ភ្នំពេញៈ សារមន្ទីរ​ជាតិ​ទីក្រុង​ភ្នំពេញ ​មិនទាន់​ទទួលបាន​ការកំណត់​ពេល​វេលា​ជាក់លាក់ ​ក្នុង​ការធ្វើ​ពិធីប្រគល់​-ទទួល​វត្ថុបុរាណ​ចំនួន ​២៧ រូប ​ដែល​ទើប​ទទួល​បាន​កាលពី​ថ្ងៃទី ១៥ ​ខែមិថុនា​ទេ ​ខណៈ​កំពុង​ពិនិត្យមើល​ស្ថានភាព​ក្នុង​ចន្លោះ​ពេល​បច្ចុប្បន្ន ​ក្រែង​លោក​អាចមាន​វត្ថុ​បុរាណ​ផ្សេង​ទៀត​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ថែម​ទៀត។ នេះ​បើ​តាម​លោក​ឆាយ វិសុទ្ធ ​ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ។ ​


បា្រប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៩ ​មិថុនា ​លោក​ឆាយ វិសុទ្ធ ​ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ ​នៃ​ក្រសួង​វប្បធម៌បញ្ជាក់ថា ​ការរៀបចំ​ពិធី​ប្រគល់​-ទទួល​វត្ថុបុរាណ​ចំនួន​ ២៧ រូប ​ដែល​ទើប​ទទួលបាន​នោះ ​មិនទាន់​ដឹង​ពេល​វេលា​ជាក់​លាក់​នៅឡើយ​ទេ​ ព្រោះ​ក្រសួង​វប្បធម៌​កំពុង​រង់ចាំ​សេចក្តី​សម្រេច​ពី​ថ្នាក់ដឹកនាំ​រាជ​រដ្ឋាភិបាល។ រីឯ​ការរៀបចំ​ពិព័រណ៌​អចិន្ត្រៃយ៍ ​ឬ​មិន​អចិន្ត្រៃយ៍ ​ក៏នៅ​មិនទាន់​បានគិតគូរ​ជាក់លាក់​ដែរ ​ព្រោះ​រឿង​នេះ​អាច​រៀបចំ​ទៅបាន​លុះត្រាតែ​មាន​ពិធី​ប្រគល់​-ទទួល​ជាមុន​សិន។

លោក​ថ្លែងថា​៖ «អ្វី​ដែល​សំខាន់ ​គឺ​យើង​កំពុង​ពិនិត្យ​មើល​ទីតាំង​ក្នុង​ការរៀបចំ ​[ពិព័រណ៌] ​ដោយសារ​សារមន្ទីរ​តូច​ យើង​ត្រូវការ​លៃលក​មើល​ទីតំាង​ក្នុង​សារមន្ទីរ​ហ្នឹង​ កន្លែង​ណា​ដែល​យើង​អាច​នឹង​ធ្វើការ​រៀបចំ​បង្ហាញ​បាន។ យើង​មិនទាន់​ដាច់​ស្រេច​ថា ​តើ​រូបទាំង​អស់​ហ្នឹង​ យើង​ត្រូវតែ​បង្ហាញ​ទាំងអស់​ ឬ​យ៉ាងម៉េច​ទេ ​ព្រោះ​នៅ​ទីតាំង​ផ្ទាល់​យើង​ពិបាក​បង្ហាញ​ទាំង​អស់»។


លោក​ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ​បញ្ជាក់ថា ​ចាប់តាំង​ពី​ឆ្នាំ ១៩៩៦ ​ដល់​ឆ្នាំ ២០២១ ​មាន​វត្ថុបុរាណ​ចំនួន ​៥ ២៤០ ​ត្រូវ​បានប្រគល់​ជូន​ និង​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ ​ហើយ​ការប្រគល់​ជូន​មកវិញ​ទាំង​នោះ​បានមក​ពី​ក្នុង​ស្រុក ​និង​ក្រៅ​ប្រទេស។ ​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​កាលពី​ថ្ងៃទី ១៧ ​ខែមិថុនា ​បានឱ្យដឹង​ថា ​សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន ​២៧ រូប​ ដែល​រឹបអូស​បាន​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា ​នៃ​សង្កាត់​ម៉ានហាថាន​ក្រុង​ញូវយ៉ក ​និង​ការិយាល័យ​ស៊ើបអង្កេត ​សន្តិសុខ​មាតុភូមិ ​សហរដ្ឋអាមេរិក​ ត្រូវ​បានបញ្ជូន​មកដល់​មាតុភូមិ​កម្ពុជា​នៅ​ថ្ងៃទី ១៥ ​ខែ មិថុនា ​ឆ្នាំ ២០២២។ ការបញ្ជូនមក​នេះ ​ដោយ​អនុលោម​តាម​អនុស្សរណៈ ​នៃ​ការយោគ​យល់​គ្នា ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ​ស្តីពី​ការដាក់​កម្រិត​ហាមប្រាម ​នូវ​ការនាំចូល​លើ​ប្រភេទ ​នៃ​វត្ថុបុរាណ​របស់​កម្ពុជា ​និង​យោង​លើ​កិច្ចព្រមព្រៀង ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា ​នៃ​សង្កាត់ ​ម៉ានហាថាន​ក្រុង​ញូវយ៉ក។


បើ​តាម​សេចក្តីប្រកាស ​ក្នុង​ចំណោម​សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំងនេះ ​មាន​រូប​បដិមា​សំខាន់ៗ​មួយចំនួន​ផ្នែក​ពុទ្ធសាសនា ​និង​ព្រហ្មញ្ញ​សាសនា ​ក្នុង​សម័យ​អង្គរ​ ដូចជា ​ព្រះពុទ្ធរូប​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ ​រូប​ព្រះឥសូរ ​និង​រូបនាង​ប្រាជ្ញាបារមិតា​ធ្វើ​ពី​ថ្ម​ភក់។ វត្ថុ​ទាំង ​២៧ រូប​នេះ ​ត្រូវបាន​បញ្ជូន​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ​ដើម្បី​ឱ្យ​ក្រុម​ជំនាញ​ធ្វើការ​ពិនិត្យ​វាយតម្លៃ ​សម្អាត ​ជួសជុល ​និង​ដំឡើង​ជើង​ទម្រ​ចាំបាច់​នានា។ ​

លោក​ស្រី​ ភឿង សកុណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​បានថ្លែង​អំណរគុណ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហ​ប្រតិបត្តិការ ​និង​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​សហរដ្ឋអាមេរិក។ ជាពិសេស ​ការិយាល័យ​រដ្ឋ​អាជ្ញា​នៃ​សង្កាត់​ម៉ានហា​ថាន​ក្រុង​ញូវ​យ៉ក ​ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក ​និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​ព្រមទាំង​ក្រសួង ​ស្ថាប័ន​នានា​របស់​កម្ពុជា ​និង​ក្រុមការងារ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ​រួមជាមួយ ​លោក ​Bradley J Gordon ​និង​លោក ​Steven Heimberg ​ដែល​បាន​ជួយ​ក្នុង​ការស្រាវជ្រាវ ​និង​បញ្ជូន​រតនសម្បត្តិ​ទាំងនេះ​ត្រឡប់​មក​កម្ពុជា​វិញ។

លោកស្រី​បញ្ជាក់ថា​៖ «សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំងនេះ ​គឺជា​ព្រលឹង​របស់​បុព្វបុរស​ខ្មែរ​ជាច្រើន​ជំនាន់ ​និង​តំណាង​ឱ្យ​អរិយធម៌​ដ៏រុង​រឿង​នៃ​ប្រវត្តិ​សាស្ត្រ​ របស់​កម្ពុជា ​ដែលបាន​រសាត់​ចាកឆ្ងាយ​ពី​មាតុភូមិ​កំណើត​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ​នា​សម័យ​សង្គ្រាម ​និង​អសន្តិសុខ​កន្លង​មក»។

ជាមួយ​គ្នានោះ​លោកស្រី​ក៏បាន​អំពាវនាវ​ដល់​សារមន្ទីរ​នានា ​ក៏ដូចជា​អ្នកកាន់កាប់​សមុច្ច័យ​ឯកជន​នៅ​ទូទាំង​ពិភពលោក ​សូម​ចូលរួម​សហការ​និង​ប្រគល់​សម្បត្តិ​វប្បធម៌​ដែលជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ៕​

​​