អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ WCS បង្ហាញ​រូបភាព​សត្វ​រមាំង​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា​ខេត្ត​មណ្ឌលគិរី ដែល​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​កម្ពុជា និង​នៅ​លើ​ពិភព​លោក ខណៈ WCS ព្រួយ​បារម្ភ​ថា បើ​គ្មាន​ការ​អភិរក្ស​បន្ទាន់​ទេ​សត្វ​ប្រភេទ​នេះ​នឹង​ផុត​ពូជ​នៅ​កម្ពុជា។


អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ កាល​នៅ​ថ្ងៃទី ១៦ ខែ​មិថុនា​នេះ បាន​ឱ្យ​ដឹង​ថា សត្វ​រមាំង​ចំនួន ៣ ក្បាល ដែល​ថត​បាន​ជា​លើក​ដំបូង​ដោយ​ម៉ាស៊ីន​ថត​សត្វ​ស្វ័យប្រវត្តិ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃកែវសីមា​ ខេត្ត​មណ្ឌលគិរី ក្រោយ​ពី​សត្វ​ប្រភេទ​នេះ​បាន​បាត់​វត្តមាន​នៅ​ក្នុង​តំបន់​នេះ​អស់​រយៈពេល​ជិត ២០ ឆ្នាំ។

WCS បន្ត​ថា រូបភាព​សត្វ​រមាំង​ទាំង​នោះ បង្ហាញ​អំពី​សត្វ​រមាំង​ជំទង់ ៣ ក្បាល កំពុង​ដើរ​រក​ចំណី​នៅ​ក្នុង​ព្រៃ​ក្នុង​អំឡុង​ខែ​មេសា ឆ្នាំ ២០២២។


សត្វ​រមាំង ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ជា​ប្រភេទ​ជិត​ផុត​ពូជ​ជា​សកល​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN និង​ជា​ប្រភេទ​សត្វ​ដែល​មាន​ដោយ​កម្រ​បំផុត​នៅ​កម្ពុជា ដោយសារ​ចំនួន​របស់​វា​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ស្ទើរ​ជិត​ផុត​ពូជ។ WCS បន្ត​ថា រូបភាព​ទាំង​នេះ​បាន​បញ្ជាក់​ច្បាស់​ថា សត្វ​រមាំង​នៅ​មាន​វត្តមាន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា​នៅ​ឡើយ។ កត្តា​គំរាមកំហែង​ចំពោះ​សត្វ​រមាំង​រួម​មាន ការ​ដាក់​អន្ទាក់ ការ​ប្រមាញ់ និង​ការ​បាត់បង់​ទីជម្រក។


WCS ថា៖ «ប្រសិន​បើ​គ្មាន​ចំណាត់​ការ​អភិរក្ស​បន្ទាន់​ទេ សត្វ​រមាំង​នៅ​កម្ពុជា​ទំនង​ជា​អាច​នឹង​ផុត​ពូជ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ក៏​ប៉ុន្តែ វា​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ទេ​ ក្នុង​ការ​ការពារ​សត្វ​រមាំង​កុំ​ឱ្យ​ផុត​ពូជ​នៅ​កម្ពុជា»។

WCS បន្ត​ថា ការ​ពិចារណា​លើ​ការ​បង្កើត​ឱ្យ​មាន​កម្មវិធី​បង្កាត់​ពូជ​សត្វ​រមាំង​នៅ​ក្នុង​មជ្ឈមណ្ឌល​អាច​ជា​ជម្រើស​មួយ ដើម្បី​ចូលរួម​អភិរក្ស​សត្វ​ប្រភេទ​នេះ​កុំ​ឱ្យ​ផុត​ពូជ​បាន៕