ភ្នំពេញៈ អង្គការអុកស្វាមនឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការបិទបញ្ចប់យុទ្ធនាការ "តាមដងទន្លេមេគង្គជាមួយសាយ" នៅថ្ងៃទី ២៣ ខែមិថុនានេះនៅការិយាល័យអង្គការ អុកស្វាមកម្ពុជា ក្រោយពីយុទ្ធនាការតាមដងទន្លេមេគង្គមួយនេះបានចាប់ផ្តើមកាលពីថ្ងៃទី ១០ មីនាកន្លងមក។
យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីភាពសម្បូរបែបនៃអាងទន្លេមេគង្គ និងសារៈសំខាន់របស់ទន្លេនេះចំពោះជីវិតរបស់ប្រជាពលរដ្ឋរាប់លាននាក់។ សន្និសីទសារព័ត៌មាននឹងមានការចូលរួមចែករំលែកពីវាគ្មិនរបស់យើងរួមមាន លោក អ៊ួន បាឋម ហៅ សាយ ដែលជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់យុទ្ធនាការយើង សហគមន៍ជនជាតិដើមភាគតិច និងអង្គការអុកស្វាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាមនេះថ្ងៃទី ១៧ ខែមិថុនានេះ។
យុទ្ធនាការនេះ គឺជាផ្នែកមួយនៃការងាររបស់អង្គការអុកស្វាម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ងាយរងគ្រោះតាមតំបន់ទន្លេមេគង្គ ដែលរងផលប៉ះពាល់ដោយការផ្លាស់ប្តូរលំហូរទឹក និងការកើនឡើងនៃការគំរាមដល់សន្តិសុខស្បៀង។
អង្គការអុកស្វាមបានលើកឡើងថា ទន្លេមេគង្គ គឺជាបេះដូងរបស់ទ្វីបអាស៊ីអាគ្នេយ៍។ ទន្លេនេះមានប្រវែងជាង ៤ 000 គីឡូម៉ែត្រហើយហូរកាត់ ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ទន្លេមេគង្គបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់សេដ្ឋកិច្ចផ្តល់ឱកាសឱ្យមានទេសចរណ៍តាមបែបធម្មជាតិ និងផ្តល់តម្រូវការថាមពលនៅក្នុងតំបន់។ ទោះយ៉ាងណាទន្លេនេះបាននិងកំពុងតែទទួលរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ហើយនៅតែបន្តបង្កគ្រោះថ្នាក់ និងហានិភ័យដល់សហគមន៍ ដែលមានប្រជាជនយ៉ាងហោចណាស់ ៧០ លាននាក់កំពុងអាស្រ័យផលលើទឹកទន្លេដ៏មានសក្តានុពលនេះ។
ផលប៉ះពាល់សំខាន់ៗទាំងនោះអាចកើនឡើងនៅក្នុងបរិបទផ្សេងៗគ្នា ដូចជាលទ្ធភាពក្នុងការទទួលបានការថែទាំសុខភាព ការអប់រំ លំនៅឋានសមរម្យ ការគំរាមកំហែងដល់សន្តិសុខស្បៀងនៃសហគមន៍ដែលងាយរងគ្រោះបំផុត ដែលបរិបទទាំងនេះនឹងឆ្លើយតបមកវិញជាមួយនឹងភាពក្រីក្រដ៏រ៉ាំរ៉ៃ៕