បន្ទាយមានជ័យៈ ​យ៉ាងហោច​ណាស់​មាន​ស្រូវពង្រោះ​ជាង​ ២ ០០០ ​ហិកតា​របស់​ប្រជាកសិករ​នៅក្នុង​ស្រុក​មង្គលបុរី​​បាននិង​កំពុង​រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​ដើម​រដូវ​វស្សា ខណៈ​ដែល​មន្ត្រី​ជំនាញ​ផ្នែក​ធនធានទឹក និង​កសិកម្ម​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​កំពុង​រួមសហការ​គ្នា​រំដោះ​ទឹក​ចេញពី​ដីស្រែ​ ដើម្បី​សង្គ្រោះ​ពី​​ការខូចខាត​។ ​នេះ​បើតាម​ការ​ប្រាប់​ឱ្យ​​ដឹង​ពី​មន្ត្រី​ពាក់ព័ន្ធ​។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៧ ខែឧសភា​ថា ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​ ១​ សប្ដាហ៍​ចុងក្រោយ​នេះ​បាន​បណ្តាលឱ្យ​លិច ​និង​ប៉ះពាល់​ស្រូវពង្រោះ​របស់​ប្រជាពលរដ្ឋ​ចំនួន ២ ៣៦៥ ​ហិកតា​នៅក្នុង​ឃុំ​ចំនួន ​៣ នៃ​ស្រុក​មង្គលបុរី​។ ក្នុងនោះ​នៅ​ឃុំ​រហាត់​ទឹកបាន​លិច​ប៉ះពាល់​​ដំណាំ​ស្រូវ​សរុប​ ៩៦៥ ​ហិកតា​ ខណៈ​ឃុំ​អូរ​ប្រាសាទ​ប៉ះពាល់​ដំណាំ​ស្រូវ​ ៦០០​ ហិកតា​ និង​ឃុំ​ចំណោម​ប៉ះពាល់​ដំណាំ​ស្រូវ ៨០០ ​ហិកតា​។

លោក​បាន​ថ្លែងថា​៖ «​ដំណាំ​ស្រូវ​ទាំងនេះ​អាច​នឹងរង​ការខូចខាត​មួយចំនួន ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ច្រើន​ថ្ងៃ​ខាងមុខនេះ​ទៀត ព្រោះ​បើតាម​ការអះអាង​របស់​កសិករ​មួយចំនួន ស្រូវ​​ពង្រោះ​របស់​ពួកគេ ទើបតែ​ដុះ​បាន​ក្នុង​​រយៈពេល​ក្រោម​ ២ ​សប្ដាហ៍ និង​មាន​កម្ពស់​ប្រមាណ​ ១២​ សង់ទីម៉ែត្រ​ពី​ដីស្រែ​ប៉ុណ្ណោះ​»​។


បើតាម​ការពន្យល់​ពី​លោក វណ្ណាសេដ្ឋ ដើមស្រូវ​ដែលមាន​អាយុកាល​ជាង​ ១ ​ខែ​ឡើងទៅ ឬ​ស្រូវ​ដែល​កំពុង​បែក​គុម្ព អាច​ធន់​ទ្រាំ​នឹង​ការ​លិច​ទឹក​​បាន​ក្នុង​រយៈពេល​ពី​ ៧-១០ ​ថ្ងៃ ហើយ​បន្ទាប់ពី​ទឹក​ស្រក​ទៅវិញ វា​អាច​លូតលាស់ និង​ផ្ដល់​ទិន្នផល​ខ្ពស់​ដូច​ស្រូវ​ធម្មតា​។ ប៉ុន្តែ​បើ​វា​មាន​អាយុកាល​តិចជាង​ ៣​ សប្ដាហ៍ ហើយ​ត្រូវ​ទឹក​លិច​ផុត​ចុង នោះ​វា​នឹង​ងាយ​រង​ការខូចខាត ព្រោះ​ដើម​របស់​វា​ខ្ចី​ពេក មិនអាច​ធន់ទ្រាំ​នឹង​ការ​លិច​ទឹកបាន​យូរ ដូចដើម​ស្រូវ​ធំៗ​ដែលមាន​អាយុ​ជាង​ ១ ​ខែ​ឡើងទៅ​នោះទេ​។

លោក​បាន​បន្តថា តាមរយៈ​ទិន្នន័យ​នៃ​ការលិចលង់​ស្រូវ​ខាងលើនេះ​បាន​បង្ហាញថា ប្រជាកសិករ​បាន​សម្រុក​​បង្កបង្កើនផល​ស្រូវ ដោយ​គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែឧសភា ឆ្នាំ ​២០២២ ​នេះ ការដាំដុះ​ស្រូវ​ដើមរដូវ​វស្សា​សម្រេច​​បាន ៣៥ ​ភាគរយ​នៃ​ផែន​ការដាំដុះ​លើ​ផ្ទៃដី ២៥២ ៣០០ ​ហិកតា​។ នេះ​បើតាម​ទិន្នន័យ​ដែល​ទទួលបាន​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។


លោក​បាន​បន្តថា ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រុមការងារ​របស់លោក​បាន​សហការ​ជាមួយ​ក្រុមការងារ​នៃ​មន្ទីរ​ធនធាន​ទឹកបាន​ចល័ត​គ្រឿងចក្រ​ចុះ​កាយ​ប្រឡាយ​មួយចំនួន​ ដើម្បី​រំដោះ​ទឹក​ពី​ដីស្រែ​របស់​កសិករ​ក្នុង​ឃុំ​ទាំង​ ៣​។ បច្ចុប្បន្ន ស្ថានភាព​ទឹក​ក្នុង​ដីស្រែ​ទាំងនោះ​បាន​ចាប់ផ្ដើម​ស្រក​បន្តិច​ហើយ​។

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី លោក វណ្ណាសេដ្ឋ បាន​អំពាវនាវ​ដល់​កសិករ ដែល​មាន​ដីស្រែ​រង​ការ​ជន់​លិច​ទាំងអស់ បង្កើន​ការយកចិត្ត​ទុកដាក់​ចុះ​ថែទាំ​ដំណាំ​ស្រូវ​របស់ខ្លួន ដោយ​ត្រូវ​បោច​សម្អាត​ស្មៅ​ពី​ក្នុង​ស្រែ កាយ​ភ្លឺស្រែ ឬ​ប្រើ​ម៉ាស៊ីន​បូមទឹក រំដោះ​ទឹក​ចេញ​ពី​ស្រែ​​ណា​ដែល​លិច​ដោយ​ជំនន់​ទឹកភ្លៀង​។ ចំពោះ​ស្រែ​ដែល​នៅ​ទីទួល​ខ្ពស់​ងាយ​ប្រឈម​ខ្វះ​ទឹក​នៅពេល​មានកូន​រដូវ​ប្រាំង​កើតឡើង​ត្រូវ​រៀបចំ​លើកភ្លឺស្រែ​ទប់ទឹក​រក្សាទុក​ក្នុង​ស្រែ​ឱ្យបាន​ល្អ​។

ជុំវិញ​ករណីនេះ ប្រជាកសិករ​នៅ​ឃុំ​ចំណោម​ស្រុក​មង្គលបុរី លោក អ៊ូ ម៉ៅ អាយុ​ ៥៣​ ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​នេះ​គាត់​កំពុង​បារម្ភ​ពី​ស្រូវ​ពង្រោះ​របស់គាត់​ចំនួន​ ២,៥ ​ហិកតា ដែល​កំពុង​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​លិច​អស់​ពេល​ ៣ ​ថ្ងៃ​មកហើយ គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែឧសភា ។

លោក​ថា​៖ «​ពេលនេះ​ទឹកបាន​ចាប់ផ្ដើម​ស្រក ហើយ​ស្រូវពង្រោះ​របស់ខ្ញុំ ដែល​ដាំ​បាន​ជាង​ ២០ ​ថ្ងៃ​មក​នោះ វា​បាន​លិច​ចុង​ផុតពី​ទឹក​ហើយ ប៉ុន្តែ​ខ្ញុំ​នៅតែ​បារម្ភ ព្រោះ​ដើម​វា​នៅ​តូច​នៅឡើយ ហើយ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ក្នុង​កម្រិត​មធ្យម​»​។

បើតាម​លោក អ៊ូ ម៉ៅ ស្រូវ​ដែល​គាត់​បាន​ដាំ​សម្រាប់​ដើម​រដូវវស្សា​នេះ មិន​​មែន​ជា​ស្រូវ​ឡើង​ទឹក​នោះទេ តែ​ជា​ប្រភេទ​ស្រូវ​សែន​ក្រអូប ដែល​មិន​ប្រកាន់​រដូវ ដែល​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី​ ៩៥ ​ថ្ងៃ​ទៅ​ ១០៥​ ថ្ងៃ ហើយ​លោក​បាន​សាបព្រោះ​ដាំដុះ​វា​តាំងពី​ចុងខែ​មេសា​មក​ម្ល៉េះ និង​រំពឹងថា អាច​ច្រូត​កាត់​នៅ​ចុងខែ​កក្កដា​ខាងមុខ ប្រសិន​បើ​គ្មាន​គ្រោះ​ធម្មជាតិ​ទេនោះ​។

ចំណែក​លោក​អ្នកស្រី គង់ សុភាព មេឃុំ​រហាត់​ទឹកបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្រួសារ​អ្នកស្រី​ក៏បាន​សាបព្រោះ ដាំដុះ​ស្រូវ​ប្រភេទ​នេះ​លើ​ផ្ទៃដី​ជាង​ ២​ ហិកតា​ផងដែរ ហើយ​វា​ក៏បាន​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នេះដែរ ប៉ុន្តែ​មិន​លិច​ផុត​ចុង​ទេ ដោយសារ​នៅលើ​ទីទួល​ខ្ពស់​ជាងគេ​បន្តិច​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​នៅក្នុង​ឃុំ​របស់ខ្ញុំ ស្រូវ​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​គឺមាន​រហូតដល់ ៩៦៥​ ហិកតា ក្នុងនោះ​មាន​ខ្លះ​លិច​ផុត​ចុង និង​ខ្លះទៀត​មិន​លិច​ផុត​ចុង​នោះទេ​។ ​ប៉ុន្តែ​ពួកយើង​ទាំងអស់​គ្នា​គឺមាន​ក្ដី​ព្រួយ​កង្វល់​ដូចគ្នា ព្រោះស្រូវ​ពួកវា​មិន​ស្ទុះងើប​ឡើង​តាម​ទឹក ដូច​ប្រភេទ​ស្រូវ​ធ្ងន់ [​ស្រូវ​ឡើង​ទឹក ឬ​ស្រូវ​ប្រកាន់​រដូវ​] ​នោះទេ​»​។

ជុំវិញ​ក្ដី​ព្រួយ​កង្វល់​នេះ លោក ឡាយ ពុទ្ធី អនុប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ​ស្ថានភាព​ទឹក​ក្នុង​ដីស្រែ​ប្រជាកសិករ​នៅក្នុង​ឃុំ​ទាំង​ ៣​ ខាងលើនេះ​បាន​ស្រក​ជា​បណ្ដើរៗ​ហើយ បន្ទាប់ពី​ក្រុមការងារ​របស់លោក​បាន​ប្រើ​គ្រឿងចក្រ​ជីកកាយ​ផ្ដាច់​ប្រឡាយ​មេ​ធំៗ​ចំនួន​ ៣ ​កន្លែង រួមមាន ប្រឡាយ​ចារ ប្រឡាយ​ពោធិ៍​ ២​ ដើម និង​ប្រឡាយ​ក្រម៉ល ព្រម​ទាំង​ប្រព័ន្ធ​អូរ​មួយចំនួន​ ដើម្បី​រំដោះ​ទឹក​ចេញពី​ដីស្រែ​ប្រជាកសិករ​ក្នុង​តំបន់​នោះ​កាលពី​ថ្ងៃទី ​១៥ ​ឧសភា​។

លោក​បាន​បញ្ជាក់ថា​៖ «​ថ្វីបើ​នៅ​​ពេលនេះ​មេឃ​នៅ​បន្ត​ភ្លៀង ប៉ុន្តែ​ទឹក​នៅក្នុង​ដីស្រែ​ប្រជាកសិករ​ក្នុង​ឃុំ​ចំណោម ឃុំ​រហាត់ទឹក និង​ឃុំ​អូរប្រាសាទ បានចាប់ផ្ដើម​ស្រក​ជា​បន្តបន្ទាប់​ហើយ បន្ទាប់ពី​ក្រុមការងារ​យើង​​ខ្ញុំ​បាន​ប្រើ​គ្រឿងចក្រ​កាយ​បើកមុខ​ទឹក​ជាច្រើន​កន្លែង​ឱ្យ​ហូរ​ស្រុង​ចាក់​ទៅ​ស្ទឹង​សិរីសោភ័ណ និង​បន្ត​ឱ្យ​ចាក់​ទៅ​បឹង​ទន្លេសាប​តាម​ប្រព័ន្ធ​ព្រែក​នានា​រួចមក​។ ​វា​នឹង​ស្រក​ត្រឡប់​ទៅរក​សភាព​ដើម​វិញ ប្រសិនបើ ២-៣​ ថ្ងៃ​ខាងមុខនេះ​មេឃ​រាំងភ្លៀង​»​។

យោងតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​ ១៧ ខែឧសភា​បាន​បង្ហាញថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ដល់​ថ្ងៃទី​ ២៤ ខែឧសភា​ខាងមុខនេះ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ក៏ប៉ុន្តែ​មិន​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ប្រទេស​នោះទេ គឺមាន​ធ្លាក់​ច្រើន​ដោយ​កន្លែង ពិសេស​នៅ​តំបន់ភ្នំ​​និង​ខ្ពង់រាប​ភាគ​ពាយព្យ​៕

វីដេអូ៖