ភ្នំពេញ៖ លោក ហ៊ុន ម៉ានី សមាជិក​រដ្ឋសភា មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថ្លែងថា កម្លាំង​ប្រជាការពារ​បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត មិន​គិតថា ពេលយប់ ឬ​ពេល​ថ្ងៃ​ឡើយ គឺមាន​គោលដៅ​តែមួយគត់ ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។


លោក ហ៊ុន ម៉ានី ថ្លែង​ដូច្នេះ នៅពេល​លោក​ធ្វើជា​តំណាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី​ ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរ​សុខទុក្ខ និង​ចែក​អំណោយ​ដល់​កងកម្លាំង​សន្តិសុខ​របស់​រាជធានី​ភ្នំពេញ​ជាង ៧០០ ​នាក់ នៅ​កោះពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន នា​ព្រឹក​ថ្ងៃទី ​១២ ខែមេសា​។

លោក​ថ្លែងថា​៖ 《​ប្រជាការពារ​នៅ​រាជធានី​ភ្នំពេញ​បាន​លះបង់​នូវ​កម្លាំងកាយ កម្លាំងចិត្ត មិន​ថា​យប់ ថ្ងៃ ក្តៅ​រងា ឬ​មាន​ភ្លៀង​ធ្លាក់​នោះទេ ពួកគាត់​តែង​បំពេញ​ការងារ​មិន​ខ្លាច​នឿយហត់​ឡើយ​ក្នុង​គោលបំណង​តែមួយគត់ គឺ​រក្សា​ឱ្យបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ នៅក្នុង​រាជធានី​ភ្នំពេញ ពិសេស គឺ​រក្សា​ឱ្យបាន ភូមិ ឃុំ មាន​សុវត្ថិភាព​》​។


លោក​បន្តថា ប្រជាការពារ សម្រាប់​ថ្នាក់ដឹកនាំ​ពិតជា​បានដឹង និង​នៅ​ជាមួយ​បងប្អូន​ប្រជាការពារ​ជានិច្ច ដើម្បី​រួមគ្នា​ជា​ធ្លុង​មួយ​ក្នុង​ទិសដៅ​តែមួយគត់ គឺ​រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ​ និង​ធ្វើយ៉ាងណា​ឱ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​។

ជាមួយ​គ្នានេះ​លោក ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឱ្យដឹង​ផងដែរ​ថា សម្រាប់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ គឺ​តែងតែ​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាការពារ មន្ត្រី និង​កងកម្លាំង​ប្រដាប់អាវុធ​ជានិច្ច​។ នេះ​ជាការ​បង្ហាញ​ឱ្យ​ឃើញ​អំពី​មនោសញ្ចេតនា​ស្រឡាញ់​រាប់អាន ការផ្ដល់​តម្លៃ និង​ការគិតគូរ​ជាប្រចាំ​សម្រាប់​មន្ត្រី​ក្រោមឱវាទ ពិសេស​គឺ​បងប្អូន​ប្រជាការពារ​នៅ​រាជធានី​ភ្នំពេញ​។


លោក​បន្តថា ចលនា​ប្រជាការពារ​គឺជា​កម្លាំង​ស្ម័គ្រចិត្ត ដើម្បី​រួមចំណែក​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ក្នុង​មូលដ្ឋាន​សង្កាត់ ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ 《​កម្លាំង​ប្រជា​ការពារ​ជា​ជំនួយការ​យ៉ាងសំខាន់​របស់​អាជ្ញាធរ និង​កងកម្លាំង​ប្រដាប់អាវុធ​ទៅលើ​ការងារ​មួយចំនួន​ដូចជា​ការងារ​សម្រួល​ចរាចរណ៍ ការសម្អាត​អនាម័យ​បរិស្ថាន​ជាមួយ​នឹង​ការងារ​សង្គ្រោះ​បឋម​ផងដែរ​》​។

បើតាម​លោក​ ឃួង ស្រេង ជាងនេះទៀត ប្រជាការពារ ក៏​ជា​អ្នក​ប្រយុទ្ធ​ប្រឆាំង​យ៉ាងខ្លាំង​ក្លា​ផងដែរ​ទៅនឹង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩៕