សួន​ប៉ោយប៉ែត​តេជោ ឈ្នះ ឈ្នះ ស្ថិត​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ថ្ងៃទី ១៩ ខែ​ឧសភា ដោយ​គ្រោង​ប្រើប្រាស់​ថវិកា​ជិត ១០ ម៉ឺន​ដុល្លារ ដែល​ទទួល​បាន​ពី​សប្បុរសជន​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្រុង​មាន​លោក យ៉ាង គីមហ៊ុយ ជា​អាជីវករ និង​សប្បុរសជន​មួយ​ចំនួន​ទៀត ដើម្បី​ចំណាយ​ក្នុង​ការ​ស្ថាបនា​គម្រោង​សួន​ថ្មី​មួយ​នេះ។


យោង​តាម លោក គាត ហ៊ុល អភិបាល​ក្រុង​ប៉ោយប៉ែត បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក របស់​លោក​ថា សួន​ប៉ោយប៉ែត​តេជោ ឈ្នះ ឈ្នះ នេះ​ប្រប​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៥ ប្រវែង​ជាង ២៥០ ម៉ែត្រ ស្ថិត​នៅ​ភូមិ​គីឡូលេខ ៤ សង្កាត់​ផ្សារកណ្ដាល ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត ដែល​ជា​សមិទ្ធផល​ថ្មី​សន្លាង​មួយ​ក្នុង​ចំណោម​សទ្ធិផល​នានា នៅ​ក្នុង​ទីក្រុង​ប៉ោយប៉ែត​នេះ។

លោក​បាន​លើក​ឡើង​ថា៖ «សួន​ប៉ោយប៉ែត​តេជោ ឈ្នះ ឈ្នះ គ្រោង​ប្រើប្រាស់​ថវិកា​ជិត ១០ ម៉ឺន​ដុល្លារ ដែល​ទទួល​បាន​ពី​សប្បុរសជន​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្រុង ដើម្បី​ចំណាយ​ក្នុង​ការ​ស្ថាបនា​គម្រោង​សួន​ថ្មី​មួយ​នេះ»។


សូម​បញ្ជាក់​ថា សួន​ប៉ោយប៉ែត​តេជោ ឈ្នះ ឈ្នះ ត្រូវ​បាន​លិច​ជា​រូបរាង​ឡើង​បន្ទាប់​មាន​ការ​សម្របសម្រួល​រវាង​អាជ្ញាធរ​ក្រុង និង​ប្រជាពលរដ្ឋ​ដែល​បាន​តាំង​លំនៅ​លើ​ចំណី​ផ្លូវ​សាធារណៈ​ក្នុង​រយៈពេល​កន្លង​មក​ដោយ​ពួក​គាត់​យល់​ព្រម​រុះរើ​ដោយស្ម័គ្រ​ចិត្ត​ចេញ​ពី​ទីតាំង​នេះ ដើម្បី​ឱ្យ​អាជ្ញាធរ​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​នេះ​ទៅ​ជា​ប្រយោជន៍​សាធារណៈ​រួម៕