ភ្នំពេញៈ ក្រសួងសំខាន់ៗចំនួន ៣ មានគម្រោង និងកំពុងពិចារណាក្នុងការកំណត់ពីអាយុមនុស្សពេញវ័យសម្រាប់ការអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
មន្ត្រីអះអាងថា ប្រជាពលរដ្ឋមួយចំនួនទទួលទានស្រា ឬគ្រឿងស្រវឹងច្រើនខុសពេលវេលា ដែលធ្វើឱ្យការបើកបរបង្កឱ្យមានគ្រោះថ្នាក់ច្រើនដែរ។ ដោយសារមូលហេតុនេះទើបក្រសួងទាំងនោះគិតគូរថា នៅចំពោះមុខប្រសិនបើអាចអន្តរក្រសួងនឹងពិភាក្សាលើបញ្ហានេះដើម្បីកំណត់លើមនុស្សណាដែលអាចទទួលទានគ្រឿងស្រវឹងបាន។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ចែករំលែកទស្សនៈរបស់លោកជុំវិញបញ្ហានេះ តាមរយៈសំណួរដូចខាងក្រោម៖
ហេតុអ្វីចាំបាច់កំណត់អាយុអ្នកទទួលទានគ្រឿងស្រវឹង?
ការកំណត់អាយុការទទួលទានគ្រឿងស្រវឹងនេះគឺមាននៅក្នុងបណ្តាប្រទេសជាច្រើន ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនៃយុវជននៃប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេស គឺយុវវ័យក្មេងៗកុំឱ្យទទួលទានគ្រឿងស្រវឹងឆាប់ពេកដែលពួកគេអាចប្រឈម ទី១- ដល់បញ្ហាគ្រោះថ្នាក់ដល់សុខភាព ទី២- អាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ និងទី៣- ពាក់ព័ន្ធនឹងការសិក្សារបស់ពួកគាត់។
បើពួកគាត់ញៀននឹងគ្រឿងស្រវឹងហើយនោះថា តើពួកគាត់អាចទៅរៀនសូត្រទៅធ្វើការងារដោយរបៀបណាបាន? អ៊ីចឹងបានជានៅបណ្តាប្រទេសខ្លះទៀតគេកំណត់អាយុនៃការទទួលទានគ្រឿងស្រវឹងនេះ ដូចនៅប្រទេសកូរ៉េខាងត្បូងហ្នឹងរហូតដល់អាយុ ២២ ឆ្នាំ បានគេអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង។ ហេតុអី្វ? ពីព្រោះថា កាលណាការពន្យារអាយុកាន់តែច្រើនសម្រាប់ការទទួលទានគ្រឿងស្រវឹងគឺបានន័យថា ហានិភ័យក៏កាន់តែទាបដែរ។ នៅពេលដែលពួកគាត់សម្រេចចិត្តទទួលទានគ្រឿងស្រវឹងនៅអាយុ ២០ ឆ្នាំជាង (២១ ឆ្នាំ ឬ ២២ ឆ្នាំ) គឺអាចថា ពួកគាត់មានការយល់ដឹងច្រើន។ ប៉ុន្តែបើពួកគាត់នៅវ័យក្មេងអាយុ ១៤ ឆ្នាំដល់ ១៨ ឆ្នាំ ជួនកាលពួកគាត់ស្ថិតនៅក្នុងវ័យមួយដែលចង់សាកល្បងគ្រឿងស្រវឹងហើយពេលខ្លះប្រណាំងគ្នាទទួលទានគ្រឿងស្រវឹងដែលនេះជាហេតុបង្កគ្រោះថ្នាក់ខ្លាំងនៅក្នុងសង្គម។
តើដំណើរការរៀបចំគោលនយោបាយកំណត់អាយុអ្នកទទួលទានគ្រឿងស្រវឹងនេះគួរធ្វើឡើងបែបណាដែរ?
ការកំណត់អាយុនៃការទទួលទានគ្រឿងស្រវឹងនេះក៏គួរតែមានការចូលរួមពីបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលផងដែរ ហើយក៏ឈរលើមូលដ្ឋាននៃការសិក្សាស្រាវជ្រាវពីបណ្ដាប្រទេសផ្សេងៗ រួមទាំងពីការសិក្សាខ្លះៗដែលកើតមាននៅកម្ពុជា ដើម្បីជាធាតុចូលក្នុងការធ្វើការសម្រេចចិត្តខាងគោលនយោបាយ។
ប៉ុន្តែយើងឃើញថា ឯកសារទាំងអស់នេះគឺយើងមានរួចហើយ។ វាមិនមានការលំបាកនោះទេ ដែលបណ្ដាប្រទេសផ្សេងៗបើតាមគោលនយោបាយរបស់គេក៏គេមានកំណត់ច្បាស់លាស់ដែរ។ មួយវិញទៀតគឺការកំណត់នេះគឺត្រូវតែឱ្យមានការបង្ហាញអត្តសញ្ញាណប័ណ្ណ ឬក៏បណ្ណសម្គាល់ផ្សេងៗចំពោះអ្នកដែលទៅទិញគ្រឿងស្រវឹងនោះថា គាត់ពិតជាមានអាយុ ដែលអាចទទួលទានគ្រឿងស្រវឹងបានតាមច្បាប់កំណត់ដែរឬទេ? បើមិនដូច្នេះទេបើយើងនៅតែលក់គ្រឿងស្រវឹងបែបអនាធិបតេយ្យហើយអ្នកលក់ក៏មិនបានពិនិត្យមើលអត្តសញ្ញាណអាយុអ្នកទិញច្បាស់លាស់គឺការកំណត់អាយុនេះស្មើនឹងការមិនកំណត់អាយុដដែល។ អ៊ីចឹងទាល់តែយើងដាក់ការទទួលខុសត្រូវរបស់អ្នកលក់ឱ្យបានច្បាស់លាស់ ហើយបើគាត់មិនអនុវត្តតាមគោលនយោបាយទេគឺត្រូវតែធ្វើការផាកពិន័យគាត់។
តើបញ្ហាគ្រឿងស្រវឹងនៅកម្ពុជាបច្ចុប្បន្នមានលក្ខណៈបែបណា?
បញ្ហាគ្រឿងស្រវឹងនៅប្រទេសកម្ពុជា គឺជាបញ្ហាប្រឈមខ្លាំងណាស់។ យើងឃើញការប្រឈម ទី១- គឺចំពោះសុខភាពដែលមានជំងឺជាង ២០០ មុខ ជាពិសេសគឺប្រភេទជំងឺមិនឆ្លងដូចជាជំងឺលើសឈាម ជំងឺថ្លើម ជំងឺទឹកនោមផ្អែមជាដើម និងជំងឺច្រើនប្រភេទផ្សេងទៀត។ ជាមួយគ្នានេះផងដែរ ក៏មានបញ្ហាប្រឈមមួយទៀតគឺខាងសង្គមដែលធ្វើឱ្យមាន «បងតូចបងធំ» នៅក្នុងសង្គមការវាយតប់គ្នាដែលបង្កអសន្តិសុខដល់សង្គមដែលប្រជាពលរដ្ឋរស់នៅ។ ជាមួយគ្នានេះទៀតសោតក៏យើងឃើញថា បញ្ហាគ្រឿងស្រវឹងនេះនៅក្នុងប្រទេសកម្ពុជាក៏បានជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងហិង្សាដែលប្រជាពលរដ្ឋជាច្រើនបានលើកឡើងថាអំពើហិង្សាដែលកើតឡើងនៅក្នុងគ្រួសារគឺភាគច្រើនគឺបណ្ដាលមកពីសមាជិកគ្រួសារ ឬស្វាមីដែលទទួលទានគ្រឿងស្រវឹង។ បញ្ហាគ្រឿងស្រវឹងនេះទៀតសោតក៏ទាញទម្លាក់ប្រជាពលរដ្ឋកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រច្រើនដែរ ប្រសិនបើសមាជិក ឬក៏មេគ្រួសារធ្លាក់ខ្លួនទៅក្នុងការប្រើប្រាស់គ្រឿងស្រវឹងជោកជាំ។
តើគួរមានវិធានការបែបណាចំពោះអ្នកល្មើសបម្រាម?
អ្នកដែលល្មើសនឹងបម្រាមនេះគឺត្រូវមានការផាកពិន័យគាត់ហើយប្រសិនបើគាត់មានការញុះញង់អនីតិជនឱ្យទិញគ្រឿងស្រវឹង ឬទទួលទានគ្រឿងស្រវឹងគួរតែមានការដាក់ទោសទណ្ឌដល់ពន្ធនាគារ ដើម្បីឱ្យគាត់មានការខ្លាចរអា និងរាងចាល។ ដូចនៅក្នុងក្រមព្រហ្មទណ្ឌយើងក៏មានកំណត់ដែរអំពីការញុះញង់ឱ្យអនីតិជនប្រើប្រាស់គ្រឿងស្រវឹងគឺគេត្រូវតែដាក់ទោសទណ្ឌដូចគ្នា។
តើគួរជំរុញបែបណាចំពោះការអនុវត្តគោលនយោបាយកំណត់អាយុអ្នកទទួលទានគ្រឿងស្រវឹងឱ្យទទួលបានជោគជ័យ?
ការដែលធ្វើឱ្យការអនុវត្តទទួលបានជោគជ័យនូវគោលនយោបាយនេះលុះត្រាណាមានយន្តការតាមដាន និងការត្រួតពិនិត្យឱ្យច្បាស់លាស់ ហើយនិងការដាក់ពិន័យដល់អ្នកដែលល្មើសឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានោះទៀតសោត គឺត្រូវតែធ្វើការជាមួយកន្លែងលក់ស្រានៅគ្រប់ទីកន្លែង ដើម្បីឱ្យប្រាកដថាពួកគេលក់ឱ្យតែអ្នកដែលមានអាយុតាមច្បាប់កំណត់។ ជាមួយគ្នានោះត្រូវតែផ្សព្វផ្សាយទៅដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបពីគោលនយោបាយនេះហើយឱ្យអាជ្ញាធរអនុវត្តឱ្យបានត្រឹមត្រូវ។
អាជ្ញាធរណាឆកល្វែងមិនបានអនុវត្តត្រូវតែដាក់ទោសទណ្ឌ ឬដាក់ពិន័យដល់ពួកគាត់ ដើម្បីឱ្យពួកគាត់យកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវ និងដើម្បីកុំឱ្យគោលនយោបាយ ឬច្បាប់ដែលបានដាក់ចេញហើយមិនត្រូវបានអនុវត្តឱ្យមានប្រសិទ្ធភាព។ ក្នុងនោះទៀតសោតក៏ត្រូវតែមានការចូលរួមពីសង្គមស៊ីវិលពីអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីលើកកម្ពស់ក៏ដូចជាការចូលរួមអនុវត្តឱ្យបានជោគជ័យ។ ជាមួយគ្នានោះ យន្តការតាមដាន និងអនុវត្ដគួរតែបង្កើតឡើងផងដែរតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ បើគ្មានយន្តការតាមដានត្រួតពិនិត្យទេគឺគោលនយោបាយ ១ ច្បាប់ ១ មិនអាចជោគជ័យទៅបាននោះទេ៕