ទារកដ្ឋានសហគមន៍ដំបូងគេចំនួន ៣ បានចាប់ផ្តើមបើកដំណើរការហើយនៅក្នុងភូមិព្រៃតាចាប ក្នុងឃុំសំបូរ, ភូមិចំបក់ ក្នុងឃុំវល្លិសរ និងភូមិត្រពាំងគង ក្នុងឃុំត្រពាំងគងនៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីដើមខែមិថុនានេះ ដែលទារកដ្ឋានសហគមន៍នេះបើកផ្តល់សេវារយៈពេល ៦ ថ្ងៃក្នុងមួយសប្តាហ៍ ដែលវេលានេះសមស្របទៅតាមពេលវេលាធ្វើការរបស់ឪពុកម្តាយទារក ឬកុមារតូចនោះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការពិភពកុមារ និងអភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ទារកដ្ឋានទាំង ៣ នេះបានចាប់ផ្តើមទទួលចុះឈ្មោះជាបណ្តើរៗហើយគិតតាំងពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២២ មក ដែលទារកដ្ឋាននេះផ្តល់សេវាមើលថែទាំ និងអប់រំទារក និងកុមារតូចដែលមានអាយុចាប់ពី ៣ ខែដល់ ៣ ឆ្នាំ និងមានឪពុកម្តាយដែលកំពុងធ្វើការជាកម្មកររោងចក្រ។
លោកស្រី SELLE Stéphanie នាយកប្រតិបត្តិអង្គការពិភពកុមារ និងអភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជាលើកឡើងថា គុណភាពនៃការថែទាំទារក និងកុមារតូចគឺជាកត្តាចាំបាច់សម្រាប់អនាគតកុមារ និងសុខុមាលភាពរបស់ពួកគាត់។
លោកស្រីបានបញ្ជាក់ថា លោកស្រីមានមោទនភាពខ្លាំងណាស់ក្នុងការចូលរួមចំណែកបង្កើតការផ្តល់សេវាកម្មមើលថែទាំទារក និងកុមារតូច និងថ្លែងអំណរគុណដល់ឪពុកម្តាយទាំងអស់ដែលផ្តល់ការជឿទុកចិត្តលើសេវាថែទាំដែលកំពុងផ្តល់នេះ។
លោកស្រី SELLE Stéphanie បានបន្ថែមថា៖ «មកទល់បច្ចុប្បន្ន ទារក និងកុមារតូចចំនួន ៣៤ នាក់បានចាប់ផ្តើមសម្របខ្លួនជាបណ្តើរៗទៅនឹងបរិយាកាសថ្មីនៃទារកដ្ឋានរបស់យើង ដោយពួកគេបានជួបជាមួយអ្នកថែទាំរបស់ពួកគេ លេងកម្សាន្តជាមួយប្រដាប់ប្រដាលេងថ្មីៗ និងរីករាយជាមួយអាហារដែលមានរសជាតិឆ្ងាញ់ប្រកបដោយជីវជាតិ ចម្អិនថ្មីៗដោយចុងភៅនៃទារកដ្ឋានរបស់យើង»។
ដើម្បីធានាបានគុណភាពនៃការថែទាំ និងសុវត្ថិភាពកុមារ បុគ្គលិករបស់គម្រោងទារកដ្ឋានសហគមន៍ត្រូវបានបង្ហាត់បង្រៀនរយៈពេលចំនួន ៣ សប្តាហ៍នូវជំនាញពាក់ព័ន្ធមានដូចជា ការគាំពារ និងអភិវឌ្ឍកុមារ ការគ្រប់គ្រងទីកន្លែង ប្រដាប់ប្រដាលេង របៀបនៃការថែទាំ វិធីសង្គ្រោះបន្ទាន់និងការចម្អិនអាហារជាដើម ដោយបុគ្គលិកជំនាញប្រចាំអង្គការពិភពកុមារ និងអភិវឌ្ឍន៍។
គួរបញ្ជាក់ដែរថា គម្រោងទារកដ្ឋានសហគមន៍ផ្តោតសំខាន់ទៅលើសុវត្ថិភាព និងការលូតលាស់ល្អរបស់កុមារ ដោយគម្រោងប្រើប្រាស់នូវឧបករណ៍ និងប្រដាប់ប្រដាលេងរបស់កុមារទាំងឡាយណាដែលអាចជួយដល់ការរំញោចរបស់កុមារបាន។
គម្រោងទារកដ្ឋានសហគមន៍ទទួលបានការគាំទ្រហិរញ្ញវត្ដពីមូលនិធិអភិវឌ្ឍសង្គមរបស់ប្រទេសជប៉ុនគ្រប់គ្រងដោយធនាគារពិភពលោក និងអនុវត្តដោយអង្គការពិភពកុមារ និងការអភិវឌ្ឍ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះថា គម្រោងនេះក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ (ថ្នាក់ឃុំមានតួនាទីក្នុងការគ្រប់គ្រងទារកដ្ឋានក្នុងសហគមន៍របស់ខ្លួន) និងថ្នាក់ក្រោមជាតិផងដែរ។
មួយវិញទៀត ការផ្តល់សេវានៃគម្រោងនេះអាចជួយបង្កើនផលិតភាពរបស់រោងចក្រ ដោយកាត់បន្ថយការលាឈប់ពីការងារ និងអវត្តមានរបស់កម្មករ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ គឺតាមផែនការរបស់គម្រោងគឺទារកដ្ឋានសរុបចំនួន ១៤ នឹងត្រូវបើកដំណើរការ ដែលវាស្ថិតនៅជិតលំនៅឋានរបស់កម្មកររោងចក្រដែលជាដៃគូ ដែលមកទល់បច្ចុប្បន្ននេះ គម្រោងបានសាងសង់អគារទារកដ្ឋានចំនួន ៤ រួចរាល់ហើយ និងមានទីតាំងថ្មីចំនួន ៥ ទៀតត្រូវបានកំណត់រួចស្រេច ដើម្បីត្រៀមសាងសង់ផងដែរ។
យោងតាមរបាយការណ៍របស់អង្គការ CARE ក្នុងឆ្នាំ ២០១៦ បង្ហាញថា នៅកម្ពុជា ប្រជាជនប្រមាណជាង ៦០ ម៉ឺននាក់ កំពុងបម្រើការនៅក្នុងឧស្សាហកម្មកាត់ដេរ និងមានប្រហែល ៦០ ភាគរយនៃកម្មករទាំងនេះគឺជាស្រី។
បើតាមច្បាប់ការងាររបស់កម្ពុជា ឆ្នាំ ១៩៩៧ មាត្រា ១៨៦ បញ្ជាក់ថា ចំពោះក្រុមហ៊ុនដែលមានបុគ្គលិកជាស្រី្តច្រើនជាង ១០០ នាក់ ក្រុមហ៊ុននោះតម្រូវឱ្យមានផ្តល់សេវាថែទាំកូនតូចរបស់បុគ្គលិកដែលមានអាយុចាប់ពី ១៨ ខែ ទៅ ៣៦ ខែ។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាក្នុងឆ្នាំ ២០១៩ ដែលធ្វើឡើងដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍បង្ហាញឱ្យឃើញថា មានរោងចក្រត្រឹមតែ ១៣ រោងចក្រ ក្នុងចំណោមរោងចក្រចំនួន ២០០ នៅកម្ពុជា ដែលបានអនុវត្តតាមមាត្រា ១៨៦ នៃច្បាប់ការងារនេះ៕