ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការបានគូសបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ នឹងធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនតាមផ្លូវទឹក ភ័ស្តុភារកម្ម និងបណ្តាញផ្លូវទឹករបស់កម្ពុជាមានការតភ្ជាប់ដោយរលូន និងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ព្រមទាំងជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោក។
លោកទេសរដ្ឋមន្ត្រីគូសបញ្ជាក់ដូច្នេះក្នុងពេល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) តំណាងឱ្យក្រុមហ៊ុនCCCC Transportation Consultants Co., Ltd តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ទាក់ទងនឹងការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ នៅទីស្តីការក្រសួងថ្ងៃទី២២ ខែមេសានេះ។
លោកទេសរដ្ឋមន្ត្រីបន្តថា កម្ពុជាសម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេ ដែលរួមមានទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែ កម្ពុជាមិនទាន់បានទាញយកសក្ដានុពលដ៏ធំធេងនៃធនធានធម្មជាតិទាំងអស់នោះមកប្រើប្រាស់ឱ្យបានក្នុងកម្រិតអតិបរមានៅឡើយនោះទេ។
លោកបញ្ជាក់ថា៖ «ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់នេះ នឹងធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន»៕