ក្រសួងបង្កើតយន្តការច្រកចេញចូលតែមួយ ដើម្បីបង្ខិតកន្លែងផ្ដល់សេវាឱ្យកាន់តែជិតពលរដ្ឋ
ភ្នំពេញៈក្រសួងមហាផ្ទៃសម្រេចបង្កើត “យន្តការច្រកចេញចូលតែមួយ”នៅតាមរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេសដើម្បីបង្ខិតការផ្តល់សេវាសាធារណៈកាន់តែជិតពលរដ្ឋ និងបានណែនាំដល់មន្ត្រីថ្នាក់ក្រោមជាតិឱ្យរៀបចំទីតាំងសមស្របនិងលើកស្លាកសញ្ញាឱ្យបានត្រឹមត្រូវដើម្បីធានានូវគុណភាព និងគណនេយ្យភាពនៃការផ្តល់សេវា។
ការរៀបចំឱ្យមានការិយាល័យច្រកចេញចូលតែមួយនៅតាមរដ្ឋបាលឃុំ សង្កាត់នេះ គឺយោងអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃ ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលឃុំ សង្កាត់ ត្រូវរៀបចំឱ្យមានយន្តការនេះដើម្បីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន។
ដើម្បីធានានូវគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយ ក្រសួងមហាផ្ទៃបានណែនាំ អំពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលមួយចំនួន។
ក្នុងសេចក្តីណែនាំដែលមាន៩ទំព័រ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចុះថ្ងៃទី ១៣ ខែឧសភា កន្លងទៅបានលើកឡើងថា យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ គឺជាកន្លែងប្រមូលផ្ដុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយដែលមានលក្ខណៈងាយស្រួល សាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងប្រកបដោយភាពជឿជាក់។
លោកបន្តថា យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ត្រូវស្ថិតនៅក្រោមការដឹកនាំរបស់មេឃុំ ចៅសង្កាត់ ដោយមានស្មៀនឃុំ សង្កាត់ជាសេនាធិការ។
បន្ថែមពីនេះលោក ស ខេង បានណែនាំថា ៖«យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ត្រូវរៀបចំនៅក្នុងបរិវេណសាលាឃុំ សង្កាត់ ឬទីតាំងណាមួយដែលមានលក្ខណៈសមស្របនិងមានលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទំនាក់ទំនងក្នុងការស្នើសុំសេវារដ្ឋបាលដោយមានបំពាក់នូវសម្ភារចាំបាច់មួយចំនួនសម្រាប់បំពេញការងារដូចជា រៀបចំទីកន្លែងផ្តល់សេវា ដោយដាក់ស្លាកសម្គាល់ យន្តការច្រកចេញចូលតែមួយ ។
លោកណែនាំបន្តថា ត្រូវរៀបចំបញ្ជរឬតុសម្រាប់ផ្តល់ព័ត៌មាននិងទទួលប្រគល់ឯកសារដោយដាក់ស្លាកសម្គាល់ “ផ្តល់ព័ត៌មាននិងទទួលប្រគល់ឯកសាររៀបចំបញ្ជរ ឬតុសម្រាប់ទទួលកម្រៃសេវាពីប្រជាពលរដ្ឋដោយដាក់ស្លាកសម្គាល់ “បេឡា” រៀបចំនិងបិទបង្ហាញតារាងតម្លៃសេវារដ្ឋបាលនៅទីកន្លែងផ្តល់សេវា។រៀបចំឱ្យមានទីកន្លែងនិងកៅអីរង់ចាំសម្រាប់ប្រជាពលរដ្ឋដែលមកស្នើសុំនិងទទួលសេវា និងបិទបង្ហាញលេខទូរស័ព្ទរបស់អ្នកទទួលខុសត្រូវឱ្យបានច្បាស់លាស់នៅទីកន្លែងផ្តល់សេវាដែលប្រជាពលរដ្ឋអាចទំនាក់ទំនងបានក្នុងករណីចាំបាច់។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ បានថ្លែងថា ថា ការិយាល័យច្រកចេញចូលតែមួយនាពេលបច្ចប្បន្ន ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែអាចទទួលយកបានក្នុងកម្រិតនៅកម្ពុជាហើយលោកសង្ឃឹមថា ការគិតគូជាថ្មីក្នុងការបង្កើតយន្តការច្រកចេញចូលតែមួយដល់ថ្នាក់ឃុំ សង្កាត់ គឺជាផ្នែកមួយបង្ខិតសេវាកាន់តែខិតជិតជាមួយពលរដ្ឋ។
លោកថា៖ «យើងចង់់ឱ្យសិក្សាស៊ីជម្រៅអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឱ្យពួកគេមករកសេវាបានឆាប់រហ័ស ព្រោះចម្ងាយពីភូមិទៅស្រុក កន្លែងខ្លះឆ្ងាយ កន្លែងខ្លះជិត អ៊ីចឹងធ្វើម៉េចឱ្យតួនាទីនៅយន្តការច្រកចេញចូលតែមួយនៅថ្នាក់មូលដ្ឋានទទួលបាននូវការផ្ទេរមុខងារ ការផ្តល់សេវាកាន់តែឆ្លើយតបទៅជាមួយប្រជាពលរដ្ឋ»។
លោកបន្តថា ជាពិសេសតម្រូវការរបស់ក្រុមអ្នកប្រកបអាជីវកម្មនៅមូលដ្ឋានដើម្បីឱ្យពួកគេបំពេញនូវភាពស្របច្បាប់មួយចំនួនដើម្បីបង្កនូវបរិយាកាសអាជីវកម្មកាន់តែប្រសើរដែលសព្វថ្ងៃសង្គមស៊ីវិលកំពុងធ្វើការក្នុងការជំរុញឱ្យមានបរិយាកាសអាជីវកម្មកាន់តែប្រសើរសម្រាប់សហគ្រិនស្រ្តីនិងយុវជន ដែលការងារនេះជាឆ្អឹងខ្នងដ៏សំខាន់។
ក្នុងលិខិតណែនាំខាងលើបានឱ្យដឹងថា ចំពោះការពិនិត្យ សម្រេច និងការផ្តល់លទ្ធផលសម្រេច គឺមេឃុំ ចៅសង្កាត់ ជាអ្នកពិនិត្យ និងសម្រេចលើរាល់សំណុំឯកសារស្នើសុំសេវានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។មេឃុំ ចៅសង្កាត់ ត្រូវពិនិត្យនិងសម្រេចលើរាល់សំណុំឯកសារស្នើសុំសេវារដ្ឋបាលឱ្យបានឆាប់រហ័សនិងមិនត្រូវឱ្យលើសពេលដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទាក់ទងនឹងការសម្រុះសម្រួលដោះស្រាយបណ្តឹងវិញក្នុងករណីប្រជាពលរដ្ឋមានការមិនពេញចិត្តពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈនិងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដាក់ពាក្យបណ្ដឹងឬផ្តល់ព័ត៌មានផ្សេងៗទៅការិយាល័យប្រជាពលរដ្ឋក្រុងស្រុក ខណ្ឌ មានសមត្ថកិច្ចតាមរយៈទៅផ្ទាល់ដល់ទីកន្លែង ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយពុំបង់ថ្លែសេវាឡើយ។
លោកកែវ រំដេត មេឃុំស្ទឹងត្រង់ ខេត្តស្ទឹងត្រែង បានសម្តែងការសប្បាយចិត្តនៅពេលរដ្ឋាភិបាលសម្រេចបង្កើតយន្តការនេះនៅតាមរដ្ឋបាលឃុំ សង្កាត់ ដោយលោកជឿជាក់ថា តាមរយៈយន្តការនេះនឹងរួមចំណែកឆ្លើយតបតម្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋានកាន់តែរហ័សមួយកម្រិតទៀត។
លោកថា៖«ការបង្កើតយន្តការនេះងាយស្រួលដល់ពលរដ្ឋមករកសេវា និយាយរួមនៅជិតផ្ទះគាត់តែម្តង ព្រោះពលរដ្ឋខ្លះនៅឆ្ងាយពីស្រុកហើយមួយទៀតនៅស្រុកមានការរវល់ការងារច្រើមិនឆ្លើយតបតម្រូវការពលរដ្ឋទាន់ពេល អ៊ីចឹងគាត់មានការអាក់អន់ចិត្ត ព្រោះពលរដ្ឋខ្លះគាត់ចង់បានថ្ងៃហ្នឹង»៕