ភ្នំពេញៈ ​ប្រធាន​ការិយា​ល័យ​សុខាភិ​បាល​ស្រុក​ប្រតិបត្តិ​អង្គរជុំ​ លោក ​ម៉ក់​ សំអឿន​ បាន​ផ្ញើលិខិត​ជូន​អភិបាល​ស្រុក​ពួកដែលនៅក្នុងតំបន់គ្របដណ្ដប់ដោយការិយាល័យនេះ ស្នើ​ចុះ​ប្រមូល​ឱសថ ​និង​ថ្នាំ​ផ្សំ​ផ្សេងៗ ​ដែល​ដាក់លក់​ខុសច្បាប់​តាម​តូប​លក់​ចាប់ហួយ និង​ក្នុង​ផ្សារ​ស្រុក​ពួក​ ប៉ុន្ដែ​លោក​អភិបាល​ស្រុក​ពួក​ ខេត្ត​សៀមរាប លោក​ ស៊ីន ​ចាន់​ថុល​ អះអាង​ថា​ បញ្ហា​នេះ​នឹង​ធ្វើ​ការ​ប្រជុំ​ជាមួយ​នឹង​គណៈ​កម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​ជាមុន​សិន​នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​ធ្វើការ​ពិភាក្សា​មុន​នឹង​សម្រេច​ថា​តើ​ត្រូវ​ដំណើរ​ការ​យ៉ាង​ណា​បន្ត​ទៀត​។​​


​លោក​ ម៉ក់ សំអឿន​ បាន​លើក​ឡើង​តាម​រយៈ​លិខិត​ចុះ​ថ្ងៃទី ​០៦ ខែមិថុនា​ថា​ ការស្នើ​ចុះ​ប្រមូល​នេះ​ដោយ​សារ​មានការ​លក់ដូរ​ឱសថ​ និង​ថ្នាំ​ផ្សំ​យ៉ាង​ អនាធិប​តេយ្យ​នៅតាម​តូប​លក់​ក្នុងភូមិ​និង​តាម​ផ្សារ​នានា​ក្នុង​តំបន់​គ្របដណ្តប់​នៃ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​អង្គរជុំ​។​

លោក​បាន​បញ្ជាក់ថា៖ «​ការលក់ដូរ​ឱសថ និង​ថ្នាំ​ផ្សំ​យ៉ាង​អនាធិបតេយ្យ​នេះ ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ព្រោះថា ​ឱសថ​និង​ថ្នាំ​ផ្សំ​ទាំងអស់​អាច​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ខូចគុណភាព និង​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​»​។​


លោក​ ម៉ក់ សំអឿន បាន​អះ​អាង​ថា បុគ្គលិក​សុខាភិបាល​នៅតាម​មណ្ឌល​សុខភាព​នឹង​សហការ​ជាមួយ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ចុះ​អប់រំ​សុខភាព និង​ប្រមូល​ឱសថ​ឬ​ថ្នាំ​ផ្សំ​ទាំងអស់​មក​កម្ទេចចោល​នៅ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​អង្គរជុំ​»​។​

ទាក់ទង​នឹង​ការស្នើ​នេះ លោក ស៊ីន ចាន់ថុល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុ​ស្តិ៍​ ទៀតថា បញ្ហា​នេះ​មានការ​ពាក់ព័ន្ធ​គ្នាច្រើន ដែល​លោក​នឹងធ្វើ​ការកោះប្រជុំ​ជជែក​ពិភាក្សា​ជាមួយនឹង​គណៈកម្មការ​ប្រយុទ្ធ​នឹង​ឱសថ​ក្លែងក្លាយ​សិន ដើម្បី​ដាក់ចេញ​នូវ​វិធានការ​យ៉ាងណា​ទៀត​។​


លោកថ្លែងថា៖ «​កិច្ចប្រជុំ​អាច​នឹង​ធ្វើឡើង​នៅ​ចុង​សប្តាហ៍​នេះ ​ឬ​អាច​នឹង​ពេលណា​មួយទៀត ដោយសារតែ​យើង​មានការ​រវល់​ជាមួយ​ការងារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ដែល​ទើបនឹង​បញ្ចប់​ថ្មីៗ​នេះ​»​។​

សម្រាប់​ការលក់ដូរ​ឱសថ​ និង​ថ្នាំ​ផ្សំ​នៅតាម​តូប ​ឬ​ផ្សារ​ក្នុងស្រុក​ពួកនេះ លោក ស៊ីន ចាន់ថុល ទទួលស្គាល់ថា​មាន​ករណី​លក់ដូរ​ដូចនេះ​ដែរ ប៉ុន្តែ​មិនមាន​ច្រើន​នោះទេ ហើយ​ការលក់​នេះ​គឺ​អនុវត្ត​តាំងពីដើម​មក ហើយ​ការលក់​ឱសថ​តាម​តូប​នេះ​ក៏​មិនមែន​មានតែ​ក្នុងស្រុក​ពួក​ដែរ​។​

ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​អង្គរជុំ ក៏បាន​ស្នើ​ចុះ​ប្រមូល​ឱសថ ​និង​ថ្នាំ​ផ្សំ​ផ្សេងៗ​ដែល​ដាក់លក់​ខុសច្បាប់​តាម​តូប​លក់​ចាប់ហួយ និង​ក្នុង​ផ្សារ​ផងដែរ នៅក្នុង​ស្រុក​ចំនួន​ ២​ ទៀត​ គឺ​ស្រុក​អង្គរជុំ​និង​ស្រុក​វ៉ារិន​។​

ជាមួយគ្នានេះដែរ លោក ស៊ីន ចាន់ថុល ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​ចង់​ទិញ​ឱសថ ​ឬ​ប្រឹក្សា​យោបល់​ទាក់ទង​នឹង​ឱសថ​ ឬ​ថ្នាំ សុំឱ្យ​ពួកគាត់​ស្វែងរក​អ្នកជំនាញ​ឬ​ឱសថការី​ដែល​បាន​ឆ្លងកាត់​ការរៀនសូត្រ​ច្បាស់លាស់ ហើយ​ត្រូវ​ចៀសវាង​ការទិញ ឬ​ប្រើប្រាស់​ឱសថ​ពី​អ្នក​ដែល​មិនមាន​ជំនាញ​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​សុខភាព​ ឬ​មាន​គ្រោះថ្នាក់​ជាដើម​។​

លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាលបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការងារ​នេះ​ក្រសួង​សា​ម៉ី និង​បណ្តា​ខេត្ត​ទាំងអស់ បានធ្វើ​ជាប់​ជា​រៀងរហូត​មកហើយ​។​ ​យោងតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថបាន​ចែងថា ការលក់​ឱសថ​គ្មាន​ទិដ្ឋាការ​ឬ​បញ្ជី​ការ ឬ​ឱសថ​ដែល​ក្ររ​សួង​សុខាភិបាល​បាន​ហាមឃាត់ ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​ ១​ លាន​រៀន​ ដល់​ ១០ ​លាន​រៀល និង​ផ្អាក​ផលិតកម្ម អាហរ័ណ​នីហរ័ណ​កម្ម​ និង​ពាណិជ្ជកម្ម​ឱសថ​ពី​ ០១​ ខែ​ដល់​ ០៣​ ខែ​ ឬ​ទោស​ណាមួយ​ក្នុងចំណោម​ទោស​ទាំង ២ ​ខាងលើនេះ ​ដោយ​មិន​គិតដល់​ការ​ផ្ត​ន្ទោ​ទោស​ពីបទ​ល្មើស​ផ្សេងៗ​ទៀត​៕