កំពង់ធំៈ សហគមន៍ព្រៃឈើវាលអូរក្តី នៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ គ្រោងនឹងស្នើសុំកូនឈើពីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដើម្បីធ្វើការដាំស្តារព្រៃឈើឡើងវិញ លើផ្ទៃដីសរុបប្រមាណជាង ៥០០ ហិកតា ជាកន្លែងដែលជនខិលខូចកាប់រានទន្ទ្រាន ក្នុងពេលកន្លងមក។ នេះបើតាមការឲ្យដឹងពីលោក ហាច សាដាំ ប្រធានសហគមន៍ព្រៃឈើវាលអូរក្តី។


លោក ហាច សាដាំ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៩ ខែឧភាថា ការគ្រោងស្នើសុំកូនឈើពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដើម្បីដាំស្តារឡើងវិញនេះ អាចនឹងធ្វើឡើងនៅក្រោយពេលបោះឆ្នោតឃុំសង្កាត់រួចរាល់ ប៉ុន្តែមិនទាន់ដឹងថា នឹងត្រូវស្នើនូវចំនួនណាមួយប្រាកដនៅឡើយ។ លោកថា ការស្នើសុំនេះទៀតសោត ក្នុងគោលបំណងកុំឲ្យជនខិលខូចបន្តចូលកាប់រានទន្ទ្រានដីព្រៃសហគមន៍ជាបន្តទៀត ព្រោះគិតចាប់ពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ននេះការលួចកាប់រានទន្ទ្រានព្រៃពីសំណាក់ជនខិលខូចនៅតែបន្តកើតមាន ទោះបីសហគមន៍ និងមន្ត្រីជំនាញបានធ្វើការចុះល្បាត ហាមឃាត់ ជាបន្តបន្ទាប់ក៏ដោយ។

លោកថ្លែងថា៖«យើងនឹងសុំកូនឈើពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ឧទាហរណ៍ឥឡូវទីតាំង «ក» មានការកាប់រាន២០ហិកតា អ៊ីចឹងយើងទៅដល់សុំទីតាំងនោះឈូសម្អាតដាក់កូនឈើទៅ ពួកគាត់ [អ្នកលួចកាប់រាន]លែងហ៊ានចូលមកទៀតហើយ។ បើយើងអត់ធ្វើអ៊ីចឹងទេពួកគាត់នៅតែកាប់រានបន្តហើយដាំដំឡូង ដាំស្វាយចន្ទី យូរៗទៅវាធំ យើងធ្វើអីលែងកើតហើយ» ។


លោកប្រធានសហគមន៍ព្រៃឈើវាលអូរក្តី ប្រាប់ថា សមាជិកសហគមន៍ ព្រៃឈើវាលអូរក្តី ដែលមានប្រជាពលរដ្ឋ ៧ ភូមិ សរុបចំនួន ១ ៤៧៩ គ្រួសារ ក្នុងឃុំក្រយា ស្រុកសន្ទុក បានទទូចឱ្យជនខិលខូចបញ្ឈប់ការលួចចូលកាប់ទន្ទ្រានព្រៃសហគមន៍បន្តទៀត បន្ទាប់ពីចុះល្បាតហាមឃាត់បន្តបន្ទាប់តែហាមមិនឈ្នះ។ ខណៈកន្លងមកសហគមន៍ព្រៃឈើវាលអូរក្តី ក៏បានប្តឹងទៅតុលាការជាង ៣៦ ករណី លើផ្ទៃដីប្រមាណ ២៣០ ហិកតា ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការយ៉ាងណាឡើយពីតុលាការ។

លោកហាច សាដាំ បានគូសបញ្ជាក់ថា សហគមន៍ព្រៃឈើវាលអូរក្តី មានផ្ទៃដីសរុប ៤ ២០០ ហិកតា ដែលមានសារៈប្រយោជន៍ជាច្រើនចំពោះប្រជាពលរដ្ឋនៅក្នុងភូមិ ព្រមទាំងប្រជាពលរដ្ឋមកពីបណ្ដាភូមិ ឃុំផ្សេងៗទៀតនៅក្បែរនោះ ដើម្បីមកប្រមូលផល អនុផលព្រៃឈើ និងធនធានធម្មជាតិ ដូចជារកវល្លិ៍ រុក្ខជាតិឱសថ ដំឡូង ផ្លែឈើជាដើម។ ក្រៅពីនោះក្នុងព្រៃសហគមន៍ក៏មានសត្វព្រៃ ស្វា ទោច ជ្រូកព្រៃ ទន្សាយ ឈ្លូស ប្រើស និងសត្វកម្រផ្សេងៗទៀតគួរដល់ការអភិរក្សតទៅផងដែរ។


លោកប្រធានសហគមន៍ព្រៃឈើវាលអូរក្តីប្រាប់ថា ការកាប់រានទន្ទ្រានព្រៃឈើសហគមន៍នេះអាចបណ្តាលមកពីតម្រូវការដីមានការកើនឡើង ហើយមានឈ្មួញមួយចំនួនមកពីខេត្តផ្សេងចូលទិញ ក្នុងតម្លៃថ្លៃ ទើបមានអ្នកចូលទន្ទ្រានដើម្បីបានដីយកទៅលក់ដូរ។ លោកបញ្ជាក់ថា យ៉ាងណាក៏ដោយ ការលក់ដូររបស់ពួកគាត់នោះ គឺធ្វើឡើងតែគ្នាឯងមិនមានអាជ្ញាធរណាទទួលស្គាល់ឡើយ។

លោក សូ សុវណ្ណារ៉េត អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៩ ខែឧសភាថា លោកមិនបានចាំពីសំណុំរឿងដីធ្លីនៅសហគមន៍ព្រៃឈើវាលអូរក្តីមានចំនួនប៉ុន្មានដែលចៅក្រមសម្រេចធ្វើការដោះស្រាយនោះទេ។ប៉ុន្តែយ៉ាងណាក៏ដោយ លោកថា នឹងធ្វើការពិនិត្យរកមើលបើបានព័ត៌មានយ៉ាងណានឹងជម្រាបជូនវិញនៅពេលក្រោយវិញ។

លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានឲ្យដឹងថា រដ្ឋបាលព្រៃឈើខេត្តកំពង់ធំស្វាគមន៍ចំពោះការស្នើសុំសហការពីខាងសហគមន៍ព្រៃឈើវាលអូរក្តី ប៉ុន្តែជាដំបូងលោកចង់ឲ្យខាងសហគមន៍ធ្វើការពិនិត្យសិក្សាឲ្យបានច្បាស់លាស់ ថា ត្រូវធ្វើការស្នើសុំក្នុងកម្រិតណាមួយ ហើយត្រូវការអាជ្ញាធរ ឬអ្នកពាក់ព័ន្ធណាខ្លះដើម្បីចូលរួមធ្វើពិធីដាំដូះស្តារកូនឈើឡើងវិញ។

លោកបន្តថា បញ្ហាការចូលកាប់រានទន្ទ្រានដីព្រៃក្នុងសហគមន៍ព្រៃឈើវាលអូរក្តីកន្លងមក លោកបានឱ្យមន្ត្រីជំនាញចុះទៅសហការដើម្បីធ្វើការល្បាត និងបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែពេលកម្លាំងជំនាញ និងសហគមន៍ចុះទៅភាគច្រើនត្រូវបានបែកការដោយសារអ្នកកាប់រានដាក់ពង្រាយគ្នាដើម្បីយាមតាមផ្លូវចូល។

លោកថ្លែងថា៖«យើងចុះល្បាតជាបន្តបន្ទាប់បើមានការស្នើសុំជួយអន្តរាគមន៍ពីសហគមន៍ព្រៃឈើ ប៉ុន្តែដោយសារកក្តាភូមិសាស្ត្រ សហគមន៍នោះនៅក្បែរផ្លូវផង អ្នកកាប់រានមានគ្នាយាមមានអី អ៊ីចឹងពេលចុះទៅគាត់ដឹងគាត់ដក គាត់ដឹងគាត់ដក អ៊ីចឹងកម្លាំងយើងយើងតាមមិនទាន់»៕