កំពតៈ គណៈកម្មការ​រដ្ឋបាល​ខេត្តកំពត​នឹងធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ​រយៈ​ ១៥ ​ថ្ងៃ​នូវ​ឯកសារ​សុរិយោដី និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី​ដែល​ក្រុម​អនុវត្ត​កម្មវិធី​បាន​ធ្វើការ​វាស់វែង និង​ប្រមូល​ទិន្នន័យ​កន្លងមក​ក្នុងភូមិ​តេជោ​អភិវឌ្ឍន៍ និង ភូមិ​តេជោ​អន្លង់​ក្មេង​លេង ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​នៃ​កម្មសិទ្ធិ​ដីធ្លី​។


រដ្ឋបាល​ខេត្តកំពត​បាន​ជូនដំណឹង​ដល់​សាធារណជន​ព្រមទាំង​គ្រប់​មន្ទីរ គ្រប់​អង្គភាព និង​គ្រប់​ស្ថាប័ន ឬ ភ្នាក់ងារ​ហិរញ្ញវត្ថុ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ​នៃ ភូមិ​តេជោ​អភិវឌ្ឍន៍ និង ភូមិ​តេជោ​អន្លង់​ក្មេង​លេង ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក​ថា គណៈកម្មការ​រដ្ឋបាល និង​ធ្វើការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​សុរិយោដី​ដែល​មាន​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​កាន់កាប់​ដី​ដែល​ក្រុម​អនុវត្ត​កម្មវិធី​បាន​ធ្វើការ​វាស់វែង និង​ប្រមូល​ទិន្នន័យ​នាពេល​កន្លងមក​។

ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​សាធារណជន និង​អង្គភាព​នានា​ដែលមាន​ការពាក់ព័ន្ធ​នឹង​ដីធ្លី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ​មេត្តា​ចូលរួម​ពិនិត្យ​លើ​ទិន្នន័យ​ដែលមាន​នៅក្នុង​ឯកសារ​នៃ​ការវិនិច្ឆ័យ ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ឬ​ខុសឆ្គង​ដែល​ត្រូវ​កែតម្រូវ ឬ​ជំទាស់​លើ​ទិន្នន័យ​ទាំងនេះ​ក្នុង​រយៈពេល ១៥ ថ្ងៃ (​ដោយ​រាប់បញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក​) គិត​ចាប់ពី​ថ្ងៃទី​ ២២ ​ខែឧសភា​ឆ្នាំ​ ២០២២ ដល់​ថ្ងៃទី​ ៥ ​ខែមិថុនា​ឆ្នាំ​ ២០២២ ជា​កំហិត​។

សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា ភូមិ​តេជោ​អភិវឌ្ឍន៍ និង​ភូមិ​តេជោ​អន្លង់​ក្មេង​លេង មាន​ទីតាំង​បិទ​ផ្សាយ​ស្ថិតនៅ​បរិវេណ​ទីស្នាក់ការ​សម្បទាន​សង្គមកិច្ច​ (៣១៧) ​ក្នុងភូមិ​ឃុំ​ខាងលើ​។ ផុតកំណត់​រយៈពេល​ខាងលើ គណៈកម្មការ​រដ្ឋបាល សន្មត​ថា​ទិន្នន័យ​ដែល​បាន​បើកចំហ​ជូន​ពិនិត្យ​ជា​សាធារណៈ​នេះ​មាន​ភាពត្រឹមត្រូវ​ហើយ​មិនអាច​ជំទាស់ ឬ​តវ៉ា​នៅពេល​ក្រោយ​ទៀត​បានឡើយ​។

ក្រោយពេល​ផុត​រយៈពេល​កំណត់​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នេះ គណៈកម្មការ​រដ្ឋបាល​នឹង​ធ្វើការ​បូកសរុប ហើយ​លើកសំណើ​ផ្តល់​សិទ្ធិ​លើ​អចលនវត្ថុ​ទៅ​រដ្ឋបាល​ខេត្តកំពត ដើម្បី​សម្រេច​រួច​បញ្ជូន​ឱ្យ​រដ្ឋបាល​សុរិយោដី ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ (​បណ្ណ​កម្មសិទ្ធិ​) ជូន​អ្នកកាន់កាប់​ជា​សម្បទាន​និក​ដែល​បាន​បំពេញ​គ្រប់លក្ខណៈ​តាមច្បាប់​។


គណៈកម្មការ​រដ្ឋបាល​នឹងដាក់​ទីតាំង​បណ្តោះអាសន្ន​នៅ​កន្លែង​បិទ​ផ្សាយ​ដើម្បី​រង់ចាំ​ទទួល​ពិគ្រោះ និង​ផ្តល់យោបល់​ដល់​អ្នក​ដែលមាន​សំណូមពរ​៕