ភ្នំពេញៈ កម្ពុជា-ជប៉ុន បានចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការបន្តផ្តល់-ទទួល ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនជាង ៣ លាន ៦ សែនដុល្លារដល់កម្ពុជា សម្រាប់គម្រោង “អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ខណៈគម្រោងនេះ បានផ្តល់អាហារូបករណ៍ដល់មន្រ្តីកម្ពុជាចំនួន ៥២២ រូប គិតចាប់ពីឆ្នាំ ២០០០ មក។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ បានចុះហត្ថលេខា លើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន (ប្រមាណ ៣ លាន ៣ សែន ៦ ម៉ឺនដុល្លារអាមេរិក) សម្រាប់គម្រោង “អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ។
ក្រោមហិរិញ្ញប្បទានឥតសំណងនេះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦ រូប ដែលរួមមានបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២៤រូប និងថ្នាក់បណ្ឌិតចំនួន២រូប នឹងទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជាច្រើនក្នុងប្រទេសជប៉ុន។
លោក ប្រាក់ សុខុន បានបញ្ជាក់ក្នុងពិធីចុះហត្ថលេខានេះថា តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្តែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលមិនត្រឹមតែផ្ដល់ហិរញ្ញប្បទានឥតសំណង JDS និងអាហារូបករណ៍ដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
លោកថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ របស់ប្រទេសជប៉ុន ដល់កម្ពុជានិងជំនួយដើម្បីជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាតកូវីដ ១៩»។
លោកបានឱ្យដឹងថា ចាប់តាំងពីគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ឬ «JDS» ត្រូវបានផ្តល់ជូនប្រទេសកម្ពុជានៅឆ្នាំ ២០០០ មក គម្រោងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ដល់មន្ត្រីរាជការកម្ពុជាចំនួន ៥២២ រូប មកពីក្រសួង-ស្ថាប័ននានា ដែលក្នុងនោះ មាន ២៧ រូប ជាមន្ត្រីក្រសួងការបរទេស។
លោកបន្តទៀតថា ក្នុងនោះ មានមន្ត្រីចំនួន ៤៣៩ រូប បានវិលត្រឡប់មកកម្ពុជាវិញ ហើយមួយចំនួនទៀតបានកាន់មុខតំណែងជាអ្នកដឹកនាំ និងមុខតំណែងសំខាន់ៗជាច្រើន នៅតាមក្រសួង-ស្ថាប័នរបស់ពួកគេរៀងៗខ្លួន។
លោកបានគូសបញ្ជាក់ថា៖ «ចំពោះកិច្ចសហប្រតិបត្តិការជារួមរបស់យើង ខ្ញុំសូមបញ្ជាក់ថា ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការទ្វេរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសយើងទាំងពីរក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី»។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា វិធានការរឹតត្បិតនៅតាមព្រំដែនរបស់ប្រទេសជប៉ុនដែលត្រូវបានដាក់ចេញដោយសារតែជំងឺកូវីដ ១៩ ត្រូវបានបន្ធូរបន្ថយនាពេលថ្មីៗនេះ។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរ ធុរជន សិស្ស-និស្សិត ត្រូវបានរំពឹងថា នឹងអាចចូលប្រទេសជប៉ុនមួយជំហានម្តងៗ។
ស្ថានទូតជប៉ុន គូសបញ្ជាក់ថា ៖«យើងសង្ឃឹមថា ស្ថានការណ៍នឹងកាន់តែប្រសើរឡើង ហើយជំនួយនេះអាចរួមចំណែកបន្ថែមទៀត ដល់ការបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជាតាមរយៈការសម្រួលដល់ការផ្លាស់ប្តូររវាងប្រទេសជប៉ុន និងកម្ពុជា»។
លោក ប្រាក់ សុខុន បានឱ្យដឹងដែរថា ប្រទេសទាំង ២ ក៏បានរក្សាការផ្លាស់ប្តូរទស្សនកិច្ចនិងទំនាក់ទំនងកំរិតខ្ពស់ជាញឹកញាប់ ដែលបានបង្ហាញជាក់ស្តែង រួមមានដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ប្រទេសកម្ពុជា កាលពីខែមីនាឆ្នាំនេះ និងការអញ្ជើញចូលរួមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង “កិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីទឹក” លើកទី៤ នៅទីក្រុងគូម៉ាម៉ូតូក្នុងខែមេសា ឆ្នាំ ២០២២ ក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្ត្រីយោធាជាន់ខ្ពស់ជាដើម។
លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានសកម្មភាព និងព្រឹត្តិការណ៍ជាច្រើនថែមទៀតរវាងប្រទេសទាំងពីរនៅចុងឆ្នាំនេះ ដើម្បីប្រារព្ធខួបលើកទី៣០ នៃបេសកកម្មនៅក្រៅប្រទេស លើកដំបូងរបស់កងកម្លាំងស្វ័យការពារជប៉ុននៅកម្ពុជា ក្រោមប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ និងការរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នាឆ្នាំក្រោយ ។
លោកបញ្ជាក់ថា៖ «ជាកិច្ចបញ្ចប់ ខ្ញុំសូមសម្តែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តមឯកអគ្គរាជទូតមិកាមិ និងសហការីនៅស្ថានទូតជប៉ុន ព្រមទាំងបុគ្គលិក នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនសម្រាប់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រជាជាតិយើងទាំងពីរ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍដ៏រយៈពេលវែងនៅកម្ពុជា»៕