឥឡូវ ២ ៥០០ ដើម បានតែ ១៨០ ​ដុល្លារ ​ក្នុង ​១ ​ខែ​។ អត់​មាន​អាទិត្យ បូក​ថ្ងៃមុន​ទាំងអស់​។ ២ ០០០ ​ដើម ធ្វើ​មិន​ហើយ​ផង កាត់លុយ ទម្រាំ​តែ ២ ៥០០ ​ដើម ថែមទៀត មិន​ជួយ​អាណិត​កម្មករ​ផង​»​។​

​លោក បុ​ន សាវ ប្រធាន​ផ្នែក​រដ្ឋបាល និង​ធនធានមនុស្ស ក្រុមហ៊ុន Longmate បានឱ្យ​​ដឹងថា ក្រុមហ៊ុន​សម្រេច​បញ្ឈប់​លោក ខឹម ឡុ​ក ពី​ការងារ កាល​​ពីថ្ងៃ​ទី ​២៣ ខែ កក្កដា ឆ្នាំ ​២០២០ ដោយសារ លោក ខឹម ឡុ​ក និយាយ​ព័ត៌មាន​មិន​ពិត​។ លោក​​បញ្ជាក់ថា​៖ «​លោក ខឹម ឡុ​ក ធ្វើ​​ការផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​និយាយ​ព័ត៌មាន​អត់​ពិត ក្រុមហ៊ុន​ក៏បាន​

​រៀបចំ​ឯកសារ​បញ្ចប់​គាត់​តាំង​​ពី​ឆ្នាំ ​២០២០»​។​

​យោងតាម​សេចក្ដីជូនដំណឹង​ស្ដីពី​ការបញ្ឈប់​កិច្ចសន្យា​ការ​​ងារ​លោក ខឹម ឡុ​ក របស់​ក្រុម​​ហ៊ុន Longmate កាលពី​ថ្ងៃទី​ ២៣ ខែ កក្កដា ឆ្នាំ ​២០២០ បានសរសេរថា ការបញ្ឈប់​នេះ យោងទៅតាម​កំហុស​ជាក់ស្ដែង​ដែល​លោក ខឹម ឡុ​ក បាន​ប្រព្រឹត្ត​កាល​​ពីថ្ងៃ​ទី​ ២០ ខែ កក្កដា ឆ្នាំ ​២០២០ ដោយសារ​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​​ប៊ុ​ក​ផ្ទុយ​ពី​ការពិត​ធ្វើឱ្យប៉ះពាល់​ដល់​កិ​ត្ដិ​យស​របស់​ក្រុមហ៊ុន​យ៉ាងធ្ងន់ធ្ងរ​។

​លោក បុ​ន សាវ បានឱ្យដឹងថា នៅក្នុង​កសិដ្ឋាន​ដាំចេក​របស់​ក្រុមហ៊ុន Longmate ធនធាន​​មនុស្ស​បាន​បែង​ចែកជា ៣​ ផ្នែក​ធំៗ ទី​១ ផ្នែក​ថែទាំ​ការដាំដុះ ផលិត ទី​២ ផ្នែក​វេច​ខ្ចប់ និង​ទី​៣ ផ្នែក​ខាង​ប្រមូល​ផល​ដែល​សរុប​បុគ្គលិក និង​កម្មករ​ទាំងអស់​មាន​ប្រមាណ ៧០០ ​នាក់​។

​លោក​ពន្យល់ថា ទី​១ ផ្នែក​ថែទាំ​ការដាំដុះ ផលិត​នេះ គឺ​ក្នុង​កម្មករ​ម្នាក់ ក្រុមហ៊ុន​តម្រូវឱ្យ​ថែទាំ​ដើម​ចេក​ចំនួន ២ ៥០០ ដើម ក្នុង​ដើម​ចេក ២ ៥០០ ​ដើម​នេះ គឺជា​ការទទួលខុសត្រូវ​របស់​កម្មករ​ម្នាក់ៗ ដោយ​កម្មករ​ជា​អ្នក​ចុះកិច្ចសន្យា​ម៉ៅការ​ជាមួយ​ក្រុមហ៊ុន​។ ចំពោះ​ការ​មើលថែ​ដើម​ចេក ២ ៥០០​ ដើម​នេះ កម្មករ​អាច​ទទួលបាន​ប្រាក់ខែ​ចាប់ពី​ខែ​ទី​១ ​ដល់​ខែ ទី​៤ ​គឺ​ទទួលបាន​ចំនួន ១៨០ ​ដុល្លារ ហើយ​ចាប់​​ពី​ខែ​ទី​៥ រហូតដល់​ខែ​ទី​៨ គឺ​ទទួល​​បាន ​២៥០ ​ដុល្លារ​។ បន្ទាប់ពី​ខែ​ទី​៨ ​ទៅ គឺ​ចេក​ត្រូវបាន​ប្រមូល​ផល​។ នៅពេលដែល​ចេក​ប្រមូល​ផល ក្រុមហ៊ុន​បាន​ជូន​ទិន្នផល​ចេក​ចំនួន ២ ៥០០ ដើម​នេះ ក្នុង​ ១​ គីឡូ ក្រុមហ៊ុន​ផ្ដល់ជូន​កម្មករ ​២០០ ​រៀល​។ បើ​ក្នុង​ ២ ៥០០ ​ដើម គិត​ជា​មធ្យម​បាន​ចំនួន​ ៥៥ ០០០ គីឡូ ដូច្នេះ​គុណ​នឹង​ចំនួន ២០០ រៀល បើ​គិត​ជា​ប្រាក់​ដុល្លារ កម្មករ​អាច​ទទួលបាន​ប្រាក់​​កម្រៃ​ចាប់ពី ២ ពាន់ ទៅ ២ ៥០០ ដុល្លារ​។ ចំនួន​នេះ យកទៅ​ដក​ជាមួយ​ប្រាក់​ដែល​កម្មករ​បាន​បើក​តាម​ខែ​កន្លងមក​សរុប​ជាង ១ ៤០០ ​ដុល្លារ ប្រាក់​ដែល​នៅសល់​គឺ​កម្មករ​ទទួលបាន​។ គោលការណ៍​នេះ ហាក់បីដូចជា​ប្រជាកសិករ​ជា​ថៅកែ​ខ្លួន​​ឯង​។ លោក​បញ្ជាក់ថា​៖ «​គោលការណ៍​នេះ គឺជា​គោលការណ៍​មួយ​ដែល​ប្រជា​កសិករ​យើង​គាត់​ពេញចិត្ដ​មែនទែន​។

​មិនមាន​ប្រជាកសិករ​ណាមួយ ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​យើង​បច្ចុប្បន្ន​មិន​ពេញចិត្ដ​គោលការណ៍​នេះ ហើយ​សុំឱ្យ​ប្ដូរ​ទេ​ក៏ ប៉ុន្ដែ​គ្រាន់តែ​ពេល​អនុវត្ដ​គោល​​ការណ៍​នេះ​ដំបូង​គាត់​អត់​ទាន់​យល់​»​។

​បើតាម​លោក បុ​ន សាវ ក្រុមហ៊ុនបាន​យក​ចិ​ត្ដ​ទុកដាក់ ដល់​សុខុមាលភាព​ប្រជាកសិករ​ដែល​មក​ធ្វើការ​នៅ​ក្រុមហ៊ុន គឺ​បានបានរៀបចំ​សម្ភារ​សម្រាប់​ការពារ​ផ្សេងៗ​គ្នា​ទៅតាម​ផ្នែក​សម្រាប់​ផ្ដល់ជូន​ដល់​បុគ្គលិក​។ ដូចជា​សម្រាប់​ផ្នែក​ផលិត ​គឺមាន​ផ្ដល់​ជា​ម៉ាស់ ជា​ស្រោមដៃ ស្បែក​​ជើង​កវែង​ជាដើម​។ ក្រុមហ៊ុន​ក៏បាន​បង់ថ្លៃ​ធានារ៉ាប់រង​របប​សន្ដិ​សុខ​សង្គម ប​.​ស​.​ស ដល់​កម្មករ​ទាំងអស់​ផងដែរ​។​

​លោក អ៊ឹង ប៉ូ​ហេង ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ដ​កំពត បានឱ្យដឹងថា តាមរយៈ​ការវិនិយោគ​ចម្ការចេក​របស់​ក្រុមហ៊ុន Longmate នៅក្នុង​ស្រុក​ឈូក​នេះ បាន​ចូលរួម​ផ្ដល់​ការងារ​ជិត​ ១​ ពាន់​កន្លែង​ដល់​ប្រជា​​ពលរដ្ឋ​នៅ​តំបន់​នោះ​ឱ្យមាន​ការងារ​ធ្វើ និង​អាចឱ្យ​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​ប្រចាំខែ​សម្រាប់​គ្រួសារ​។ លោក​ថ្លែងថា​៖ «​ក្រុមហ៊ុនបាន​អនុវត្ដ​ស្ដង់ដា​ការងារ ទៅតាម​ច្បាប់​ការងារ​។ ចំណែក​ករណី​ក្រុម​​ហ៊ុន​បញ្ឈប់​កម្មករ​នា​ពេលកន្លងមក​នោះ គឺ​យើង​បាន​ដោះស្រាយ​រួច​អស់ហើយ បើ​មាន​បញ្ហា​អ្វី​ទៀត សហជីព​នឹងដាក់​បណ្ដឹង​មក​មន្ទីរ​ហើយ​»​។​

​លោក​បានឱ្យដឹងថា មន្ទីរ​ការងារ​តែងតែ​ចុះទៅ​ធ្វើ​អធិការកិច្ច​នៅ​ក្រុមហ៊ុន Longmate ដើម្បី​ពិនិត្យមើល​ការគ្រប់គ្រង​កម្លាំង​ពលកម្ម​របស់​កម្មករ​។ លោក​ថ្លែងថា​៖ «​យើង​ទើបតែ​ទៅធ្វើ​អធិការកិច្ច​ក្នុងពេល​ថ្មីៗ​ថែម​ដែរ យើង​បាន​សាកសួរ​ព័​ត៌​​មាន​ដល់​បងប្អូន​កម្មករ​យើង​សង្កេតឃើញថា ក្រុមហ៊ុនបាន​អនុវត្ដ​ប្រសើរ​ជាង​ច្បាប់​ការងារ​កំណត់​ទៅទៀត​។ បានន័យថា ទិដ្ឋភាព​ការងារ របស់​កម្មករ​រៀបចំ​បាន​ទីតាំង​ល្អ ហើយ​លទ្ធផល​ពី​ការសម្ភាស​កម្មករ​គឺ​ទទួលបាន​លទ្ធផល​ល្អ​»​។​

​លោក ចាន់ រិ​ទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ដ​កំពត បានឱ្យដឹងថា ក្រុមហ៊ុន Longmate គឺមាន​កិច្ចសហការ​ផ្ទាល់ ជាមួយនឹង​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន បើសិនជា​ការផលិត​ផលិតផល​ចេក​មាន​បញ្ហា​នោះ​កម្ពុជា​មិនអាច​នាំ​ចេក​ចេញទៅ​ប្រទេស​ចិន​ បានទេ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ខ្លី​ថា ក្រុមហ៊ុន​នេះ គេ​សហការធ្វើ​ផ្ទាល់ជាមួយនឹង​ក្រុមហ៊ុន​ចិន​ដែល​គេ​ជា​អ្នក​ទទួល​ទិញ​ផ្ទាល់ បើសិនណា​គេ​ប្រើ​ថ្នាំ​ខុសគេ​មិន​នាំទៅ​ស្រុក​គេ​បានទេ​។ យើង​គ្រាន់​​តែ​បញ្ជាក់​ខ្លី​បែបនេះ​ទៅ​ដឹង​ហើយ​»​។

​លោក​បន្តថា​៖ «​ក្រុមហ៊ុន​នេះ មាន​ក្រុមការងារ​ជំនាញ​មកពី​ប្រទេស​ចិន​ មក​ចុះ​ធ្វើ​ការងារ​ផ្ទាល់ ហើយ​មានការ​ត្រួតពិនិត្យ​គុណភាព​មុននឹង​ការនាំចេញ​ទាំងអស់ អ៊ីចឹង​មិនអាច​មាន​បញ្ហា​អ្វី​កើតឡើង​ទេ​»​។​

​បើតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម​ក្រុមហ៊ុន Longmate Agriculture Co., Ltd គឺជា​ក្រុមហ៊ុន​វិ​និ​​យោគ​រួមគ្នា​រវាង​កម្ពុជា​-​ចិន បានធ្វើការ​វិនិយោគ​ដាំចេក​អំបូង​លឿង លើ​ផ្ទៃដី

៤ ០០​ ហិកតា ក្នុងស្រុក​ឈូក ខេត្តកំពត​។ ក្រុមហ៊ុន​នេះ បាន​ចាប់ដំណើរការ​ផលិត​​កម្ម​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៧ ហើយ​នៅ​ខែមករា ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​បានធ្វើ​ការនាំចេញ​ជា​លើកដំបូង​ទៅ​ទីផ្សារ​។ ក្នុង​ឆ្នាំ ​២០១៩ កម្ពុជា បាន​នាំចេញ​ចេក​ចំនួន ១ ៥៥៤​ ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៥៩ ៣៣៦ ៨៥៤ ​ដុល្លារ ទៅកាន់​ទីផ្សារ​អាស៊ី និង​អូ​សេ​អា​នី​។ នេះ​បើតាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម​។ ក្រសួង​បានឱ្យដឹងថា នៅ​ឆមាស​ទី​១ ឆ្នាំ ​២០២០ ការនាំចេញ​ចេក​មាន​ចំនួន ១៤ ២០៤​ ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៦៨ ៥៦២ ៧៩៣ ​ដុល្លារ និង​មាន​ទិសដៅ​នាំចេញ​ទៅកាន់​អឺរ៉ុប អាស៊ី អូ​សេ​អា​នី និង​ទីផ្សារ​ដ៏​សំខាន់​មួយទៀត​ គឺ​ប្រទេស​ចិន​។ នៅក្នុង​រយៈពេល ៣​ ខែ​ដើមឆ្នាំ​​ ២០២២​​ នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ដែល​អគ្គនាយក​​ដ្ឋា​ន​កសិកម្ម​ទទួលបាន​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) មាន​បរិមាណ​សរុប ៣ ៤៣៤ ០៧០,៦៣ ​តោន ទៅកាន់​ទិសដៅ ៥៧ ប្រទេស គឺមាន​ការកើនឡើង​ចំនួន ៣៤៤ ៨៦០,៧១​ តោន ស្មើនឹង ១១,១៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២១ ដែល​ទទួលបាន​ត្រឹមតែ ៣ ០៨៩ ២០៩,៩២ តោន​។ នេះ​បើតាម លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ​។ រដ្ឋាភិបាល​ប្រទេស​ចិន​ បានទទួល​ស្គាល់ និង​អនុញ្ញាតឱ្យ​​ក្រុមហ៊ុន​ចំនួន​ ៩ ដែលមាន​លក្ខណ​​សម្បត្តិ​គ្រប់គ្រាន់​អាច​នាំចេញ​ផ្លែ​ចេក​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​បាន​។​

​លោក ហ៊ុន ឡាក់ បាន​បញ្ជាក់ថា ទៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន Longmate មាន​គម្រោង​ពង្រីក​កសិដ្ឋាន​ដាំចេក​នេះ​​បន្ថែមទៀត ប៉ុន្ដែ​មិនទាន់​ដឹងថា​ត្រូវ​ពង្រីក​ចំនួន​ប៉ុន្មាន​នោះទេ​។ លោក​ថា នៅពេលដែល​ក្រុមហ៊ុន​ពង្រីក​កសិដ្ឋាន ចំនួន​កម្លាំង​ពលកម្ម​ក៏មាន​តម្រូវការ​បន្ថែម​ទៀតផង​ដែរ​៕​