
ពិធីសម្ពោតដាក់ឱ្យអនុវត្តកម្មវិធីឆ្លើយតបផ្នែកសុខភាពបន្ទាន់ដល់ពលករចំណាកស្រុកពីថ្ងៃទី១០ ឧសភា ។ រូបថត UN in Cambodia
ភ្នំពេញៈ អង្គការសហប្រជាជាតិប្រចាំកម្ពុជាដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុនបានសម្ពោធដាក់ឱ្យអនុវត្តកម្មវិធីរួមថ្មីមួយដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជាឆ្លើយតបផ្នែកសុខភាពបន្ទាន់ដល់ពលករចំណាកស្រុកកម្ពុជាដែលវិលត្រឡប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី។
កម្មវិធីរួមគ្នាដែលមានឈ្មោះ«ការឆ្លើយតបបន្ទាន់ផ្នែកសុខភាព និងសេដ្ឋកិច្ចសង្គមដល់ជនទេសន្តរប្រវេសន៍វិលត្រឡប់»នឹងដំណើរការរយៈពេល១២ខែ និងផ្តល់ជំនួយនៅក្នុងខេត្តចំនួន៣ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងបាត់ដំបង ដែលជាខេត្តមានពលករចំណាកស្រុកភាគច្រើនឆ្លងព្រំដែនទៅកាន់ប្រទេសជិតខាង។
កម្មវិធីរួមគ្នានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រទេសនៃអង្គការសហប្រជាជាតិដើម្បីកសាងឡើងវិញឱ្យកាន់តែប្រសើរឡើងពីជំងឺរាតត្បាតដោយយកគោលការណ៍សិទ្ធិមនុស្សជាស្នូលក្នុងការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពដល់ប្រជាជនកម្ពុជា។
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថ្លែងក្នុងពិធីសម្ពោធកម្មវិធីនេះកាលពីថ្ងៃទី១០ ខែឧសភា ថា ជំងឺរាតត្បាតកូវីដ១៩ បានបង្កើតនូវភាពមិនច្បាស់លាស់ និងអូសបន្លាយការឆ្លើយតបបន្ទាន់ ជាពិសេសមេរោគបំប្លែងខ្លួថ្មីអូមីក្រុង (Omicron)។ បច្ចុប្បន្ននេះ វិធានការបង្ការ និងត្រួតពិនិត្យការឆ្លងជំងឺរាតត្បាតនៅតាមច្រកព្រំដែន ដែលមានពលករចំណាកស្រុកជាច្រើនវិលត្រឡប់មកវិញដូចជា នៅច្រកព្រំដែនកម្ពុជា-ថៃ នៅតែប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងជំងឺរាតត្បាត។
លោកស្រីថ្លែងថា នៅពេលដែលច្រកព្រំដែនបើកឱ្យដំណើរការហើយវិធានការសុខភាពសាធារណៈត្រូវបានបន្ធូរបន្ថយ ហានិភ័យគឺថាការព្រួយបារម្ភនៃការការរីករាលដាលនៃអំពីជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ជនបទអាចគ្របដណ្តប់ជាបន្តបន្ទាប់លើប្រព័ន្ធសុខភាពដែលផុយស្រួយរួចទៅហើយរបស់កម្ពុជា។
លោកស្រីTamesis ថ្លែងថា៖ «ដូច្នេះ អាទិភាពគឺចាំបាច់ត្រូវពង្រឹងវិធានការទប់ស្កាត់និងការការពារប្រកបដោយភាពឆ្លាតវៃ ដើម្បីទប់ស្កាត់ការឆ្លងមេរោគបំប្លែងខ្លួនថ្មីចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំនៅកម្ពុជា»។
អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថាពលករចំណាកស្រុកទៅកាន់ប្រទេសថៃ មានលទ្ធភាពទទួលបានការធ្វើតេស្ត និងការព្យាបាលជំងឺកូវីដ១៩មានកម្រិត ហើយពលករចំណាកស្រុកជាច្រើនមិនអាចប្រកាន់ខ្ជាប់នូវការណែនាំសុខាភិបាលសាធារណៈ ដោយសារស្ថានភាពជីវភាព និងការងារ ខណៈអ្នកដែលធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ មិនអាចធ្វើចត្តាឡីស័កនៅតាមផ្ទះបាន។
ប្រធានបេសកកម្មនៃអង្គការទេសន្តរប្រវេសន៍ អន្តរជាតិ (IOM) ប្រចាំកម្ពុជា លោកស្រី គ្រីស្ទីន ប៉ាកូ (Kristin Parco)ថ្លែងក្នុងពិធីនេះថា កម្មវិធីរួមនេះនឹងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងប្រព័ន្ធសុខាភិបាលនៅច្រកព្រំដែន សំដៅបង្កើតសង្គមមួយឱ្យកាន់តែមាននិរន្តរភាព មានភាពធន់ និងមានបរិយាប័ន្ន។
លោកស្រីថ្លែងថា៖ «ក្នុងរយៈពេលវែង កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ជាពិសេសការដឹកនាំរបស់រដ្ឋបាលថ្នាក់មូលដ្ឋាន និងដំណោះស្រាយពហុវិស័យ គឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងការត្រៀមលក្ខណៈទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ព្រមទាំងពង្រឹងសមត្ថភាព និងយន្តការការឆ្លើយតប រួមទាំងការឆ្លើយតបនាពេលអនាគតចំពោះវិបត្តិប្រហាក់ប្រហែល»។
លោក Atsushi Karimata អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំកម្ពុជាថ្លែងក្នុងពិធីនេះថា ការធានានូវការឆ្លើយតបផ្នែកសុខភាពនៅច្រកព្រំដែនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីគឺជារឿងចាំបាច់ក្នុងការការពារអាយុជីវិតទាំងពលករចំណាកស្រុកនិងប្រជាជនដែលរស់នៅក្នុងតំបន់គម្រោងផងដែរ។
លោកថ្លែងថា៖«យើងជឿជាក់យ៉ាងមុតមាំថាការរួមចំណែករបស់យើងតាមរយៈIOMនិងក្រុមប្រទេសរបស់អង្គការសហប្រជាជាតិដោយមានទស្សនវិស័យសន្តិសុខមនុស្សនឹងជះផលយ៉ាងសំខាន់ និងមាននិរន្តរភាពចំពោះស្ថានភាពជនទេសន្តរប្រវេសន៍នៅតាមព្រំដែន ជាពិសេសជនដែលងាយរងគ្រោះ ព្រមទាំងនឹងរួមចំណែកដល់ការពង្រីកយន្តការការពារ និងគ្រប់គ្រងជំងឺរាតត្បាត»។
គួរបញ្ជាក់ថា គោលបំណងនៃកម្មវិធីនេះមាន២ គឺទី១លំហូរពលករវិលត្រឡប់តាមព្រំដែនមានភាពប្រសើរឡើងក្រោមការគ្រប់គ្រងប្រកបដោយភាពថ្លៃថ្នូរ និងស្របតាមគោលការណ៍ណែនាំផ្នែកសុខភាព។ គោលបំណងទី២គឺ ប្រព័ន្ធចត្តាឡីស័កនិងការវិលត្រឡប់ប្រកបដោយភាពសមរម្យ ត្រូវបានរៀបចំសម្រាប់ពលករវិលត្រឡប់ឱ្យសមស្របតាមតម្រូវការផ្នែកសុខភាព សុខុមាលភាព និងកិច្ចការពារត្រឹមត្រូវ។
លោកស្រី ប៉ុណ្ណ សំខាន់ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)ថ្លែងក្នុងពិធីនេះថា តាមរយៈការជួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីនេះនឹងជួយកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ដោយសារតែភាពធូរស្រាលក្នុងការចល័តរបស់ប្រជាជន។
លោកស្រីថ្លែងថា៖ « គ.ជ.ប.ជនឹងបន្តចូលរួមគាំទ្រសហការសម្របសម្រួល និងជំរុញគម្រោងថ្មីនេះឱ្យសម្រេចទៅតាមគោលបំណងទាំង២ខាងលើ»៕