ភ្នំពេញ: ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​កយកា​) ប្រកាស​ផ្តល់​ថវិកា ១០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​សហគមន៍​ក្នុង​ខេត្ដ​ចំនួន ៣ នៅ​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​សហគមន៍​មួយ​ប្រកប​ដោយ​សន្តិភាព​ និង​វិបុលភាព​។


ពិធី​ចុះហត្ថលេខា​លើ​គម្រោង «​ការកសាង​ភូមិ​សន្តិភាព​តាមរយៈ​ការអភិវឌ្ឍ​សហគមន៍​ជនបទ​ចម្រុះ​» ​នេះ​ត្រូវបាន​ធ្វើឡើង​រវាង​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង​តំណាង​ទីភ្នាក់ងារ​កយកា​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​ ៩​ មិថុនា​។

គម្រោង​នេះ​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ខេត្ដ​បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ​។


លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ថ្លែងថា​៖ «​គម្រោង​នេះ គឺជា​ការគាំទ្រ​ដ៏សំខាន់​មួយ​ដោយសារ​តំបន់​ទាំងនោះ​ធ្លាប់មាន​សង្គ្រាម​យ៉ាង​ធ្ងន់ធ្ងរ ហើយ​មាន​ផ្ទុក​ទៅដោយ​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​»​។

ក្រោម​ជំនួយ​ឥតសំណង​ចំនួន ១០ លាន​ដុល្លារ​ពី​សាធារណរដ្ឋ​កូរ៉េ គម្រោង​ដែលមាន​គោលបំណង​ ដើម្បី​អភិវឌ្ឍ​តំបន់​ភាគ​ពាយ័ព្យ​ប្រកប​ដោយ​និរន្តរភាព និង​សន្តិភាព តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​ជនបទ​ប្រកបដោយ​បរិយាប័ន្ន​នឹងត្រូវ​អនុវត្ត​ក្នុង​រយៈពេល​ ៦០ ខែ​ (២០២២-២០២៦)​។ យោងតាម​កយកា គម្រោង​នេះ​មាន​បំណង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ជនបទ ដូចជា​ក្រុម​ងាយរងគ្រោះ (​ជនក្រីក្រ ជនពិការ​) កសិករ​ខ្នាតតូច និង​ក្រុម​កសិករ ជាដើម​។ ធាតុ​ផ្សំ​សំខាន់​នៃ​គម្រោង​រួមមាន​ការកែលម្អ​ជីវភាព​រស់នៅ​ជនបទ ការបង្កើន​ប្រាក់ចំណូល​ពី​វិស័យ​កសិកម្ម​ប្រកបដោយ​និរន្តរភាព​ និង​ការពង្រឹង​អភិបាលកិច្ច​នៃ​ការអភិវឌ្ឍ​ជនបទ​។


លោក អ៊ុក រ៉ាប៊ុន បាន​ថ្លែង​ក្នុង​ពិធី​ទទួល​ប្រាក់​គម្រោង​នៅ​ទីស្ដីការ​ក្រសួង​ថា បន្ទាប់ពី​បញ្ចប់សង្គ្រាម រដ្ឋាភិបាល​បាន​ព្យាយាម​អស់ពី​សមត្ថភាព ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​។

លោក​បាន​បន្ដថា​៖ «​ជា​លទ្ធផល​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅក្នុង​តំបន់​ភាគច្រើន​ត្រូវបាន​ដោះ​និង​បំផ្លាញចោល​។ ទោះយ៉ាងណា​តំបន់​ទាំងនោះ​នៅតែ​ត្រូវការ​ជំនួយ ខណៈ​ពួកគេ​កំពុង​ខ្វះខាត​នូវ ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ​សង្គម និង​សេដ្ឋកិច្ច ជាពិសេស​ការគាំទ្រ​សកម្មភាព​កសិកម្ម​ ដើម្បី​ប្រើប្រាស់​ដី​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

លោក Rho Hyunjun តំណាង​ទីភ្នាក់ងារ កយកា ប្រចាំ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​លើ​ការផ្ដល់​អាទិភាព​អភិវឌ្ឍ​ជនបទ​តាមរយៈ​ការធ្វើឱ្យ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​។ លោក​ថា​៖ «​វិស័យ​អភិវឌ្ឍន៍​ជនបទ​គឺជា​សសរស្តម្ភ​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​របស់​ទីភ្នាក់ងារ​​កយកា​។ ទីភ្នាក់ងារ កយកា ប្តេជ្ញា​គាំទ្រ​លើ​វិស័យ​នេះ​»៕