ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចោទសួរ​សហរដ្ឋ​-​អាមេរិក​ថា​តើ​ករណី​គប់​ស្បែកជើង​មកលើ​រូបលោក​នៅឯ​សហរដ្ឋ​-​អាមេរិក កាលពី​សប្តាហ៍​មុន​ជា​​សិទ្ធិ​បញ្ចេញមតិ ឬ​ជា​ហិង្សា​ដោយ​លោក​បញ្ជាក់ថា​តែបើ​ករណី​ត្រូវបាន​ចាត់ទុកជា​សិទ្ធិ​បញ្ចេញមតិ​នៅ​អាមេរិក នៅ​កម្ពុជា​ក៏​ធ្វើ​បានដែរ​។ លោក​ថ្លែង​បែបនេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ «​ក្រុមគ្រូពេទ្យ​សម្តេច​តេជោ ប្រឆាំង​កូវីដ​ ១៩» នៅ​សាល​ពិព័រណ៍​ជ្រោយចង្វារ​​រាជធានី​ភ្នំពេញ​។


កាលពី​សប្តាហ៍​មុន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​រស់នៅ​សហរដ្ឋ​-​អាមេរិក​ដែល​គេ​ស្គាល់​ថា ឈ្មោះ អ៊ុក ទូច បាន​យក​ស្បែកជើង​គប់​មកលើ​លោក ហ៊ុន សែន នៅពេល​លោក​កំពុង​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​របស់លោក​នៅមុន​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​នៅ​ថ្ងៃទី​ ១២- ១៣ ខែឧសភា តែ​ស្បែកជើង​នោះ​មិន​ចំ​លោក​នោះទេ តែ​ចំ​ទូរស័ព្ទដៃ​របស់​អ្នកគាំទ្រ​ម្នាក់​ដែល​កំពុង​ឈរ​ថតរូប​សែលហ្វ៊ី ជាមួយ​លោក​។

លោក​ថ្លែង​ក្នុង​ពិធី​នេះ​ថា ភ្លាមនោះ​បើសិនជា​លោក​បញ្ជា​ឱ្យ​ប្រឆាំង​តបត​វិញ បុរស​ដែល​គប់​ស្បែកជើង​នេះ​អាច​នឹងមាន​គ្រោះថ្នាក់ ព្រោះ​ក្រៅពី​កម្លាំង​អាមេរិក នៅមាន​កម្លាំង​ដែល​មក​គាំទ្រ​លោក​អាចធ្វើ​សកម្មភាព​បាន​ភ្លាម ប៉ុន្តែ​លោក​មិន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​តបត​ដាច់ខាត ដោយ​លោក​អះអាង នេះ​ជា​ភ័ព្វសំណាង​របស់​បុរស​ដែល​គប់​ស្បែកជើង ដែល​លោក​មិន​ធ្វើ​សកម្មភាព​តបត​វិញ​នៅពេលនោះ​។


លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា​៖ «​សុំ​អ្នក​កុំ​ភ្លេច ភាគី​អាមេរិក​ខ្លួនឯង​ដែលជា​អ្នកទទួល ខុសត្រូវ​លើ​បញ្ហា​សន្តិសុខ តើ​ទង្វើ​គប់​បែបនេះ ដោយមាន​ការប៉ុនប៉ង​យ៉ាងច្បាស់ ក្រឡែត​តាមរយៈ​បទសម្ភាស​ដែលមាន តាម​ទៅដល់​សេអ៊ូល [​កូរ៉េខាងត្បូង​] មាន​របៀប​រៀបចំ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យបាន​ចូល ជាការ​ប៉ុនប៉ង ហើយក៏​បានធ្វើ​សកម្មភាព​ហើយ​ដែរ​។ តើ​សហរដ្ឋអាមេរិក​ចាត់ទុក​ថា នេះ​ជា​សិទ្ធិ​បញ្ចេញ​មតិ ឬក៏​ជា​ហិង្សា​? ខ្ញុំ​ផ្តាំផ្ញើ​ទៅ​ភាគី​អាមេរិក​។ ខ្ញុំ​មិន​ប្រដៅ​​អាមេរិក​ទេ​។ អាមេរិក​ត្រូវ​គិត​ឱ្យ​ច្បាស់​លើ​ចំណុច​នេះ​។ សង្ឃឹមថា ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​អាមេរិក នៅ​ទីក្រុង​ភ្នំពេញ បញ្ជូន​សារ​នេះ​ទាំងស្រុង​ទៅកាន់​រដ្ឋបាល​អាមេរិក​»​។

លោក​មិន​សំណូមពរ ឱ្យ​អាមេរិក​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុរស​ដែល​គប់​ស្បែកជើង​នោះទេ តែ​លោក​គ្រាន់តែ​ផ្តាំផ្ញើ​ទៅ​អាមេរិក​ថា បើ​សហរដ្ឋ​អាមេរិក​ចាត់ទុក «​សកម្មភាព​ហិង្សា​តាមរបៀប​ការ​វាយប្រហារ​ដោយ​ស្បែកជើង​» ជា​សិទ្ធិ​បញ្ចេញមតិ នៅលើ​ពិភពលោក​គ្មាន​ច្បាប់ទម្លាប់​ទៀត​ទេ ហើយ​នៅ​កម្ពុជា​ក៏​គ្មាន​ច្បាប់ ទម្លាប់​ដែរ​។ លោក​ចាត់ទុកថា​ករណី​នេះ​មិនមែនជា​ករណី​តូចតាច​នោះទេ និង​ស្នើឱ្យ​សហរដ្ឋ​-​អាមេរិក​គិតគូរ​ឱ្យបាន​ច្បាស់​។


លោក​បញ្ជាក់ថា​៖ «​គេ​បានដឹងថា​អ្នកណា​នៅ​ទីក្រុង​ភ្នំពេញ​ជា​ក្រុម​ហ្នឹង អ្នក​ហ្នឹង​ក៏ត្រូវ​ត្រៀម​ត្រូវ​ក្បាល​នឹង​ស្បែកជើង​ដែរ​។ នេះ​មិនមែន​ជាការ​គំរាម​ទេ តែ​ជាការ​វិភាគ​ជូន​ទិដ្ឋភាព​ច្បាប់​តភ្ជាប់​នឹង​ផ្លូវ​នយោបាយ​។ ខ្ញុំ​សង្ស័យថា បងប្អូន​យើង​កំពុង​កត់​ឈ្មោះ​ទុក​អ្នក​ដែល​ចាត់ទុក​អ្នក​ដែល​គប់​នេះ​ជា​​វីរបុរស ព្រោះ​បើ​នៅ​អាមេរិក​ធ្វើបាន នៅ​ស្រុក​ខ្មែរ​ក៏​ធ្វើបាន​ដូចគ្នា​។ នេះ​ជាការ​ឡង​មួយ​ដ៏ខ្ពស់ ហើយ​ហានិភ័យ​ខ្ពស់​ណាស់ តែ​ខ្ញុំ​សំណូមពរ​ឱ្យ​បងប្អូន​យើង​អត់ធ្មត់ តែ​ក្រែងលោ​យើង​គ្រប់គ្រង​គេ​អត់​បាន ព្រោះ​កំហឹង​ឈឺចាប់​របស់​វា​ធំធេង​ពេក​»​។

លោក ក៏​ចង់ដឹង​ផងដែរ​ថា​​តើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ដែល​តែង​ជំទាស់​នឹង​ហិង្សា​នឹងធ្វើ​សេចក្តី​ថ្លែងការណ៍​បែបណា ដោយ​លោក​បន្តថា មកដល់​ពេលនេះ​មិនមាន​ការចេញ​សេចក្តី​ថ្លែងការណ៍​ណាមួយ​នោះទេ​។

លោក​ថា លោក​មិន​ទាមទារ​ឱ្យ​អាមេរិក​ដាក់ទោស​បុរស​ដែល​គប់​ស្បែកជើង​មកលើ​រូបលោក​នោះទេ ប៉ុន្តែ​ច្បាប់​អាមេរិក​យ៉ាងណា​នោះ​គឺ​ទុកឱ្យ​អាមេរិក​ជា​អ្នកសម្រេច ដោយ​លោក​អះអាងថា​៖ «​បើ​អាមេរិក​ចាត់ទុក​ថា ការយក​ស្បែកជើង​គប់​ក្បាល​គេ​ជា​សិទ្ធិ​បញ្ចេញមតិ ករណីនេះ​វា​នឹង​ក្លាយជា​ករណី​រាលដាល​ដល់​ប្រទេស​ដទៃ ហើយក៏​មាននៅ​កម្ពុជា​»​។

លោក​ស្នើ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រយ័ត្នប្រយែង​ទៅលើ​ការធ្វើ​អត្ថាធិប្បាយ​ខុស ព្រោះ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ការខឹង​សម្បា​យ៉ាងខ្លាំង​ដែល​ត្រៀម​តែ​នឹង​ផ្ទុះ ហើយ​លោក​បញ្ជាក់ថា អ្វីដែល​លោក​កំពុងតែ​ព្រួយបារម្ភ​នោះ​គឺ​សុវត្ថិភាព​មេដឹកនាំ​ប្រឆាំង ព្រោះ​បើ​នៅ​សហរដ្ឋអាមេរិក​ចាត់ទុក​ការ​គប់​ស្បែកជើង​នេះ​ជា​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា​ក៏​អាច​យក​ស្បែកជើង​គប់​ទៅលើ​មេដឹកនាំ​ប្រឆាំង​បានដែរ​។ លោក​អំពាវនាវ​ដល់​អ្នក​គាំទ្រ​រូបលោក គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​អ្នកគាំទ្រ​រាជរដ្ឋាភិបាល​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​រក្សា​នូវ​ភាពស្ងប់ស្ងាត់ ដោយ​ទុកឱ្យ​ភាគី​អាមេរិក​ចាត់ចែង​ករណី​នេះ ហើយ​លោក និង​អ្នកគាំទ្រ​លោក​នឹង​រង់​ចាំមើល​។ លោក​ប្រកាស​ដល់​ក្រសួង​ការបរទេស​កម្ពុជា និង​អគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ហាម​ធ្វើ «​ណោត​ទូត​» ប្តឹងផ្តល់​ទៅ​ក្រសួង​ការបរទេស​អាមេរិក​។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ចាត់ទុក​ការ​គប់​ស្បែកជើង​នេះ គឺជា​ «​អំពើ​អសីលធម៌​» ដែល​លោក អ៊ុក ទូច បានធ្វើ​ក្នុងខណៈ​ដែល​លោក​បានរស់នៅ​ក្នុងប្រទេស​អរិយធម៌​ខ្ពង់​ខ្ពង់​មួយ ប៉ុន្តែ​លោក​មិនបាន​យល់​អំពី​អរិយធម៌​ខ្ពង់ខ្ពស់​នេះ​ទេ​។

លោក​ថា​៖ «​គាត់​បង្ហាញ​អំពី​ចេតនា​អាក្រក់​របស់គាត់ ហើយ​ចេតនា​នេះ​វា​មិនល្អ​ទេ​សម្រាប់​ប្រជាជាតិ​យើង​ជា​ជាតិខ្មែរ​ដែលមាន​អរិយធម៌​រុងរឿង​ពីមុនមក​»​។

លោក Chad Roedemeier អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ម្សិលមិញ ថ្លែង​ដោយ​មិន​ឆ្លើយតប​នឹង​សំណួរ ពាក់ព័ន្ធ​ដោយ​ចំ ចំពោះ​ករណី​គប់​ស្បែកជើង​លើ​លោក ហ៊ុន សែន នោះទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​ស្វាគមន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រមុខរដ្ឋ​អាស៊ាន​ដទៃទៀត​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​សម្រាប់​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក​-​អាស៊ាន​ប្រកបដោយ​ជោគជ័យ​៕