ភ្នំពេញៈ ខណ្ឌរដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​បាននិង​កំពុង​តែ​ចាត់ការ​ផ្លូវច្បាប់​លើ​ឈ្មួញ​លក់ដូរ​សាច់ សត្វព្រៃ​ក្រោយពី​សហការ​ជាមួយនឹង​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឆ្មក់​បង្ក្រាប​ទីតាំង​លក់​សាច់​សត្វព្រៃ​ ១ ​កន្លែង​ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយ​ធ្វើ​ការដកហូត​សាច់សត្វ​ព្រៃ​ស្រស់​បាន​ជាង​ ១៥ ​គីឡូក្រាម​កាលពី​ថ្ងៃទី​ ២២ ខែមេសា​។


លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍ ទី​ ២៣​ ខែមេសា​ថា សាច់សត្វ​ព្រៃ​ដែល​ឆែកឆេរ​រកឃើញ និង​ដកហូត​ទាំងនោះ​រួមមាន​សាច់ជ្រូក​ព្រៃ​ស្រស់​ជាង​ ៥​ គីឡូក្រាម និង​សាច់សត្វ​ឈ្លូស​ចំនួន​ ១០​ គីឡូក្រាម​។ លោក​ថា ការបង្ក្រាប​នេះ​ត្រូវបាន​ធ្វើឡើង ក្រោយ​ពេលដែល​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ប្រមាណ​ជា​ ១ ​ខែ​រួចមក​។

លោក​ថា​៖ «​គាត់​លក់​សាច់​ហ្នឹង​តាម​អនឡាញ​។ ប្រហែល​គាត់​មិនដឹងថា ការលក់​ហ្នឹង​ខុសច្បាប់​ទេ​។ មិនដឹង​លក់​យូរហើយ ឬ​ទើប​លក់​ទេ​។ យើង​មាន​ក្រុម​ IT ​យើង​តាមដាន ហើយ​បាន​រាយការណ៍​មក​។ យើង​បាន​ស្រាវជ្រាវ​ប្រហែល​ ១ ​ខែ ទើប​រក​កន្លែង​លក់​ឃើញ​»​។


អត្តសញ្ញាណ​របស់​អ្នកលក់​នោះ​មិនត្រូវ​បានបង្ហាញ​នោះទេ​។ លោក​បាន​បន្តថា ករណីនេះ​កំពុងតែ​ស្ថិតនៅក្នុង​ដំណើរការ​នីតិវិធី​ច្បាប់​នៅឡើយ​។

លោក​ គាំ សីហា​ក៏បាន​ធ្វើការ​កត់សម្គាល់​ផងដែរ​ថា ការលក់ដូរ​សាច់​សត្វព្រៃ​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ថយចុះ​ពី​ ១ ​ឆ្នាំទៅ ​១ ឆ្នាំ ដោយសារតែ​ការអនុវត្ត​ច្បាប់ និង​ពលរដ្ឋ​មាន​ការយល់ដឹង​ពី​បញ្ហា​នេះ​កាន់តែ​ច្រើនឡើង​។


លោក ​កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ​ថ្លែង នៅ​ថ្ងៃអាទិត្យ ទី​ ២៤ ខែមេសា ថា ​អ្នកប្រព្រឹត្ត​បទល្មើស​តែងតែ​ផ្លាស់ប្តូរ​ការរកស៊ី​លក់ដូរ​សាច់ ឬក៏​សត្វព្រៃ​ពី​រូបភាព​មួយ​ទៅ​រូបភាព​មួយទៀត ដែល​នេះ​ជាការ​បង្កឱ្យមាន​ការព្រួយបារម្ភ​មួយ​ផងដែរ​៕