ភ្នំពេញៈ ប្រទេស​កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​កូវីដ ​១៩ ​ប្រភេទ​ Pfizer ​ប្រមាណ​ជា​ ២ ​លាន​ដូស​បន្ថែមទៀត​ដែលជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​ផ្តល់ជូន​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​តាមរយៈ​យន្តការ​កូវ៉ាក់ ​(COVAX)​ដែល​វ៉ាក់សាំង​ទាំងនេះ​នឹង​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​ ៣ ខែឧសភា នេះ​។


យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​ ២ ខែឧសភា បានឱ្យដឹងថា ជំនួយ​ជា​វ៉ាក់សាំង​កូវីដ​ ១៩​ នេះ​គឺជា​ផ្នែក​មួយ​នៃ​ការជួយ​គាំទ្រ​ជា​បន្ត​របស់​សហរដ្ឋអាមេរិក​ចំពោះ​ប្រជាជន​កម្ពុជា ហើយ​វា​បង្ហាញ​ឱ្យឃើញ​ភាពជា​អ្នកដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​កិច្ច​ការទូត​លើ​វិស័យ​សុខភាព​សាធារណៈ​ផងដែរ​។

ប្រភព​ដដែល​បាន​បន្តថា «​វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ Pfizer​ ចំនួន​ប្រហែលជា ​២ ​លាន​ដូស​នេះ​នឹង​មកដល់​នៅ​ថ្ងៃ​អង្គារ​ទី​ ៣ ខែឧសភា វេលា​ម៉ោង​ ៦:៤៥​ ព្រឹក នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំណត​ពិសេស ដែល​ក្នុងឱកាស​នោះ​នឹងមាន​ការចូលរួម​ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក W.Patrick Murphy និង​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​រួម​នឹង​តំណាង​អង្គការ UNICEF ​និង​អង្គការ​សុខភាព​ពិភពលោក​ផងដែរ​»​។


នេះ​ជា​លើក​ទី​ ២​ ហើយ ដែល​សហរដ្ឋអាមេរិក​បានផ្តល់​នូវ​ជំនួយ​ជា​វ៉ាក់សាំង​កូវីដ​ ១៩ ​មកដល់​ប្រទេស​កម្ពុជា ដែល​ការផ្តល់​វ៉ាក់សាំង​លើក​ទី​ ១ ធ្វើឡើង​កាលពី​ឆ្នាំ​ ២០២១ ​កន្លងទៅ​ដែល​​សហរដ្ឋអាមេរិក​បាន​ផ្តល់នូវ​វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ​ «​ចនសាន់ &​ចនសាន់​» ចំនួន​ជាង​ ១​ លាន​ដូស​តាមរយៈ​យន្តការ​កូវ៉ាក់​។

ទាក់ទង​នឹង​វ៉ាក់សាំង​នេះ​ផង​​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ដែលជា​ដូស​ជំរុញ​បន្ថែមទៀត ដើម្បី​បង្កើន​ភាពស៊ាំ​នៅក្នុង​សហគមន៍​។


លោក​បានលើកឡើង​កាលពី​ថ្ងៃទី​ ២៥ ខែមេសា​កន្លងទៅ​ក្នុងពេល​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩ ​ជា​​អំណោយ​របស់​ប្រទេស អ៊ីតាលី ថា​៖ «​ខ្ញុំ​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ទី​ ៣ សូម​អញ្ជើញ​ទៅ​ចាក់​ឱ្យបាន​គ្រប់ៗ​គ្នា​ ដើម្បី​ពង្រឹង​ភាពស៊ាំ​ក្នុង​សហគមន៍​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ផងដែរ​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​ថា ការយក​ឈ្នះ​លើ​សមរភូមិ​ជំងឺ​កូវីដ-១៩​គឺជា​ការរួបរួម​គ្នា​មួយ​ដ៏​ល្អប្រសើរ​នៅក្នុង​សង្គម​ខ្មែរលើ​គ្រប់​វិស័យ​ទាំងអស់​ជាមួយ​រាជរដ្ឋាភិបាល ហើយ​ការងារ​នេះ​មិនមែន​ជា​រឿង​ធម្មតា​នោះទេ​។

លោក​មានប្រសាសន៍​ថា៖ «​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ មិនមែន​ជា​រឿង​ធម្មតា​នោះទេ វា​គឺជា​រឿង​លំបាក​ណាស់ ប៉ុន្ដែ​ប្រជាពលរដ្ឋ​របស់​យើង រួមជាមួយ​រាជរដ្ឋាភិបាល​គឺជា​ការគួរ​ឱ្យ​លើក​ទឹកចិត្ត​គួរឱ្យ​កោតសរសើរ ទោះបី​ជា​មាន​ជំនឿ​លើ​បក្ស​ណាក៏ដោយ​យើង​ស្រុះគ្នា​ណាស់ ភាព​ស្រុះគ្នា​នេះហើយ​ដែល​បង្កើនបាន​នូវ​ជោគជ័យ​សម្រាប់​យើង​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ​១៩»​។

លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ណែនាំ​ឱ្យ​ខាង​ក្រសួង​សុខាភិបាល​ធ្វើ​ផែនការ​រុញ​កាលបរិច្ឆេទ​នៃ​ការទទួល​យក​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​នឹងត្រូវ​ផ្តល់​វ៉ាក់សាំង​ចំនួន​ ១៥ ​លាន​ដូស​ទៀត ដែល​នឹង​ផ្តល់​មក​កម្ពុជា​ក្នុងអំឡុង​ខែកញ្ញា​ខាងមុខ​នេះ ដោយ​ស្នើឱ្យ​ប្តូរ​មក​ទទួលយក​នៅ​ចុងឆ្នាំ​ ២០២២​ នេះ​វិញ​ដោយសារ​វ៉ាក់សាំង​នៅក្នុង​ឃ្លាំង​សល់​ជាង​ ១០ ​លាន​​ដូស​ទៀត​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹង​​ថា អត្រា​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា គិត​ត្រឹម​ថ្ងៃទី ​១ ខែឧសភា ឆ្នាំ​ ២០២២ ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ ១៦ ​លាន​នាក់ មាន ៩៣,៣៨​ ភាគរយ​។

ក្រសួង​បាន​បន្តថា សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូស​ទី​ ៣​ រួច មាន​ចំនួន​ជាង​ ៨,៥​ លាន​នាក់ និង​អត្រា​អ្នក​ដែល​បាន​ចាក់​ដូស​ទី ​៤ មាន​ចំនួន​ជិត​ ២ ​លាន​នាក់​ផងដែរ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលដៅ​កំណត់​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ដូស​ទី​ ៣ នៅតាម​បណ្ដា​រោងចក្រ សហគ្រាស ទីផ្សារ ទីប្រជុំជន និង​តាម​សាលារៀន ហើយ​លោក​ក៏បាន​កំណត់​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ត្រូវតែ​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ជំរុញ​ដែលជា​ដូស​ទី ​៣ ​ជា​ចាំបាច់​​ផងដែរ ដើម្បី​ការពារ​ការឆ្លង​នូវ​ជំងឺ​កូវីដ​ ១៩៕