កែបៈ អភិបាលខេត្តកែបលោក សោម ពិសិដ្ឋ ដែលជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តកែបផងនោះបានដឹកនាំប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ នៅខេត្តកែបកាលពីថ្ងៃទី ១៨ ខែឧសភានេះ។
យោងតាមរដ្ឋបាលខេត្តកែបបានឱ្យដឹងថា ដើម្បីឱ្យដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ ធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សានោះ រដ្ឋបាលខេត្ត និងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានសម្រេចដាក់ចេញនូវផែនការអន្តរស្ថាប័នការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នេះ។
ដើម្បីបញ្ចៀសបាននូវភាពអសកម្ម ឬសកម្មភាពណាមួយដែលអាចបង្កឱ្យមានបទល្មើស ឬទំនាស់ និងឧបស័គ្គផ្សេងៗលោក សោម ពិសិដ្ឋ បានដាក់ចេញនូវវិធានការមួយចំនួន។ ក្នុងនោះរួមមាន ៖១- លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងទាំងអស់ត្រូវអនុវត្តនូវរាល់តួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមផែនការដែលបានដាក់ចេញទាំងនៅក្នុងការឃោសនាបោះឆ្នោត ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ពិសេសត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយដែលមាន។ ២- កងកម្លាំងមានសមត្ថកិច្ចត្រូវពង្រឹងការការពារសន្តិសុខឱ្យបានហ្មត់ចត់បំផុត និងត្រូវចាត់វិធានការតាមច្បាប់ឱ្យបានតឹងរ៉ឹង។ ៣- ស្នងការ មេបញ្ជាការ និងអាជ្ញាធរដែនដីក្រុង ស្រុក ត្រូវយកចិត្តទុកដាក់តាមដានសភាពការណ៍ និងការប្រែប្រួលឱ្យបានទាន់ពេលវេលា។ ៤- ត្រូវបង្កើនការក្តាប់សភាពការណ៍ ប្រមូលព័ត៌មានពាក់ព័ន្ធសន្តិសុខ និងសណ្តាប់ធ្នាប់នៅគ្រប់មូលដ្ឋានទូទាំងខេត្តឱ្យបានជាមុន។ ៥- ក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ សកម្មភាពប្រមូលផ្តុំទាមទារតវ៉ាលើបញ្ហាផ្សេងៗ ដើម្បីមានវិធានការដោះស្រាយដោយសន្តិវិធីឱ្យបានសមស្រប និងមានប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា៖ «នៅក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ជនខិលខូចមួយចំនួននឹងឆ្លៀតឱកាសយកបញ្ហាផ្សេងៗផ្សារភ្ជាប់ទៅនិងរឿងនយោបាយ ដូច្នេះកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ការពារឱ្យបាននូវសុវត្ថិភាព ចំពោះបេក្ខជនឈរឈ្មោះបោះឆ្នោត សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងពេលឃោសនាជាពិសេសត្រូវមានការអត់ធ្មត់ឱ្យបានជាអតិបរមា»៕