ភ្នំពេញៈ សមាគម​អ្នក​និពន្ធ​ខ្មែរ នឹង​បើកវគ្គ​បណ្តុះ​បណ្តាល​វិជ្ជានិពន្ធ​ជំនាន់​ទី​ ៣៤​ ប្រចាំ​ឆ្នាំ ​២០២២ ដែល​​មាន​ចំនួន ២ វគ្គ ដោយ​​ក្នុង​មួយ​វគ្គ ជ្រើស​រើស​សិក្ខាកាម​ចំនួន ៤០ នាក់ បន្ទាប់​ពី​បាន​ខក​ខាន​អស់​​រយៈ ២​ ឆ្នាំ កន្លង​មក​។


បើ​តាម​​​សេចក្តី​ជូន​ដំណឹង​ពី​​សមាគម​អ្នក​និពន្ធ​ខ្មែរ កាល​ពី​ថ្ងៃទី ​១៥ ខែ​មិថុនា បាន​ឱ្យ​ដឹង​​តាម​​គេហ​ទំព័រ​ផ្លូវ​ការ​ខ្លួន​ថា ​សមា​គម​អ្នកនិពន្ធ​ខ្មែរ នឹង​បើកវគ្គ​បណ្តុះប​ណ្តាល​វិជ្ជា​និពន្ធ ចំនួន ២ វគ្គ ដែល​ក្នុង​មួយ​​វគ្គ​ ជ្រើសរើស​សិក្ខា​កាម​ចំនួន ៤០ នាក់។ ​

វគ្គ​ទី ១ ​សិក្សា​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ព្រហស្បតិ៍ និង​វគ្គទី ២ សិក្សា​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ ជា​រៀង​រាល់​សប្ដាហ៍។ ​វគ្គទាំង​ពីរ​ចាប់​ផ្ដើម​សិក្សាពី ​ថ្ងៃទី ៤ ខែ​កក្កដា​ ឆ្នាំ​ ២០២២ តទៅ នៅ​សហ​​​សាល​ រីម គីន ជាន់​ទី ១​ នៃ​អគារ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ ដែល​ស្ថិត​​នៅ​ក្នុង​បរិវេណ​វត្តបទុមវតី​ សង្កាត់​ចតុ​មុខ ខណ្ឌ​ដូន​ពេញ ។​


ប្រភព​ខាង​លើ​បន្ត​ឱ្យ​ដឹង​ពីលក្ខខ​ណ្ឌ នៃកា​រ​បណ្ដុះ​បណ្ដាល​​នេះ​ថា វគ្គ​បណ្ដុះ​បណ្ដាល​នីមួយៗ ​ចាំ​បាច់​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​ជ្រើស​រើស។​ បេក្ខជន​ដែល​ប្រឡង​ជាប់​ហើយ ត្រូវ​បណ្ដុះ​បណ្ដាល​វគ្គ​ទ្រឹ​ស្ដី​អក្សរ​សិល្ប៍​ រយៈ​​ពេល​យ៉ាង​តិច ៣០ ម៉ោង ឬ ៤ សប្ដាហ៍​ មុន​បន្ត​​ទៅ​សិក្សា​វគ្គ​ជំនាញ​និមួយៗ។​ ​

ប្រភព​ដដែល​បញ្ជាក់​ថា​៖ «អាស្រ័យ​​ហេតុ​នេះ ​អ្នក​ដែល​ចង់​សិក្សា សូមចុះឈ្មោះ​ពីថ្ងៃជូន​ដំណឹង​ រហូត​ដល់​ថ្ងៃទី ​៣០ ខែ​​មិថុនា ឆ្នាំ​ ២០២២។​ ទី​​កន្លែង​ទទួល​ពាក្យ ​ទី​ស្នាក់​ការ​សមាគម​អ្នក​និពន្ធ​ខ្មែរ អាសយ​ដ្ឋាន​ស្ថិត ​ក្នុង​បរិ​វេណ​វត្ត​​បទុម​​វតី ឬផ្ញើតាម​ប្រព័ន្ធ Email:​ Khmerwriterkwa@gmail.com​ ឬ​ក៏ទាក់​ទង​តាម​លេខ​ទូរស័ព្ទ ០៩២ ៧៨ ៨៩ ៩០/ ០៨៩ ៨៥ ៦៧ ៦៤»។


លោក ព្រឿង ប្រណីត ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​ មាន​ប្រសាសន៍​ឱ្យ​ដឹង​បន្ថែម​ពីការ​ខក​ខាន​បើក​​វគ្គបណ្តុះ​បណ្តាល​ចំនួន ២ (ឬ ​២ ជំនាន់​​) នៅ​ឆ្នាំ​ ២០២០ និង​ឆ្នាំ ​២០២១ និង​ការ​ត្រៀម​ខ្លួន​ទុក​​ជាមុន​របស់​សមាគម​ ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាន់​ទី​ ៣៤ ឆ្នាំ​ ២០២២ នេះ​​​​ថា​៖ «រយៈ​ពេល​ខក​ខាន​ ២​ ឆ្នាំ ចុង​ក្រោយ​នេះ ដោយសារ​យើង​ស្ថិត​នៅក្នុង​ដំណាក់​កាល​មួយ​នៃ​កសាង​អគារ​ថ្មី​របស់​សមាគម​ និង​​​ដោយ​ជួប​នូវ​​វិបត្តិ​ជំងឺ​កូវីដ ១៩ ទើប​ខាង​សមាគម​យើង​មិន​បាន​បើក​វគ្គ​​បណ្តុះ​​បណ្តាល​វិជ្ជា​និពន្ធ​ដល់​​សិក្ខា​កាម​»។

ក្រោយ​ពី​មាន​ភាព​ធូរ​ស្រាល​នៃ​វិបត្តិ​កូវីដ ១៩​ មក​ គឺ​​ក្នុង​​ឆ្នាំ ​២០២២ នេះ សមាគម​ក៏​សម្រេច​​​​បើក​វគ្គ​បណ្តុះ​បណ្តាល​​ជំនាន់​ទី ​៣៤ នេះ​ឡើង​ ខណៈ​ការ​បើក​វគ្គ​ជំនាន់​ទី​ ៣៣ បាន​​បណ្តុះ​បណ្តាល​​​​​​​ក្នុង​ឆ្នាំ ២០១៩។ ​

សិក្ខា​កាម អាច​នឹង​ទទួល​បាន​នូវ​​ប្រធាន​បទ​សំខាន់ៗ​ សម្រាប់​​វគ្គ​សិក្សា​វិជ្ជា​និពន្ធ​នេះរួម​មាន​ ការ​ឈ្វេង​​​យល់​អំពី​ទ្រឹស្ដី​អក្សរ​សិល្ប៍ សិល្ប៍​វិធីតែង​និពន្ធ​ប្រលោម​លោក កំណាព្យ រឿង​ខ្លី និង​ទំនុក​ចម្រៀង​ ក្រម​សីលធ​ម៌របស់​អ្នក​និពន្ធ និង​អ្នក​បង្កើតស្នា​ដៃ ទស្សន​វិជ្ជាក្នុង​ស្នា​ដៃ​និពន្ធ វិធី​សាស្ត្រ​សរ​​​សេរ​​អត្ថបទ​ភាព​យន្ត វិ​ធី​សាស្ត្រស​រសេរ​អត្ថបទ​វិទ្យា វណ្ណក​ថា និង​សិក្សាក​ថា ជាដើម​។

ចំពោះ​ការ​​​សិក្សា​វិញ​មាន​២ វគ្គ (ពេល)​ គឺ​វគ្គ​សិក្សា​នៅ​ថ្ងៃ​​ចន្ទ ដល់​ ថ្ងៃ​ព្រហស្បតិ៍​ ចាប់​ពី​ម៉ោង ១៧.​៣០ នាទី ដល់ ១៩.៣០ នាទី ឯ​វគ្គសិក្សា​នៅ​ចុងស​ប្តាហ៍ ថ្ងៃ ​សៅរ៍-អាទិត្យ (ថ្ងៃ​សៅរ៍ ម៉ោង ​១៣.០០ នាទី ដល់ ១៧.០០ នាទី និង​​ថ្ងៃអា​ទិត្យ ពីម៉ោង​៧.០០ នាទី ដល់​ម៉ោង ​១២.០០ ​ថ្ងៃ​ត្រង់)។

ការ​សិក្សា​ទាំង​​អស់​មាន​ចំនួន​ ៤ វគ្គ​ ដោយ​ថ្លៃសិក្សា​ ១ វគ្គ សិក្ខាកាម​ត្រូវ​បង់​ថវិកា​ចំនួន​ ១០ ម៉ឺន រៀល (២៥ ដុល្លារ)​​ ខណៈ​​ការ​ធ្វើតេស្ត​ចូល​រៀន​វិញ នឹងធ្វើ​នៅ​​ថ្ងៃទី ​១ និង​ទី​ ២ ​ខែ​កក្កដា ឆ្នាំ​ ២០២២ ខាង​មុខ​។

ប្រធាន​​សមាគម​អ្នក​និពន្ធ​ខ្មែរ​​ បាន​បញ្ជាក់​ពី​ជម្រើស​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជានិពន្ធ​នេះ​ ផង​ដែរ​​ថា៖ «ក្នុង​ចំណោម​ការ​សិក្សា​វិជ្ជានិពន្ធ​ជំនាន់​ទី​៣៤ នេះ សរុប​មាន​​​​ចំនួន​​ ៤ វគ្គ (១ វគ្គ រៀន ១ ខែ) សិក្ខា​កាម ក៏​អាច​ជ្រើស​រើស​​រៀនតាម​វគ្គ​ ដែល​ខ្លួន​ស្រឡាញ់ចូល​ចិត្ត​បាន​ តែ​ប្រការ​សំខាន់​នោះ សិក្ខា​​កាម​តម្រូវ​ឱ្យ​រៀន​​​វគ្គ​ទី​ ១ ដោយ​ខាន​ពុំ​បាន ព្រោះនេះ​គឺ​ជា​វគ្គមូល​ដ្ឋាន​ សម្រាប់​ការ​ឈាន​បន្ត​ទៅ​​វគ្គ​ផ្សេងៗ​»។

លោក ព្រឿង ប្រណីត ក៏​បាន​បង្ហើ​បពី​ការ​ត្រៀម​ខ្លួន​ទុក​ជាមុន របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ ក្នុង​​ការ​បើក​វគ្គបណ្តុះ​បណ្តាល​ជំនាន់​ទី ៣៤ ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ជំនាន់​មុនៗ​ដែរ ដោយ​សារ​មាន​រៀបចំ​​​ធនធានអ្នក​បណ្តុះ​បណ្តាល (គ្រូ)​ សម្ភារបង្ហាត់​បង្រៀន​ និង​កន្លែង​រៀន​របស់​​សិក្ខា​កាម​ជាមួយ​នឹង​ទី​កន្លែងនៅ​អគារ​ថ្មី​របស់​សមាគម។​​

លោក​ថា៖ «សម្រាប់​ជំនាន់​នេះ យើង​មាន​ធន​ធាន​​គ្រូ​បង្រៀន​គ្រប់គ្រាន់ មាន​សម្ភារ​បង្ហាត់​បង្រៀន​ដូច​ជា​សៀវភៅ​មេរៀន ឬ​ប្លង់​បង្រៀន​បាន​រៀបចំ​​ជាមុន​រួច​ស្រេច ហើយ​ប្រការ​សំខាន់​កន្លែង​សិក្សា​របស់​សិក្ខាកាមល្អ​ជាង​មុន​បន្តិច ដោយ​យើង​​បាន​បំពាក់​ម៉ាស៊ីន​ត្រជាក់ ខណៈ​កន្លង​មក​យើង​មាន​តែ​ការ​បំពាក់​កង្ហា​។ ដូច្នេះ​យើង​ក៏​សង្ឃឹម​ថា សិក្ខាកាម​នៅ​ជំនាន់​នេះ នឹង​រីក​រាយ​សប្បាយ​ចិត្ត​ ក្នុង​ការ​សិក្សា​វិជ្ជានិពន្ធ​​ ហើយក៏​នឹង​​អាច​ក្រេប​យក​នូវ​ចំណេះដឹង​ពី​វគ្គ​បណ្តុះបណ្តាល​ដើម្បី​ទៅ​ប្រកប​ជា​មុខ​របរ​ជា​អ្នក​និពន្ធ​តាម​ភាព​ជាក់​ស្តែង​ផង​ដែរ»៕​