ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បាន​ជំរុញ​ឱ្យ​ស្ថាប័នរដ្ឋ និង​ឯកជន​នៅ​ទូទាំង​ប្រទេស គួរតែបង្កើត​ឱ្យមាន​ទីតាំង ឬ​បន្ទប់​សម្រាប់​ស្ត្រី​បំបៅកូន​ដោយ​ទឹកដោះ និង​ទារកដ្ឋាន ដើម្បី​ជា​ការជួយ​សម្រួល​ដល់​ស្ត្រី​ជា​ម្តាយ​អាច​បន្ត​បំបៅ​ដោះ​កូន​បាន បើទោះបីជា​ពួកគាត់​វិល​មកកាន់​កន្លែងធ្វើការ​វិញ​ក៏ដោយ​។


លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែងថា ក្រសួង​ទើបតែ​ចាប់ផ្តើម​ឱ្យមាន​ដំណើរការ​បន្ទប់​បំបៅ​ដោះ​កូន​ និង​ទារកដ្ឋាន ដែលមាន​ដំបូង គឺ​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ដោយសារ​ការបារម្ភ​ពី​ការមិនមាន​អ្នក​មើលថែទាំ​កូន បន្ទាប់ពី​ពួកគាត់​វិល​ចូលធ្វើការ​វិញ ក្រោយពេល​សម្រាល​មាតុភាព​រួច​។

លោកស្រី​បាន​ប្រាប់ថា​៖ «​ការបង្កើតឱ្យមាន​កន្លែង​បំបៅ​ដោះ​កូន និង​ទារកដ្ឋាន​នៅតាម​ទីកន្លែង​ធ្វើការ យើង​សង្ឃឹមថា ស្ត្រី​យើង​នឹងមាន​ភាពងាយស្រួល​ជាង​មុន និង​មក​បំពេញការងារ​បាន​ជាប់លាប់ ហើយក៏​លែង​បារម្ភ​ពី​កូន​ផងដែរ​។ មួយ​វិញទៀត​ក៏​អាច​នឹង​កាត់បន្ថយ​នូវ​អវត្តមាន​របស់​បុគ្គលិក​ដែរ​»​។


បើតាម​មន្ត្រី​សុខាភិបាល​រូបនេះ ក្រសួង​កំពុង​ចាប់ផ្តើម​អនុវត្ត​ជា​បណ្តើរៗ ហើយ​គ្រោង​នឹង​ពង្រីក​ទៅតាម​ទីកន្លែង​ផ្សេងៗ​ទៀត​ដែល​អាច​នឹង​ត្រូវការ​រយៈពេល​ ៥ ទៅ ​៦ ​ខែ ឬ​ ១ ​ឆ្នាំ​ទៀត​។

លោកស្រី ប្រាក់ សោភ័ណនារី បញ្ជាក់ថា​៖ «​ជា​គោលដៅ​របស់​យើង យើង​ចង់ឱ្យ​គ្រប់​ស្ថាប័ន គ្រប់កន្លែង​ធ្វើការ​ទាំងអស់ មិនថាតែ​រោងចក្រ ក្រុមហ៊ុន អង្គការ ឬ​គ្រឹះស្ថាន សហគ្រាស​ធំតូច​ទេ គឺ​យើង​ចង់ឱ្យមាន​បន្ទប់​បំបៅ​ដោះកូន និង​ទារកដ្ឋាន​នេះ​គ្រប់កន្លែង​ទាំងអស់ ដើម្បី​ងាយស្រួល និង​បង្ក​លទ្ធភាព​ឱ្យ​ស្រី្ត​មានកូន​តូច​មក​បំពេញ​ការងារ​ទៀងទាត់ និង​រីករាយ​»​។


ទោះយ៉ាងណា លោកស្រី​មិនទាន់​អាច​ផ្តល់​បានទេ​ថា មកដល់​ពេល​បច្ចុប្បន្ន មាន​កន្លែង​បំបៅ​ដោះ​កូន និង​ទារកដ្ឋាន​ប៉ុន្មាន​នៅឡើយ​ទេ នៅ​ទូទាំង​ប្រទេស​។

គួរ​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​កិច្ចប្រជុំ​កំពូល​ពិភពលោក នាទី​ក្រុង​តូក្យូ​កាលពី​ខែធ្នូ ឆ្នាំ ​២០២១ ស្តីពី​អាហារូបត្ថម្ភ​ដើម្បី​កំណើន ក្នុង​ការ​កាត់បន្ថយ​អត្រា​ក្រិស​ក្រិន​ឱ្យ​ចុះមក​ត្រឹមតែ​ ១៩% និង​បង្កើន​អាត្រា​ការ​បំបៅ​ដោះ​កូន​តែមួយគត់ ចាប់ពី​កើត​ដល់​អាយុ​ ៦ ​ខែ​ឱ្យបាន ៨៥% នៅត្រឹម​ឆ្នាំ​ ២០៣០​។

ជាមួយ​គ្នានេះ ក្រសួង​សុខាភិបាល​ក៏បាន​រៀបចំ​យុទ្ធសាស្ត្រ​មួយ​ហៅថា «​យុទ្ធសាស្ត្រ​ប្រាស្រ័យ​ទាក់ទង​ ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​សម្រាប់​លើកកម្ពស់​អាហារូបត្ថម្ភ​មាតា ទារក និង​កុមារ​តូច​នៅ​កម្ពុជា​» ដែលមាន​គោលបំណង​លើកកម្ពស់​ស្ថានភាព​អាហារូបត្ថម្ភ​សុខភាព និង​សុខុមាលភាព​របស់​ស្ត្រី​ និង​កុមារ​កម្ពុជា​តាមរយៈ​ការអនុវត្ត​ទម្លាប់​ល្អៗ​ក្នុងការ​ចិញ្ចឹម​ទារក និង​កុមារ​តូច ដែល​មាន​លក្ខណៈ​ល្អប្រសើរ​បំផុត​។

លោក​ សុខ ស៊ីឡូ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២២ ខែមេសា​ថា សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ព្រមទាំង​ការចិញ្ចឹម​ទារក និង​កុមារ គឺជា​បញ្ហា​អន្តរ​វិស័យ​តម្រូវឱ្យមាន​កិច្ចសហការ​ល្អ ការសម្របសម្រួល ការអន្តរាគមន៍ និង​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម សុខាភិបាល អប់រំ ទឹកស្អាត និង​អនាម័យ គ្រប់គ្រង​ធនធាន​ទឹក គាំពារ​សង្គម យេនឌ័រ និង​វិស័យ​ពាក់ព័ន្ធ​នានា​។

លោក​ថ្លែងថា​៖ «​រីឯ​ការសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​ស្ថាប័នរដ្ឋ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​សហគមន៍ ដើម្បី​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​តាម​វិស័យ និង​អន្តរវិស័យ​ខាងលើ គឺជា​កត្តាចាំបាច់ ដើម្បី​ដោះស្រាយ​ភាពស្មុគស្មាញ​នៃ​ឫសគល់​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​»៕