ព្រះសីហនុៈ ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​ និង​អភិរក្ស​ធនធាន​ជលផល​នៃ​រដ្ឋបាល​ជលផល និង​ក្រុមការងារ​កម្មវិធី​អភិរក្ស​ធនធាន​តំបន់ឆ្នេរ​ និង​សមុទ្រ​របស់​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ប្រចាំ​កម្ពុជា​ (FFI- Cambodia Program) ​បានបង្ហាញ​ក្ដីសង្ឃឹម និង​មោទនភាព បន្ទាប់ពី​បាន​រកឃើញ​ទីតាំង​សម្បុក​ពង​កូន​របស់​អណ្ដើក​សមុទ្រ​ដំបូង​គេ​មួយ​នៅលើ​ឆ្នេរ​ខ្សាច់​នៃ​ដែន​កោះ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ ។


យោងតាម​របាយការណ៍​មួយ​របស់​នាយកដ្ឋាន​អភិរក្ស​ធនធាន​ជលផល​​ដែល​ភ្នំពេញ​ប៉ុស្តិ៍ ទទួលបាន​នៅ​ថ្ងៃទី​ ៣០ ខែឧសភា ឆ្នាំ​ ២០២២ ទីតាំង​ថ្មី​នៃ​សម្បុក​ពង​កូន​របស់​សត្វ​អណ្ដើក​សមុទ្រ​នោះ​ត្រូវបាន​រកឃើញ​កាលពី​ចុងខែ​មីនា​ឆ្នាំនេះ បន្ទាប់ពី​បាត់ដាន​អស់​ ១​ ទសវត្សរ៍​កន្លងមក​នេះ​។ ​នៅលើ​ទីតាំង​ថ្មី​នេះ​ក្រុម​អ្នកស្រាវជ្រាវ​នៃ​ស្ថាប័ន​ទាំង​ ២ ​បាន​រកឃើញ​ពង​របស់​ពួកវា​ចំនួន​ ៩៣ ​គ្រាប់ ក្នុងនោះ​ញាស់​បាន​ ៣៦​ កូន ហើយ​បាន​វារ​ចុះទៅ​ក្នុង​សមុទ្រ​ដោយ​សុវត្ថិភាព​។ «​របកគំហើញ​ថ្មី​នេះ​បានបង្ហាញ​ពី​ក្ដីសង្ឃឹម​ដ៏ធំ​មួយ​សម្រាប់​ការងារ​អភិរក្ស​អណ្ដើក​សមុទ្រ​នៅ​កម្ពុជា »​។

បន្ថែម​ពីលើ​នេះ លោក អុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស ធនធាន​ជលផល​នៃ​រដ្ឋបាល​ជលផល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អណ្ដើក​សមុទ្រ​មាន​ចំនួន​ ៥ ​ប្រភេទ រួមមាន Hawksbill, Green, Loggerhead, Leatherback និង Olive Ridley ហើយ​មាន​នៅសល់​ចំនួន​តិចតួច​បំផុត​នៅ​កម្ពុជា រីឯ​ទីតាំង​សម្បុក​ពង​កូន​របស់​វា​មិនត្រូវ​បាន​រកឃើញ​ទេ​ចាប់តាំងពី​ឆ្នាំ​ ២០១២ ​មក ដោយសារ​នៅ​ទីតាំង​ចាស់​ដែល​ពួកវា​ធ្លាប់ធ្វើ​សម្បុក​ពង​កូន​ពីមុន ត្រូវបាន​អភិវឌ្ឍ​ជា​តំបន់​លម្ហែ កម្សាន្ត​ ឬក៏​ត្រូវ​យាយី​ដោយ​ក្រុម​ប្រជានេសាទ​សមុទ្រ​មួយចំនួន​។


លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​កន្លងមកនេះ ចំនួន​សត្វ​អណ្ដើក​សមុទ្រ​នៅ​កម្ពុជា​មាន​ការ​ធ្លាក់ចុះ​ស្ទើរតែ​ផុត​ពូជ​ទៅហើយ ដោយសារ​ទីតាំង​សម្បុក​ពង​កូន​របស់​វា​កាលពីមុន​មិនត្រូវ​បាន​រកឃើញ​មាន​វត្តមាន​ឡើយ​។ ការរកឃើញ​ទីតាំង​សម្បុក​ពង​កូន​ ១ ​កន្លែង​ថ្មី​នេះ​នឹង​អាចឱ្យ​ក្រុមការងារ​ស្រាវជ្រាវ​យើង​រកឃើញ​នូវ​ទីតាំង​ថ្មីៗ​មួយចំនួន​បន្ថែមទៀត​របស់​ពួកវា​នាពេល​អនាគត »​។

បើតាម​លោក វិបុល ចាប់តាំងពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ​ ២០២២​ នេះ អណ្ដើក​សមុទ្រ​នៅ​កម្ពុជា​ត្រូវបាន​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​នៃ​ស្ថាប័ន​រដ្ឋបាល​ជលផល​ និង​ FFI-Cambodia Program រកឃើញ​ និង​កត់ត្រា​បាន​ ១៤០ ​ក្បាល​ក្នុងនោះ​ប្រភេទ អណ្ដើក Green និង Hawksbill មាន​ចំនួន​ច្រើនជាងគេ គឺ អណ្ដើក​ Hawksbill​ ចំនួន​ ៤៣ ​ក្បាល និង​ Green មាន​ចំនួន ​៩០ ​ក្បាល​។ ពួកវា​ត្រូវបាន​ដោះលែង​ចូល​ក្នុង​សមុទ្រ​វិញ​ដោយបាន​បំពាក់​ស្លាក​សញ្ញា​សម្គាល់​ចំនួន​ ៥៩​ ក្បាល​ក្នុងនោះ​ប្រភេទ Green បាន​បំពាក់​បន្ទះ​ឈីប​សម្រាប់​តាមដាន​សកម្មភាព​ចំនួន​ ៤៧ ​ក្បាល ខណៈ​ប្រភេទ​ Hawksbill បំពាក់​ស្លាក​សម្គាល់​បាន​ចំនួន​ ១២ ​ក្បាល​។


សម្បុក​ពងអណ្ដើក​សមុទ្រ​ដែល​រកឃើញ​នៅ​កោះ​កម្ពុជា​ពី​ខែមីនា ឆ្នាំនេះ​។ រូបថត FFI

លោក​បាន​បញ្ជាក់ថា​៖ «​អណ្តើក​សមុទ្រ គឺជា​ប្រភេទ​ធនធាន​ជលផល​ដ៏មាន​សារៈ​សំខាន់បំផុត ហើយក៏​ត្រូវបាន​ចាត់ថ្នាក់​ថា កំពុង​រងគ្រោះថ្នាក់​ក្នុងប្រទេស​កម្ពុជា​តាមរយៈ​អនុក្រឹត្យ​លេខ​ ១២៣ អនក្រ.បក ចុះ​ថ្ងៃទី​ ២៣ ខែសីហា ឆ្នាំ​ ២០០៩​។ បញ្ជី​ក្រហម អង្គការ IUCN ស្តីពី​ប្រភេទ​រងគ្រោះថ្នាក់​ក៏បាន​ចាត់ទុក​អណ្ដើក​សមុទ្រ​ថា​ជា​ប្រភេទ​រង​ការគំរាមកំហែង​ដែល​ឈាន​ទៅ​ផុត​ពូជ ជាពិសេស អណ្ដើក Hawksbill ហើយ​ប្រភេទ​សត្វ​អណ្ដើក​សមុទ្រ​ទាំងអស់​នេះ​សុទ្ធតែ​ត្រូវបាន​ចុះ​ក្នុង​ឧបសម្ព័ន្ធ​I​នៃ​អនុសញ្ញា​សាយ​តេស ដែល​ហាមឃាត់​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​»​។

លោក​បាន​បន្តថា ដោយសារ​អណ្ដើក​សមុទ្រ​កំពុង​ទទួលរង​គ្រោះថ្នាក់​យ៉ាង​​នេះ ទើប​ការគ្រប់គ្រង​ និង​អភិរក្ស​ត្រូវបាន​យកចិត្ត​ទុកដាក់​បំផុត​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ​ និង​អន្តរជាតិ​។ ​នៅ​កម្ពុជា​ប្រភេទ​អណ្តើក​សមុទ្រ​ត្រូវបាន​ហាម​ការចាប់ ការលក់ ការទិញ ការដឹកជញ្ជូន ការប្រមូល​ផល ការកែច្នៃ និង​ការធ្វើ​សន្និធិ​នូវ​ប្រភេទ​ធនធាន​ជលផល លើកលែង​តែ​ក្នុង​គោលបំណង​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដែល​ត្រូវ​មាន​ការអនុញ្ញាត​ពី​ប្រធាន​រដ្ឋបាល​ជលផល​។​ ក្នុងករណី​ធ្វើ​នេសាទ​បាន​ដោយ​ចៃដន្យ​អ្នកនេសាទ​ត្រូវមាន​កាតព្វកិច្ច​ដោះលែង​ជាបន្ទាន់​ទៅក្នុង​ទឹកធម្មជាតិ​វិញ ដោយ​គ្មាន​លក្ខខណ្ឌ និង​មិនត្រូវ​ធ្វើឱ្យមាន​របួសស្នាម ឬ​សម្លាប់​ឡើយ ហើយ​ត្រូវ​ផ្ដល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ជលផល​ ឬ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​មន្ត្រីរដ្ឋបាល​ជលផល​។

បច្ចុប្បន្ន​ប្រជាសហគមន៍​នេសាទ​ក្នុង​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​កម្ពុជា​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការថែទាំ​ឃ្លាំមើល​សម្បុក​ពង​កូន​នៃ​អណ្ដើក​សមុទ្រ​ទាំងនេះ​ ដើម្បីឱ្យ​សត្វ​អណ្ដើក​សមុទ្រ​ដ៏កម្រ និង​ជិត​ផុត​ពូជ​ទាំងនេះ​សម្បូរ​ឡើងវិញ​។

លោក ផែល រ៉ា អនុប្រធាន​ទី​ ១ នៃ​សហគមន៍​នេសាទ​ភូមិ​ដើមថ្កូវ សង្កាត់- ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយមាន​កិច្ចគាំទ្រ​ពី​រដ្ឋបាល​ជលផល និង FFI-Cambodia Program សហគមន៍​របស់លោក​បាន​ក្លាយជា​សហគមន៍​គំរូ​ក្នុង​កិច្ចការពារ​ធនធាន​សមុទ្រ​ និង​ថែទាំ​ទីតាំង​សម្បុក​ពង​កូន​របស់​សត្វ​អណ្ដើក​សមុទ្រ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ប្រជាសហគមន៍​យើង​មានការ​យល់ដឹង​គ្រប់គ្នា​អំពី​កិច្ចការពារ​ប្រភេទ​សត្វ​ដែល​ជិត​ផុតពូជ​ដូចជា​អណ្ដើក​សមុទ្រ​ដោយបាន​ឃ្លាំមើល​ថែទាំ​សម្បុក​ពង​កូន​របស់​វា​រហូតដល់​វា​ញាស់​ហើយ​កឹប​ស្លាក​សម្គាល់​មុនពេល​លែង​វា​ចូលទៅក្នុង​តំបន់​អភិរក្ស​ស្មៅ​សមុទ្រ​នៃ​សហគមន៍​របស់​យើង​»​។

បើតាម​លោក ផែល រ៉ា រដូវ​ពង​កូន​របស់​អណ្ដើក​សមុទ្រ​គឺ​ចាប់ផ្ដើម​នៅ​ចន្លោះ​ខែវិច្ឆិកា​ដល់​ខែមេសា​។ កាលពី​ឆ្នាំ​ ២០២១ សហគមន៍​របស់លោក​បាន​ប្រទះឃើញ​ហើយ​កត់ត្រា​បាន​ចំនួន​ ១០ ​ក្បាល ដោយ​ចាប់​វា​បំពាក់​ស្លាក​សម្គាល់​នៅមុន​ពេល​ដោះលែង​ឱ្យ​វា​ចូល​ទៅក្នុង​សមុទ្រ​វិញ​៕