ឆ្លើយតប​នឹង​សំណើ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បានសម្រេច​ឱ្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូស​ទី​៥ ដែល​នឹង​ចាប់​ផ្តើម​ចាក់​ពី​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២២ ខាង​មុខ​នេះ​ត​ទៅ សម្រាប់អ្នក​ដែល​បាន​ចាក់​ដូស​ទី​៤ រួច និង​មាន​គម្លាត​រយៈពេល ៣​ខែ។


លោក ហ៊ុន សែន បាន​ថ្លែង​តាម​រយៈសារ​សំឡេង​ពិសេស​នា​ល្ងាច​ថ្ងៃ​ទី​២០ ខែ​ឧសភា នេះ ដោយ​លោក​ក៏​បាន​លើក​ឡើង​ពី​ស្ថានភាព​នៃ​ការឆ្លង​វីរុស​កូវីដ១៩ ក្នុង​ប្រទេស​កម្ពុជា ដែល​រយៈពេល ១៤​ថ្ងៃ​ជាប់​គ្នា​កន្លង​មក កម្ពុជា​មិន​មាន​អ្នក​ឆ្លង​ថ្មី​ឡើយ ខណៈ​អ្នក​ជំងឺ​កំពុង​សម្រាកព្យាបាល​ជំងឺ​កូវីដ​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​តែ ៨ នាក់​ទៀត​ប៉ុណ្ណោះ ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៤​នាក់ និង​ខេត្ត​បាត់ដំបង​ចំនួន ៤ នាក់។

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​រសៀល​នេះ ខ្ញុំ​បាន​សម្រេច​តាម​សំណើ​របស់​លោក​ជំទាវ ឱ វណ្ណឌីន ប្រធាន គ.វ .ក-១៩ គឺ​ដូស​ជំរុញ​ដូស​ទី៥ នឹង​ត្រូវ​ចាប់​ផ្តើម​ចាក់​ចាប់​ពី​ថ្ងៃទី​០៩ ខែ​មិថុនា​តទៅ នោះ​គឺ​សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូស​ទី ៤ រួច​ហើយ ហើយ​ដែល​មាន​គន្លាត​ពី​ដូស​ទី ៤ មក​ដូសទី៥ រយៈពេល​យ៉ាង​តិច​ចំនួន ៣ខែ»។

គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​លើក​ជា​ផែនការ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ទៅ​លើ​អ្នក​ដែលបាន​ចាក់​ដូស​ទី៤ រួច​ហើយ ក្នុង​នោះ​មាន​អ្នក​ការទូត អ្នក​សារព័ត៌មាន សិល្បករ សិល្បការិនី។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សុំ​បន្ត​រក្សា​នូវ​ស្ថានភាព​ដ៏​ល្អ​ប្រសើរ​នេះ​តាម​រយៈ​ការ​ការពារខ្លួន ចំពោះ​មុខ​ការ​រាតត្បាត​នៃ​ជំងឺនេះ​ដែល​មិន​ទាន់​បាន​បញ្ចប់​ជាមួយ​នឹង​ការ​ទទួល​យក​វ៉ាក់សាំង៕


វីដេអូ៖