អភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង បាន​ធ្វើ​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​មន្ត្រី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​យក​អស់​កម្លាំង​កាយ​ចិត្ត ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រហូត​ទទួល​បាន​ជោគជ័យ ដែល​ធ្វើ​ឱ្យ​ជំងឺ​កូវីដ ១៩ ក្នុង​រយៈពេល ២៧ ថ្ងៃ​នេះ មិន​មាន​នៅ​កម្ពុជា។


លោក​បាន​លើក​ឡើង​បែប​នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ០២ ខែ​មិថុនា នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក ឃួង ស្រេង បាន​មាន​ប្រសាសន៍​ថា៖ «ភាព​ជោគជ័យ​ទៅ​លើ​ការ​គ្រប់គ្រង​ជំងឺ​កូវីដ គឺ​ពិត​ជា​មាន​ការ​ចូលរួម​ចំណែក​មិន​អាច​ខ្វះ​បាន​ពី​បងប្អូន​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បើ​ទោះបី​បងប្អូន​មួយ​ចំនួន​បាន​ឆ្លង​នូវ​ជំងឺ​កាច​សាហាវ​នេះ​ក៏​ដោយ ក៏​បងប្អូន​មិន​រុញរា តស៊ូ​ជាមួយ​រាជរដ្ឋាភិបាល​រហូត​ទទួល​បាន​ជោគជ័យ ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​វិល​ទៅ​រក​ប្រក្រតីភាព​ជា​ធម្មតា​ឡើង​វិញ»។


អភិបាល​ក្រុង​រូប​នេះ​ក៏​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ដែល​បាន​បម្រើ​សេវា​យ៉ាង​ល្អ​ជូន​ប្រជាពលរដ្ឋ ហើយ​លោក​ក៏​បាន​ស្នើ​ឱ្យ​បន្ត​ខិតខំ​បម្រើ​សេវា​នេះ ឱ្យ​កាន់​តែ​ល្អ​បន្ថែម​ទៀត៕