ភ្នំពេញៈ ការប្រើប្រាស់ថ្នាំជក់ គឺជាការបំពុលបរិស្ថាន ដោយសារតែសារធាតុគីមីនៅក្នុងថ្នាំជក់ និងកាកសំណល់ដែលបានមកពីផលិតផលថ្នាំជក់ និងកាកសំណល់បារីអេឡិចត្រូនិក ព្រមទាំងកម្ទេចកម្ទីប្លាស្ទិកដែលមាននៅក្នុងថ្នាំជក់។ នេះជាការថ្លែងរបស់មន្ត្រីក្រសួងសុខាភិបាល នាទិវាពិភពលោក គ្មានថ្នាំជក់ឆ្នាំ ២០២២ ក្រោមប្រធានបទ «ថ្នាំជក់គំរាមកំហែងដល់បរិស្ថានរបស់យើង»។
លោកស្រី ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មការត្រួតពិនិត្យផលិតផលថ្នាំជក់បានថ្លែងនាព្រឹកថ្ងៃទី ៣១ ខែឧសភា នៅខេត្តកែបថា ការប្រើប្រាស់ថ្នាំជក់មិនត្រឹមតែបំផ្លាញសុខភាព និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏បានគំរាមកំហែងបរិស្ថានផងដែរ។ តើថ្នាំជក់គំរាមកំហែងបរិស្ថានយ៉ាងដូចម្តេច?
លោកស្រីមានប្រសាសន៍ថា៖ «កន្ទុយបារីចំនួន ៤,៥ ពាន់ពាន់លានដើមត្រូវបានបោះចោល ដែលកន្ទុយបារីទាំងនេះធ្វើឱ្យមានការប៉ះពាល់ដល់បរិស្ថាន។ ថ្នាំជក់មានផ្ទុកទៅដោយឧស្ម័នផ្ទះកញ្ចក់ ដែលជាមូលហេតុនៃការបំពុលបរិស្ថាន និងឡើងកម្ដៅផែនដី ហើយឧស្ម័នផ្ទះកញ្ចក់ចំនួន ៣ សំខាន់ដែលគេរកឃើញនៅក្នុងថ្នាំជក់ គឺកាបូនឌីអុកស៊ីត មេតាន និងអុកស៊ីតនីក្រាត»។
លោកស្រី ឈា ឆដាភា បញ្ជាក់ថា ក្នុងបារី ១ ដើមអាចបំភាយឧស្ម័នកាបូនិកចំនួន ១៤ ក្រាម ហើយក្នុង ១ ឆ្នាំថ្នាំជក់បំភាយកាបូនឌីអុកស៊ីតចំនួន ៨៤ តោន។ ទាំងនេះជាមូលហេតុដែលថ្នាំជក់គំរាមកំហែងដល់បរិស្ថាន។
មន្ត្រីសុខាភិបាលរូបនេះបានលើកឡើងទៀតថា ថ្នាំជក់បង្កឱ្យមាននូវកត្តាហានិភ័យចម្បងនៃសុខភាព និងបង្កនូវបញ្ហាជំងឺមិនឆ្លងជាច្រើន ដូចជាមហារីកសួត ជំងឺរលាកសួតរ៉ាំរ៉ៃ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺហឺត ជំងឺសរសៃឈាមបេះដូង និងជំងឺផ្សេងៗទៀត។ ជាមួយគ្នានេះដែរ អ្នកដែលមិនជក់បារី តែបានស្រូបផ្សែងបារី ក៏រងនូវផលប៉ះពាល់សុខភាពជាច្រើនផងដែរ។
ថ្នាំជក់នៅតែជាបញ្ហាសុខភាពសាធារណៈសំខាន់នៅក្នុងប្រទេសកម្ពុជា ដោយសព្វថ្ងៃនេះមានប្រជាជនដែលមានអាយុពី ១៨ ឆ្នាំឡើងប្រមាណជា ២ លាននាក់ កំពុងប្រើប្រាស់ថ្នាំជក់ ដែលក្នុងនោះមាន ១,៨ លាននាក់ជក់បារី ហើយបានចំណាយថវិកាអស់ជិត ២០២ លានដុល្លារ សម្រាប់ការទិញថ្នាំជក់ប្រើប្រាស់ និងចំណាយអស់ ១៦២,៧ លានដុល្លារសម្រាប់ព្យាបាលជំងឺ និងការបាត់បង់ពលកម្មដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ក្នុង ១ ឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោកស្រី ឈា ឆដាភា។ ប្រជាពលរដ្ឋប្រមាណជា ៦០ ភាគរយនៅតែទទួលរងការស្រូបផ្សែងផលិតផលថ្នាំជក់នៅតាមទីកន្លែងធ្វើការ និងកន្លែងសាធារណៈនៅឡើយ។
គណៈកម្មការត្រួតពិនិត្យផលិតផលថ្នាំជក់នៃក្រសួងសុខាភិបាលដែលដឹកនាំដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ កាត់បន្ថយការប្រើប្រាស់ថ្នាំជក់ដោយជំរុញឱ្យមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាផងដែរ។ សម្រាប់ឆ្នាំ ២០២១ កន្លងមក គណៈកម្មការត្រួតពិនិត្យផលិតផលថ្នាំជក់បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអប់រំ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ឆ្នាំ ២០២១-២០២៦។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងនាពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ ២០២២ នេះផងដែរ ដោយលោកបានអំពាវនាវទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ និងសិស្សានុសិស្សក្នុងខេត្តនេះត្រូវរួមគ្នាជំរុញការងារត្រួតពិនិត្យថ្នាំជក់នេះឱ្យបានទូលំទូលាយ។
លោកបានថ្លែងថា៖ «ត្រូវរួមគ្នាជំរុញនូវការមិនជក់បារីនៅទីកន្លែងធ្វើការ ឬទីកន្លែងសាធារណៈហាមឃាត់មិនឱ្យលក់បារីគ្មានសារព្រមានសុខភាព មិនផ្សព្វផ្សាយពាណិជ្ជកម្មឱ្យឧស្សាហកម្មថ្នាំជក់ មិនទទួលការឧបត្ថម្ភពីឧស្សាហកម្មថ្នាំជក់ ដើម្បីឆ្ពោះទៅខេត្តកែបជាខេត្តគ្មានផ្សែងបារីដ៏ស្រស់ស្អាត និងប្រជាជនគ្រប់រូបមានសុខភាព ល្អពេញមួយជីវិត»។
ទោះបីជាខេត្តកែបសម្រេចបាននូវកិច្ចការសំខាន់ៗជាច្រើនពីការមិនប្រើប្រាស់ផលិតផលថ្នាំជក់នេះក៏ដោយ ក៏ខេត្តកែបនៅជួបបញ្ហាប្រឈមមួយចំនួនផងដែរ។ លោក សោម ពិសិដ្ឋ បញ្ជាក់ថា បញ្ហាទាំងនោះមានដូចជា ការអនុវត្តវិធានការហាមឃាត់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅមិនទាន់បានពេញលេញ។
លោកបន្តថា៖ «ការរំលោភលើអនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងរូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ទំហំ ៥៥% នៅមានការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅមាននារីរបស់ក្រុមហ៊ុនថ្នាំជក់ ជំរុញការផ្សព្វផ្សាយលក់បារីក្នុងខេត្ត និងមានផ្សាយពាណិជ្ជកម្មលើជញ្ជាំងរថយន្តជាដើម»។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Nargiza Khodjaeva ក៏បានថ្លែងដែរថា នៅក្នុងពិភពលោកទាំងមូលមានប្រជាពលរដ្ឋប្រមាណជា ៨ លាននាក់បានបាត់បង់ជីវិតដោយការប្រើប្រាស់ថ្នាំជក់ ហើយក្នុងប្រទេសកម្ពុជាមានប្រជាពលរដ្ឋប្រមាណជា ១៥ ០០០ នាក់ត្រូវបានបាត់បង់ជីវិតដោយសារការប្រើប្រាស់ថ្នាំជក់ផងដែរក្នុង ១ ឆ្នាំៗ។
លោកស្រីបន្តថា៖ «ថ្នាំជក់មិនត្រឹមតែបំផ្លាញសុខភាពមនុស្ស និងសម្លាប់មនុស្សទេ តែថ្នាំជក់បានបំផ្លាញផែនដីយើងទាំងមូល និងបរិស្ថានយើងផងដែរ។ ដូចនេះប្រធានបទឆ្នាំនេះដែលនិយាយពីថ្នាំជក់គំរាមកំហែងដល់បរិស្ថានរបស់យើង គឺពិតជាល្អសម្រាប់ការរស់នៅរបស់យើង»៕