ភ្នំពេញៈ កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឆ្មក់​បង្ក្រាប​ទីតាំង​លក់​សាច់​សត្វព្រៃ​មួយ​កន្លែង​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដោយ​ដកហូត​បាន​សាច់​សត្វ​ព្រៃ​បាន​ជាង ១៥ គីឡូក្រាម កាល​ពី​ថ្ងៃទី ២២ ខែ​មេសា ក្រោយ​ពី​ធ្វើការស្រាវជ្រាវ​អស់​រយៈពេល​ប្រមាណ​ជា ១ ខែ​រួច​មក។


លោក គាំ សីហា នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​សៅរ៍​ ទី ២៣ ខែ​មេសា​នេះ​ថា សាច់​សត្វព្រៃ​ដែលឆែកឆេរ​ឃើញ និង​ដកហូត​មាន​សាច់​ជ្រូក​ព្រៃ​ស្រស់​ជាង ៥ គីឡូក្រាម និង​សាច់​សត្វឈ្លូស​ចំនួន ១០​គីឡូក្រាម។

លោក​បាន​បញ្ជាក់​ថា៖ «គាត់​លក់​សាច់​ហ្នឹង​តាម​អនឡាញ។ ប្រហែល​គាត់​មិន​ដឹង​ថា ការ​លក់ហ្នឹង​ខុស​ច្បាប់​ទេ។ មិន​ដឹង​លក់​យូរហើយ ឬ​ទើប​លក់​ទេ។ យើង​មាន​ក្រុម IT យើង​តាមដាន ហើយ​បាន​រាយការណ៍។ យើង​បាន​ស្រាវជ្រាវ​ប្រហែល ១ខែ ទើប​រក​កន្លែង​លក់​ឃើញ»។ លោក​បាន​បន្ត​ថា ករណី​នេះ​កំពុងតែ​ស្ថិត​នៅ​ក្នុង​ដំណើរការ​នីតិវិធី​ច្បាប់​នៅ​ឡើយ។


លោក គាំ សីហា ក៏​បាន​ធ្វើ​ការ​កត់​សម្គាល់​ផងដែរ​ថា ការ​លក់​ដូរ​សាច់​សត្វព្រៃ​ក្នុង​រាជធានី​ភ្នំពេញ​កាន់​តែ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់ និង​ពលរដ្ឋ​មាន​ការ​យល់ដឹង​ពី​បញ្ហា​នេះ​កាន់​តែ​ច្រើន​ឡើង។ ប៉ុន្តែ​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ដែល​មិនទាន់​បាន​យល់​ដឹង​នៅ​ឡើង។ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឈប់​លក់​ដូរសាច់​សត្វព្រៃ​បែប​នេះ​ទៀត ព្រោះ​ថា​វាជា​មុខរបរខុសច្បាប់ ហើយ​ចូលរួម​ជួយ​ថែ​រក្សា​ធនធាន​ធម្មជាតិ ក៏​ដូចជា​សត្វព្រៃ​ឱ្យ​បាន​គង់វង្ស៕