ក្រចេះ/ភ្នំពេញៈ សត្វ​ក្តាន់​សរុប​ចំនួន​ប្រមាណ ៨៤ ​ក្បាល​ដែលជា​ប្រភេទ​កម្រ​ត្រូវបាន​រកឃើញ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ព្រែក​ប្រសព្វ​នៃ​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​ក្នុង​ខេត្តក្រចេះ ដែល​នេះ​ជា​ការ​ផ្តល់​ក្តីសង្ឃឹម​សម្រាប់​ការអភិរក្ស​នៅ​កម្ពុជា និង​ពិភពលោក​។ នេះ​បើ​យោងតាម​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី​ ១៦ ​ខែមិថុនា​នេះ​។


តាមរយៈ​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ​ ២០២២ ស្តីពី​ស្ថានភាព និង​របាយ​សត្វ​ក្តាន់ ក្រសួង​បាន​បន្តថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ពី​វត្តមាន​នៃ​សត្វ​ក្តាន់​វ័យ​ជំទង់ និង​កូន​ជាច្រើន ដែលជា​សញ្ញាណ​វិជ្ជមាន​បង្ហាញ​ពី​ការបន្ត​ពូជ​របស់​សត្វ​ដ៏កម្រ​ប្រភេទ​នេះ​នៅក្នុង​តំបន់​ទីជម្រក​ធម្មជាតិ​។ អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​សន្និដ្ឋាន​ថា​សត្វ​ក្តាន់​បាន​ផុត​ពូជ​ទៅ​ហើយពី​ប្រទេស​កម្ពុជា​រហូត​ដល់​ឆ្នាំ ​២០០៦ ទើប​វា​ត្រូវបាន​គេ​រកឃើញ​វត្តមាន​ឡើងវិញ​ក្នុង​ខេត្តក្រចេះ​តាមរយៈ​រូបភាព​ថត​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​។

លោក អៀម សំអ៊ន់ ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ​នៃ​តំបន់​ទេសភាព​មេគង្គ​នៃ​អង្គការ​ WWF បាន​រៀបរាប់ថា​៖ «​អស់​រយៈកាល​ ១៦ ​ឆ្នាំ​ហើយ​បន្ទាប់ពី​ការរកឃើញ​វត្តមាន​សត្វ​ក្តាន់​ឡើងវិញ នេះ​ជាការ​ចងក្រង​របាយការណ៍​ស្តីពី​ចំនួន​សត្វ​ក្តាន់​នៅ​កម្ពុជា​លើកដំបូង​សម្រាប់​ការអភិរក្ស​សត្វ​ដ៏​កម្រ​នៅលើ​ពិភពលោក​មួយ​ប្រភេទ​នេះ​»​។


សត្វ​ក្តាន់​ជា​ប្រភេទ​សត្វ​ពិបាក​ប្រទះឃើញ និង​អង្កេត​ផ្ទាល់​ដូច​ប្រភេទ​សត្វ​ក្រចកជើង​ចម្ពាម​ដទៃទៀត​ណាស់​។ ការសិក្សា​ស្ថានភាព និង​របាយ​សត្វ​ប្រភេទ​នេះ​បាន​ធ្វើឡើង​ដោយ​ការពង្រាយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ក្នុង​តំបន់​ដែល​វា​រស់នៅ​។ ការស្រាវជ្រាវ​នេះ​បាន​សហការ​រៀបចំ​ដោយ​ក្រុម​ជំនាញ​សត្វព្រៃ​មកពី​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​នៃ​ក្រសួងបរិស្ថាន អង្គការ​ WWF អង្គការ​ BINCO និង​មានការ​ចូលរួម​ពី​សំណាក់​សមាជិក​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

លោក ​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍​ថា​ក្រសួង​បរិស្ថាន​មាន​សេចក្តី​ត្រេកអរ និង​មាន​មោទនភាព​ជាខ្លាំង​ដែល​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​ផ្តល់​ទីជម្រក​សុខសាន្ត សម្រាប់​ការរស់រាន​របស់​ប្រភេទ​សត្វ​សំខាន់ៗ​ជា​សកល​ដូចជា​សត្វ​ក្តាន់​ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់​ពី​វត្តមាន និង​ការបន្ត​ពូជ​របស់​វា​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ព្រែក​ប្រសព្វ​។ ដោយសារ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ និង​ស្ថិរភាព​នយោបាយ​ល្អប្រសើរ វា​បាន​ផ្តល់​ឱកាស​ពេញលេញ​ដល់​ក្រសួង​បរិស្ថាន សហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ដៃគូ​នានា ដើម្បី​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ជីវៈចម្រុះ​ក្នុង​តំបន់​នេះ ដែល​ក្នុង​នោះ​ធនធាន​ធម្មជាតិ​ត្រូវបាន​ការពារ​។


រូបភាព Ministry of Environment

លោក​បាន​បន្តថា​៖ «​រីឯ​ប្រភេទ​សត្វ​មួយចំនួន​បាន​កើនឡើង​។ យើង​ចាំបាច់​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហការ​រួមគ្នា​បន្ថែម​ទៀត​ក្នុង​ការពារ និង​អភិរក្ស​ជីវៈចម្រុះ​ដែលមាន​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​របស់​យើង​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការជំរុញ​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​ប្រសើរឡើង​ ជាពិសេស​តាមរយៈ​វិស័យ​ទេសចរណ៍​ធម្មជាតិ ក៏ដូចជា​ប្រយោជន៍​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​កម្ពុជា និង​សកលលោក​»​។

លោក​ក៏បាន​បន្ថែម​ផងដែរ​ថា ក្រសួង​បរិស្ថាន រួម​ជាមួយ​នឹង​អង្គការ​ WWF បាននិង​កំពុង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការការពារ និង​អភិរក្ស​សត្វ​ក្តាន់​ដ៏កម្រ​នេះ​ តាមរយៈ​ការបង្កើន​ជីវភាព​សហគមន៍​មូលដ្ឋាន ការអប់រំ​ផ្សព្វផ្សាយ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដីព្រៃ​រាល់​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​គ្រប់​ប្រភេទ​ក្នុង​តំបន់​ការពារ​ធ្វើយ៉ាងណា ធានា​ការរស់រាន​របស់​សត្វ​ក្តាន់ និង​សត្វព្រៃ​ដ៏មាន​តម្លៃ​ជា​សកល​ដទៃទៀត​នៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​ពួកវា​។

ក្រៅពី​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា សត្វ​ក្តាន់​នេះ​ក៏មាន​រស់នៅ​ផងដែរ​ក្នុង​ប្រទេស​ឥណ្ឌា នេបាល់ ប៊ូតាន់ បង់ក្លាដេស ភូមា និង​ថៃ ហើយ​អ្នកវិទ្យាសាស្ត្រ​ជឿថា​សត្វ​ក្តាន់​ប្រហែល​បាន​ផុត​ពូជ​បាត់​ទៅ​ហើយពី​ប្រទេស​ចិន ឡាវ និង​វៀតណាម​។

សត្វ​ក្តាន់​ត្រូវ​បាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​ជាសកល​។ ការរស់រាន​របស់​សត្វ​ក្តាន់​ត្រូវ​បាន​គំរាមកំហែង​ដោយ​ការបាត់បង់​ទីជម្រក ការបរបាញ់​ខុសច្បាប់ និង​វិបត្តិ​អន្ទាក់​ដែល​បណ្តាល​មកពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

លោក សេង ទៀក នាយក​អង្គការ​ WWF បាន​មាន​ប្រសាសន៍​ថា​លទ្ធផល​ស្រាវជ្រាវ​នាពេលនេះ​មិន​ត្រឹមតែ​បាន​ធ្វើឱ្យ​កិតនាម​របស់​កម្ពុជា​លេច​ត្រដែត​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បានបង្ហាញ​ពី​សារៈសំខាន់​ជាសកល​នៃ​តំបន់​ទេសភាព​មេគង្គ​ជា​ទីជម្រក​ដ៏សំខាន់​សម្រាប់​ការរស់រាន​របស់​សត្វព្រៃ​ទាំង​លើគោក និង​ក្នុង​ទឹក​គ្រប់​ប្រភេទ​។

លោក​បាន​បញ្ជាក់ថា​៖ «​អង្គការ​ WWF សូម​កោតសរសើរ និង​សូម​អរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ស្រាវជ្រាវ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ឧទ្យានុរក្ស ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​អាជ្ញាធរ​ និង​សហគមន៍​មូលដ្ឋាន​ ដើម្បី​ការពារ​តំបន់​សត្វព្រៃ​ទាំងនេះ​សម្រាប់​ជា​ប្រយោជន៍​របស់​ធម្មជាតិ និង​មនុស្ស​គ្រប់​ជំនាន់​»​។

វិធានការ​អភិរក្ស​រួមគ្នា​បន្ទាន់​បន្ថែម​គឺ​ចាំបាច់​ណាស់ ដើម្បី​ធានាថា​ទីជម្រក​ចុងក្រោយ​របស់​សត្វ​ក្តាន់​ដ៏កម្រ​នេះ​គ្មាន​ការគំរាម​កំហែង​ដោយ​សកម្មភាព​ខុសច្បាប់ ពោលគឺ​គ្មាន​ការដាក់​អន្ទាក់ គ្មាន​ការបរបាញ់ និង​ការជួញដូរ​សត្វព្រៃ​ក្នុង​តំបន់​។ ការស្តារ​ចំនួន និង​ទីជម្រក​សត្វ​ក្តាន់ ព្រមទាំង​ការបន្ត​ពង្រឹង​ជម្រើស​ជីវភាព​របស់​សហគមន៍​ក្នុង​តំបន់​គឺជា​វិធាន​ចាំបាច់​ផងដែរ​ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​រៀបចំ និង​អនុវត្ត​។

លោក ​នេត្រ ភក្ត្រា ​បាន​មាន​ប្រសាសន៍​បន្ថែមថា ក្រសួង​បរិស្ថាន​សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​ចូលរួម​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ​ដោយ​បោះបង់​ចោលការ​បរបាញ់ និង​ដាក់​អន្ទាក់ បញ្ឈប់​ការទិញ ការបរិភោគ​សាច់សត្វ​ព្រៃ ដើម្បី​ចូលរួម​ថែរក្សា និង​អភិរក្ស​ប្រភេទ​សត្វ​កម្រ​ដូចជា​សត្វ​ក្តាន់​នេះ​សម្រាប់​ជា​ប្រយោជន៍​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀ​តទៅ​អនាគត​យូរអង្វែង និង​សម្រាប់​ពង្រឹង​ការអភិវឌ្ឍ​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន​។

លោកស្រី អេង សុខន សមាជិក​សហគមន៍​ល្បាត​ស្ម័គ្រចិត្ត​នៅ​សហគមន៍​ជ្រោយ​បន្ទាយ​នៃ​ដែនជម្រក​សត្វព្រៃ​ព្រែក​ប្រសព្វ​បាន​រៀបរាប់ថា​លោកស្រី​មាន​មោទនភាព​ដែល​សត្វ​កម្រ​ដូច​សត្វ​ក្តាន់​នៅតែមាន​ក្នុងព្រៃ​ធម្មជាតិ​ក្នុង​ខេត្តក្រចេះ ហើយ​លោកស្រី​បាននិង​កំពុង​ចូលរួម​ក្នុង​ការ​ល្បាត​ព្រៃ និង​ដោះ​អន្ទាក់​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រែក​ប្រសព្វ​។

លោកស្រី​ថា​៖ “​ខ្ញុំ​ក៏ដូចជា​សមាជិក​ក្រុម​ល្បាត​ដទៃទៀត​ដែរ​មានចិត្ត​មោះមុត​ក្នុងការ​ចូលរួម ការពារ​សត្វព្រៃ ចុះ​ល្បាត ដោះ​អន្ទាក់​ចេញពី​ព្រៃ​ទីជម្រក ការពារ​ព្រៃ​សម្រាប់​ឱ្យ​សត្វ​ជ្រកកោន ធ្វើយ៉ាងណា​ថែរក្សា​សត្វព្រៃ និង​ធនធាន​ធម្មជាតិ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ត​ទៅមុខ​ទៀត​»​។

ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​នឹង​បន្ត​ពង្រឹង​ទិន្នន័យ​វិទ្យាសាស្ត្រ​ស្តីពី​របាយ​សត្វ​ក្តាន់​ឱ្យ​កាន់តែ​សុក្រិត​ថែមទៀត ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដ្រូន​ជាមួយ​ម៉ាស៊ីន​ថត​ប្រើ​កម្ដៅ​នៅ​ទូទាំង​ដែន​ជម្រក​ទាំងមូល​។

ដែនជម្រក​សត្វព្រៃ​ព្រែក​ប្រសព្វ ដែល​ជា​ទីជម្រក​ធម្មជាតិ​របស់​សត្វក្តាន់​នេះ ស្ថិតក្រោម​ការសហការ​ពារ​យ៉ាង​តឹងរ៉ឹង ដោយ​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន គាំទ្រ​ដោយ​អង្គការ WWF និង​ចូលរួម​ដោយ​ក្រុម​ល្បាត​សហគមន៍​។ បច្ចុប្បន្ន​ក្រសួង​បរិស្ថាន និង​ដៃគូ​នានា​កំពុង​រៀបចំ​យុទ្ធនាការណ៍​អន្ទាក់​សូន្យ​ ដើម្បី​ជួយសង្គ្រោះ​សត្វ​ក្តាន់ និង​សត្វព្រៃ​សំខាន់ៗ​ជា​សកល​ជាច្រើន​ប្រភេទ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ពី​ការបរបាញ់ និង​ការដាក់​អន្ទាក់ ដោយ​មាន​គោលដៅ​លុបបំបាត់ ការដាក់​អន្ទាក់​គ្រប់​ប្រភេទ និង​បញ្ចប់​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

ក្រសួង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​មូលនិធិ និង​ការគាំទ្រ​ពី WWF ​បែលហ្ស៊ិក រដ្ឋាភិបាល​ប្រទេស​បែលហ្ស៊ិក (DGD) មូលនិធិភាព​ជា​ដៃគូ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ (CEPF) ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​ការអភិវឌ្ឍ​ និង​កិច្ចប្រតិបត្តិការ​ (SDC) និង​ Binco៕