សៀមរាបៈ វគ្គ​វិក្រឹតការ​ពិសេស​មគ្គុទេសក៍​ទេសចរណ៍​តំបន់​សៀមរាប-អង្គរ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ក្រសួង​ទេសចរណ៍​ជូន​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​ចំនួន ៤៩ នាក់ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នៅ​សាល​សន្និសីទ​អង្គរ​នៃ​អាជ្ញាធរជាតិ​អប្សរា​ កាល​ពី​ថ្ងៃទី ១៦ ខែ​មិថុនា​នេះ។


វគ្គ​វិក្រឹតការ​ពិសេស​មគ្គុទេសក៍​ទេសចរណ៍​តំបន់​សៀមរាប-អង្គរ​នេះ មាន​រយៈពេល ១០ ថ្ងៃ ដែល​បាន​ចាប់​ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ១៦ ខែ​ មិថុនា ឆ្នាំ ២០២២។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា។

លោក​ ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ដែល​តំណាង​ឱ្យ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​សំណូមពរ​ឱ្យ​មគ្គុទេសក៍​ទេសចរណ៍​ដែល​បាន​សិក្សា​វគ្គ​វិក្រឹតការ​ពិសេស​នេះ ជួយ​ចែក​រំលែក​បទពិសោធ ចំណេះ​ដឹង​ល្អៗ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​អ្នក​ចេះ​ច្រើន​បង្ហាញ​អ្នក​ចេះ​តិច ដែល​នេះ​ជា​កុសល​ល្អ ដែល​អាច​ជំរុញ​វិស័យ​ទេសចរណ៍​កាន់តែ​រីក​ចម្រើន​ឡើង។


លោក​ ឡុង កុសល អគ្គនាយករង​តំណាង លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រំពឹង​ថា មេរៀន​ដែល​អ្នក​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​ដូចជា​ក្រសួង​ទេសចរណ៍ បាន​ផ្តល់​ជូន​ដល់​សិក្ខាកាម​ទាំង​អស់​គ្នា​នោះ គឺ​ជា​ចំណេះ​ដឹង​ថ្មីៗ ជា​ពិសេស​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា និង​ជំនឿ​អរូបី​នៅ​ក្នុង​តំបន់​អង្គរ ដែល​ជា​ព័ត៌មាន​ជាក់លាក់​បែប​វិទ្យាសាស្រ្ត ទុក​ជា​ទុន​បន្ថែម​សម្រាប់​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ។

លោក​ក៏​បាន​សំណូមពរ​ដល់​សិក្ខាកាម និង​ភាគី​ពាក់ព័ន្ធ​មាន​ការ​សហការ​ល្អ​ជាមួយ​គ្នា យក​គ្នា​ធ្វើ​ជា​ដៃ​គូ​ពិភាក្សា ទោះបី​បំពេញ​ការងារ​ខុស​គ្នា ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​មាន​គោលដៅ និង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ទាំង​អស់​គ្នា។


សិក្ខាកាម អ្នកស្រី អៃ ផារីណាន មគ្គុទេសក៍​ទេសចរណ៍​ភាសា​បារាំង មក​ពី​សមាគម​ខ្មែរ​អង្គរ​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ចូល​សិក្សា​វគ្គ​វិក្រិត​ការ​រយៈពេល ១០ ថ្ងៃ​មក​នេះ គាត់​ទទួល​បាន​ចំណេះ​ច្រើន ហើយ​អ្វី​ដែល​មិន​ធ្លាប់​ដឹង​ពី​មុន ឥឡូវ​បាន​ទទួល​មក​បំពេញ​ចន្លោះ​ខ្វះខាត​កន្លង​មក និង​យល់ដឹង​ពី​ទិន្នន័យ​ការ​ស្រាវជ្រាវ​ថ្មីៗ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​តាម​ការដ្ឋាន​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពិសេស​តួនាទី​របស់​អាជ្ញាធរ​ជាតិ​អប្សរា។ អ្នកស្រី អៃ ផារីណាន នឹង​យក​ចំណេះ​នេះ​ ទៅ​បង្ហាញ​ជូន​ដល់​ភ្ញៀវ​ទេសចរ​ដែល​អ្នកស្រី​ដឹកនាំ​ទស្សនា​ក្នុង​តំបន់​អង្គរ​ផង។

សិក្ខាកាម​មួយ​រូប​ទៀត លោក សឿន សារុន ជា​អនុប្រធាន​សហគមន៍​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ បាន​បង្ហាញ​សេចក្តី​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​វិក្រិតការ​ពិសេស​នេះ។ លោក​ឱ្យ​ដឹង​ថា វគ្គ​វិក្រិតការ​នេះ ជួយ​សម្រួច​នូវ​ជំនាញ​មគ្គុទេសក៍​ទេសចរណ៍ ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរ​បរទេស ជាពិសេស​ចំណេះ​ដឹង​ថ្មីៗ​ពី​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទ​លលៃ ប្រាសាទ​ព្រហ្មកិល និង​ការ​បកស្រាយ​សិលាចារឹក​មួយ​ចំនួន​ទៀត ដែល​ចំណុច​សំខាន់ៗ​ទាំង​នេះ បាន​បង្កើន​ចំណេះដឹង​បន្ថែម​ទៀត។

លើស​ពីនោះ​ លោក សឿន សារុន យល់​ថា វគ្គ​វិក្រិតការ​ពិសេស​នេះ ពិត​ជា​សំខាន់​សម្រាប់​មគ្គុទេសក៍​ក្នុង​ការ​បន្ថែម​ចំណេះដឹង​កាន់​តែ​ប្រសើរ​ឡើង។

សិក្ខាកាម​ក៏​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​ទេសចរណ៍ រៀបចំ​កម្មវិធី​ដ៏​មាន​សារៈ​សំខាន់​នេះ​ឡើង​នាពេល​អនាគត​ជា​បន្តបន្ទាប់​ទៀត សម្រាប់​ឱ្យ​មគ្គុទ្ទេសក៍​ទេសចរណ៍​មាន​ឱកាស​ចូលរួម​សិក្សា​ក្នុង​វគ្គ​វិក្រិតការ​ពិសេស​នេះ ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​មាន​ភាព​ច្បាស់លាស់​ ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​ភ្ញៀវ​ទេសចរ​កាន់​តែ​ទូលំទូលាយ៕