ភ្នំពេញៈ ក្រសួងយុត្តិធម៌សហការជាមួយអង្គការអភិរក្សសត្វព្រៃ WCS ប្រចាំកម្ពុជា រៀបចំ សិក្ខាសាលាស្តីពី «ការរៀបចំគោលការណ៍ណែនាំក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ» វគ្គ ២ ជូនដល់ចៅក្រម និងព្រះរាជអាជ្ញាទូទាំងរាជធានី-ខេត្ត ដើម្បីផ្លាស់ប្តូរបទពិសោធ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ។
អង្គសិក្ខាសាលាវគ្គ ២ នេះត្រូវបានរៀបចំឡើងរយៈពេល ២ ថ្ងៃ ពីថ្ងៃទី ៣០-៣១ ខែឧសភា ដោយមានការចូលរួមពីចៅក្រម និងព្រះរាជអាជ្ញានៃសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេសចំនួន ៦០ នាក់ ក្រោយពីសិក្ខាសាលាលើកទី ១ ត្រូវបានរៀបចំឡើងរយៈពេល ២ ថ្ងៃដូចគ្នាកាលពីថ្ងៃទី ២៦-២៧ ឧសភា ឆ្នាំ ២០២២។
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកស្រី ខៀវ សុផានី ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនេះថ្លែងថា គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់វគ្គទី ២ នេះ គឺដើម្បីប្រមូលមតិយោបល់ ចំណេះដឹង បទពិសោធ ជោគជ័យល្អៗបន្ថែមពីសំណាក់ចៅក្រម ព្រះរាជអាជ្ញាចំនួន ៦០ រូបបន្ថែមទៀត ដើម្បីឱ្យធាតុចូលទៅក្នុងសេចក្តីព្រាងគោលការណ៍ណែនាំក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ នៅកម្ពុជាកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ។
លោកស្រីថ្លែងថា៖ «ឯកសារគោលការណ៍ណែនាំនេះនឹងក្លាយជាឯកសារជំនួយដល់ចៅក្រម ព្រះរាជអាជ្ញាទាំងអស់សម្រាប់ដោះស្រាយរឿងក្តីជួញដូរសត្វព្រៃខុសច្បាប់ ដែលទើបតែត្រូវបានបង្កើតដំបូងឱ្យមានឡើងក្នុងប្រវត្តិសាស្ត្រនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា»។
លោកស្រីក៏បានជំរុញ និងលើកទឹកចិត្តដល់ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ ប្រមូលពូនផ្តុំនូវរាល់ចំណេះដឹង និងបទពិសោធល្អៗ និងជោគជ័យនាពេលកន្លងទៅ ដើម្បីមកចាក់បញ្ចូលជាធាតុចូលចាំបាច់ និងមានសារៈសំខាន់ក្នុងការរៀបចំបង្កើតខ្លឹមសារគោលការណ៍ណែនាំអំពីការដោះស្រាយ រឿងក្តីជួញដូរសត្វព្រៃនៅកម្ពុជា ដែលនឹងត្រូវចងក្រងជាសៀវភៅណែនាំសម្រាប់ជាឯកសារជំនួយដល់ការអនុវត្តការងាររបស់ចៅក្រម និងព្រះរាជអាជ្ញាក្នុងការដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ។
នាយកអង្គការអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា លោក កែន សេរីរដ្ឋា បញ្ជាក់ថា ក្នុងនាមជាអង្គការអភិរក្ស ស្វាគមន៍ពីគំនិតផ្តួចផ្តើមពីក្រសួង ស្ថាប័ន ដែលជាសេនាធិការរាជរដ្ឋាភិបាល ជាពិសេសក្រសួងយុត្តិធម៌ដែលទទួលកិច្ចការងារទាក់ទង ការកសាងបណ្តុះបណ្តាលធនធានមនុស្ស និងបញ្ញត្តិលើការងារផ្លូវច្បាប់ ដោយចាត់ទុកជាគំនិតផ្តួចផ្តើមមួយសមស្របជាមួយនឹងពេលវេលា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។
លោកថា៖ «ការពិគ្រោះយោបល់នេះ ពិតជាមានសារប្រយោជន៍ណាស់សម្រាប់ប្រមូលធាតុចូលដាក់ចូលទៅក្នុងសៀវភៅគោលការណ៍ណែនាំទៅលើនីតិវិធីសម្រាប់កាត់ក្តីសំណុំរឿង ទាក់ទង ការជួញដូរសត្វព្រៃខុសច្បាប់។
លោកបន្តថា៖ «ដើម្បីបានធាតុចូលនេះ គឺចៅក្រម និងព្រះរាជអាជ្ញាទាំង ២៥ ខេត្ត-ក្រុងគឺគាត់ចូលរួមធាតុចូលតាមរយៈការចែករំលែក បទពិសោធរបស់គាត់ ករណីដែលបានឆ្លងកាត់ក្នុងសាលាដំបូង ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ ធាតុចូលក្នុងការរៀបចំសៀវភៅគោលការណ៍ណែនាំនេះ»។
លោកនិយាយថា សៀវភៅគោលការណ៍ណែនាំនេះ ដើម្បីតម្រង់ទិសក្នុងការកាត់ក្តី ហើយសង្ឃឹមថា តាមរយៈគោលការណ៍ណែនាំនេះ វានឹងបង្កើនឱ្យមានការយល់ដឹងបន្ថែមទៀតទៅដល់ចៅក្រម និងព្រះរាជអាជ្ញាមានការពាក់ព័ន្ធ ដែលកាន់សំណុំរឿង ឬកាត់ក្តីទៅលើការជួញដូរសត្វព្រៃខុសច្បាប់។
លោកថា៖ «និយាយឱ្យចំគឺសៀវភៅគោលការណ៍ណែនាំនេះ រៀបចំឡើងដើម្បីបំពេញបន្ថែមចំណេះដឹងទៅដល់ព្រះរាជអាជ្ញា ចៅក្រម ដើម្បីឱ្យយល់អំពីសារៈសំខាន់នៃសត្វព្រៃ ផលប៉ះពាល់នៃការបាត់បង់ សត្វព្រៃ ឬការជួញដូរសត្វព្រៃ និងទិដ្ឋភាពច្បាប់ដែលពាក់ព័ន្ធទៅនឹងការជួញដូរសត្វព្រៃខុសច្បាប់នៅក្នុងក្របខ័ណ្ឌជាតិ និងក្របខ័ណ្ឌសកល»។
ទោះយ៉ាងណា លោកថា ក្រសួងយុត្តិធម៌មិនទាន់កំណត់កាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅគោលការណ៍ណែនាំនេះទេ ខណៈភាគីពាក់ព័ន្ធត្រូវការរកធាតុចូលបន្ថែមទៀត។ ប៉ុន្តែ តាមអ្វីដែលអង្គសិក្ខាសាលាចង់បាននោះ គឺចង់ឱ្យបានចប់លឿនទៅតាមអ្វីដែលអាចធ្វើបាន។
បើតាមលោកស្រី ខៀវ សុផានី ខ្លឹមសារដែលត្រូវយកមកពិគ្រោះយោបល់ ផ្ដោតជាចម្បងលើការគ្រប់គ្រងផ្នែកស៊ើបអង្កេត ការចោទប្រកាន់ និងការផ្ដន្ទាទោស ក្នុងរឿងក្តីជួញដូរសត្វព្រៃ។ ក្នុងនោះមានដូចជា តួនាទីសកម្មរបស់ព្រះរាជអាជ្ញាក្នុងការដឹកនាំសម្របសម្រួលកិច្ចស៊ើបអង្កេត ការរៀបចំ ផែនការច្បាស់លាស់និងការគ្រប់គ្រងហានិភ័យនៃកិច្ចស៊ើបអង្កេត ដើម្បីធានាដល់ការចោទប្រកាន់ ក៏ដូចជាការការពារក្តី នាពេលសវនាការក្នុងនោះក៏រួមបញ្ចូលទាំងការប្រើប្រាស់អ្នកជំនាញផ្នែកសត្វព្រៃផងដែរ៕