ភ្នំពេញៈ ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​រឹតត្បិត​សិទ្ធិសេរីភាព​នៅ​កម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បានបញ្ជាក់​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ដំណើរការ​នយោបាយ​ប្រកបដោយ​បរិយាប័ន្ន​។


ការឆ្លើយតប​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក Anthony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក និង​លោក ប្រាក់ សុខុន កាលពី​ថ្ងៃទី​ ១៣ ខែឧសភា ក្នុងឱកាស​ដែល​លោក​អមដំណើរ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​ ១២-១៣ ខែឧសភា​។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រោយ​ជំនួប​នេះ​ថា​៖ «​លោក​រដ្ឋមន្ត្រី​ការបរទេស [​លោក​ Blinken] បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិមនុស្ស និង​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​។ លោក​ជំរុញ​ឱ្យ​កម្ពុជា​ទម្លាក់ចោល​បទ​ចោទ​ដែលមាន​លក្ខណៈ​នយោបាយ និង​អនុញ្ញាតឱ្យ​អ្នកនយោបាយ​បក្សប្រឆាំង​ចូលរួម​ដោយ​សេរី​ក្នុងការ​បោះឆ្នោត​ខាងមុខ​»​។


នៅក្នុង​ជំនួប​នោះ លោក ប្រាក់ សុខុន បាន​លើកឡើង​​ថា​៖ «​ការបោះឆ្នោត​ពហុបក្ស​នៅ​កម្ពុជា​បានធ្វើ​ឡើងជា​ទៀងទាត់​ចាប់​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ហើយ​ត្រូវបាន​វាយតម្លៃ​ថា បាន​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​ដោយមាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​រាប់ម៉ឺន​នាក់ ការបង្កើត​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​រាប់រយ​ការ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា ប្រតិបត្តិការ​សហជីព​សម្រាប់​ការពារ​សិទ្ធិ​កម្មករ រួមទាំង​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​រាប់ពាន់​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិ និង​សុខុមាលភាព​របស់​ប្រជាជន​»​។

ក្នុង​ពិធី​សំណេះសំណាល​​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ថ្មីៗ​នេះដែរ លោក ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ ថា ដំណើរការ​រឿងក្តី​របស់លោក កឹម សុខា អតីត​ប្រធាន អតីត គណបក្ស​សង្គ្រោះ​ជាតិ គឺជា​​នីតិវិធី​របស់​តុលាការ​តែប៉ុណ្ណោះ ហើយ​លោក​មិន​លូកដៃ​ចូល​នោះទេ​។


លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៦ ខែឧសភា ថា ការជំរុញ​របស់​សហរដ្ឋ​អាមេរិក​ក្នុងការ​អនុញ្ញាត​ឱ្យ​អ្នកនយោបាយ​បក្សប្រឆាំង​ចូលរួម​ដោយ​សេរី​ក្នុងការ​បោះឆ្នោត​ខាងមុខ​គឺជា​ដំណើរការ​ឆ្ពោះទៅមុខ​មួយ​នៅក្នុង​កិច្ចសហការ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ប្រសិនបើ​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ដែល​បានធ្វើ​-​ឡើង​នៅក្នុង​ជំនួប​នេះ​កើតឡើង​ពិតប្រាកដ​មែន​។

លោក​បាន​ថ្លែងបន្តថា វា​ក៏​នឹងធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ កាន់​តែមាន​ភាពស្និទ្ធស្នាល​ និង​ល្អប្រសើរ ព្រមទាំង​ក៏​អាច​ជួសជុល​នូវ​ភាពប្រេះស្រាំ​ខ្លះ​រវាង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ ២ បើសិនជា​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែល​បាន​លើកឡើង​រវាង​រដ្ឋ​មន្ត្រី​ទាំង ​២​ នេះ​ត្រូវបាន​កែលម្អ​កាន់តែ​ប្រសើរឡើង​។

លោក​ គិមអេង បាន​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា សហរដ្ឋ​អាមេរិក​គឺ​លក្ខខណ្ឌ​ចាំបាច់​របស់គាត់​គឺ​ការលើក​កម្ពស់​សិទ្ធិមនុស្ស ការលើកកម្ពស់​សេរីភាព​ការលើកកម្ពស់​ប្រជាធិបតេយ្យ​។ នេះ​ជា​ស្នូល​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​របស់គាត់​ដែរ​។ អ៊ីចឹង​ទោះបីជា​នៅក្នុង​បណ្តា​ប្រទេស​កុម្មុយនីស្ត​ក៏​គាត់​នៅតែ​លើកឡើង​បញ្ហា​នេះ​។ អ៊ីចឹង​ចំណុច​នេះ​បើសិនជា​កម្ពុជា​យើង​ចេះ​ឆក់​ឱកាស គឺអាច​នឹង​ធ្វើឱ្យ​ប្រទេស​របស់​យើង​ហ្នឹង​អាច​នឹងមាន​ការវិវឌ្ឍ​រីកចម្រើន​ដែរ​នៅក្នុង​តំបន់​នេះ ឬក៏​ក្លាយទៅជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ជាមួយនឹង​សហរដ្ឋអាមេរិក ឬក៏​អាចធ្វើ​ឱ្យមាន​មិត្តភាព​ដ៏ល្អ​ប្រពៃ​ទៅ​ថ្ងៃ​អនាគត​»​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នេះ លោក ហ៊ុន សែន បាន​សម្តែង​ការខកចិត្ត​ចំពោះ​សហរដ្ឋអាមេរិក​ចំពោះ​ការបន្ត​ដាក់ទណ្ឌកម្ម​ទិដ្ឋាការ​មកលើ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ចំពោះ​ការចោទ​ប្រកាន់​ថា បដិសេធ ឬ​ពន្យារពេល​ដោយ​គ្មាន​ហេតុផល​សមស្រប​ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួលយក​ពលរដ្ឋ​ខ្លួន ដែល​អាមេរិក​បញ្ជូន​ឱ្យ​ត្រឡប់មក​កម្ពុជា​វិញ​បើទោះបីជា​កម្ពុជា​បាន​អនុវត្ត​យ៉ាងសកម្ម​នូវ​កិច្ចព្រមព្រៀង​ដោយ​ទទួលយក​ពលរដ្ឋ​ខ្លួន ដែល​អាមេរិក​បញ្ជូន​ឱ្យ​ត្រឡប់មក​កម្ពុជា​វិញ​រាប់រយ​នាក់​ក៏ដោយ​។

ក្នុងជំនួប​ទ្វេភាគី​ជាមួយ​លោក Blinken ​នេះ លោក ប្រាក់ សុខុន ក៏បាន​ស្នើ​សហរដ្ឋ​អាមេរិក​ឱ្យ​ពិចារណា​ឡើងវិញ​លើ​ការ​រឹតត្បិត​ទិដ្ឋាការ «​ដោយ​អយុត្តិធម៌​» ​នេះ ដោយ​លោក​បាន​ធានា​ឡើងវិញ​ចំពោះ​លោក Blinken​ អំពី​កិច្ចសហប្រតិបត្តិការ​ពេញលេញ​របស់​កម្ពុជា​ចំពោះ​ដំណើរការ​កិច្ចព្រមព្រៀង​នេះ​។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ អាមេរិក លោក Blinken បានប្រកាស​ការបន្ត​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំនេះ និង​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក ប្រាក់ សុខុន និង​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការគាំទ្រ​ក្នុងការ​ធ្វើឱ្យ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន អាមេរិក​ទទួលបាន​ជោគជ័យ​។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បញ្ជាក់​ថា លោក Blinken បាន​ជំរុញ​ឱ្យ​លោក ប្រាក់ សុខុន ក្នុងតួនាទី​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា​បន្ត​ជំរុញ​អាជ្ញាធរ​មីយ៉ាន់ម៉ា​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ ចំណុច​របស់​អាស៊ាន​ [​កុងសង់ស៊ីស​] ព្រមទាំង​ការបញ្ឈប់​ជាបន្ទាន់​នូវ​អំពើហិង្សា និង​ការរៀបចំ​ឱ្យ​មាន​កិច្ចសន្ទនា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​។

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​រូប​នេះ​បាន​បញ្ជាក់​ឡើងវិញ​នូវ​ការព្រួយបារម្ភ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការសាងសង់​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រាម ដែល​អាច​ជះផល​អវិជ្ជមាន​ដល់​សន្តិសុខ​ក្នុង​តំបន់​។

លោក ប្រាក់ សុខុន ប្រាប់​លោក Blinken ថា ការជួសជុល​កែលម្អ​មូលដ្ឋានទ័ព​ជើងទឹក​រាម​នេះ​គឺ​សម្រាប់តែ​បម្រើឱ្យ​ការពង្រឹង​សមត្ថភាព​កងទ័ព​ជើងទឹក​កម្ពុជា​ប៉ុណ្ណោះ​ ដើម្បី​ការពារ​បូរណភាព​ដែនសមុទ្រ និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​។

ទោះបី​យ៉ាងណា លោក ហ៊ុន សែន ​ថ្មីៗ​នេះ​នៅឯ​ទឹកដី​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់ថា ការចោទប្រកាន់​លើ​កំពង់ផែ​រាម​ថា មាន​វត្តមាន​យោធា​ចិន​គឺជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​ពិត ព្រោះ​កម្ពុជា​មាន​គោលជំហរ​ច្បាស់លាស់ ដោយ​ប្រកាន់​នយោបាយ​អព្យាក្រឹត​អចិន្រៃ្តយ៍​មាន​ចែង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​កម្ពុជា​គ្មាន​នយោបាយ​ជ្រើសរើស​រវាង​ចិន និង​អាមេរិក​នោះទេ​៕