រដ្ឋបាលក្រុងព្រះសីហនុ តម្រូវឱ្យអ្នកតាំងតុ និងកៅអី លក់អីវ៉ាន់នៅលើឆ្នេរ ត្រូវបញ្ឈប់ការលក់ដូរត្រឹមថ្ងៃទី ៧ ខែកក្កដា
ព្រះសីហនុៈ រដ្ឋបាលក្រុងព្រះសីហនុ ជូនដំណឹងដល់ពលរដ្ឋដែលបើកកន្លែងលក់ដូរចល័ត អនាធិបតេយ្យ តាមឆ្នេរសមុទ្រនានាក្នុងក្រុងព្រះសីហនុ ត្រូវបញ្ឈប់ និងរុះរើការដាក់តុ កៅអី និងដាក់ចង្ក្រានដាំស្លម្ហូបអាហារ នៅលើឆ្នេរសមុទ្រត្រឹមថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២២ នេះតទៅ ដើម្បីថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់ និងសោភណភាពឆ្នេរ។ នេះបើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ។
លោក ឃាង ភារម្យ ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២៧ មិថុនានេះថា សេចក្ដីជូនដំណឹងនេះគឺជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ ស្ដីអំពីការរៀបចំសណ្ដាប់ធ្នាប់ បិរិស្ថាន និងសោភណភាពតំបន់ឆ្នេរសមុទ្រក្នុងខេត្ដក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
លោកថា កន្លងមក រដ្ឋបាលខេត្ដបានធ្វើការកែលម្អសោភណភាព តាមតំបន់ឆ្នេរសមុទ្រនៅក្នុងខេត្តព្រះសីហនុ ដោយបានរៀបចំជាលម្ហសាធារណៈ គឺតំបន់ឆ្នេរនេះសម្រាប់ប្រជាពលរដ្ឋទូទៅចូលទៅលេងកម្សាន្ត សប្បាយ ដោយមិនគិតថ្លៃសេវាឡើយ។
លោកថ្លែងថា៖ «ប៉ុន្ដែយើងសង្កេតឃើញថា ក្នុងរយៈកាលចុងក្រោយនេះ បងប្អូនអ្នកលក់ដូរនៅតាមឆ្នេរសមុទ្រមួយចំនួន ហាក់បីដូចជាមិនបានចូលរួមសហការ ដោយមានការតាំងតូប តុ កៅអី សម្ភារចង្ក្រាន្ត ចម្អិន ដាំស្លរ នៅលើឆ្នេរសមុទ្រ និងនៅលើការូឡាដែលជាផ្លូវថ្មើរជើងក៏មាន ដែលបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់សោភណភាពតំបន់ឆ្នេរសមុទ្រកម្ពុជា»។
លោកបន្តថា៖ «រដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើការអប់រំ ណែនាំជាប្រចាំលើបញ្ហានេះ ប៉ុន្ដែហាក់បីដូចជាអត់មានប្រសិទ្ធភាព។ អ៊ីចឹងដើម្បីជាការរៀបចំឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងថែរក្សាបាននៅសោភណភាពនៅតំបន់ឆ្នេរ រដ្ឋបាលក្រុងព្រះសីហនុបានកំណត់ឱ្យអ្នកលក់ដូរចល័តនៅតំបន់ឆ្នេរទាំងអស់រុះរើ និងរៀបរយសណ្ដាប់ធ្នាប់ឡើងវិញឱ្យបានរួចរាល់នៅត្រឹមថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២២ នេះ»។
យោងតាមសេចក្តីជូនដំណឹងនេះថា ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ គឺធ្វើឡើងសម្រាប់ប្រជាពលរដ្ឋទូទៅមកសម្រាក កម្សាន្ត មិនមែនជាទីតាំងបើកហាងលក់ដូរ អនាធិបតេយ្យពេញឆ្នេរនោះទេ។ ដូច្នេះរដ្ឋបាលក្រុងបានអំពាវនាវដល់អ្នក់លក់ដូរចល័តទាំងអស់ បញ្ឈប់ការដាក់តុ ដាក់កៅអី និងដាក់ចង្ក្រានដាំស្លម្ហូបអាហារនៅលើឆ្នេរ យ៉ាងយូរត្រឹមថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០២២ នេះតទៅ ដើម្បីថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់ និងសោភណភាពឆ្នេរ។
លោក ភារម្យ ថា៖ «យើងខ្ញុំសង្ឃឹមថា បងប្អូនអ្នកលក់ដូរចល័តទាំងអស់ និងចូលរួមសហការអនុវត្តតាមការណែនាំនេះទាំងអស់គ្នា។ ករណីនៅតែបន្តលក់ និងមិនស្ដាប់តាមការណែនាំ អាជ្ញាធរ និងសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល ចាប់យកសម្ភារទាំងអស់នោះ នឹងមិនប្រគល់ជូនវិញទេ»។
លោក មាស បាន អាយុ ៤០ ឆ្នាំ បច្ចុប្បន្នជាអ្នកលក់ភេសជ្ជៈ បុកល្ហុង និងម្ហូបអាហារមួយចំនួនទៀត នៅឆ្នេរអារីស្ដុន ឬឆ្នេរអូរឈើទាល ២ បានឱ្យដឹងថា បច្ចុប្បន្ននៅតំបន់ឆ្នេរអារីស្ដុន មានពលរដ្ឋដែលមានជីវភាពខ្វះខាតជាង ១០០ គ្រួសារ បាននាំគ្នាមកលក់ដូរចំណីអាហារ និងភេសជ្ជៈនៅតំបន់នេះ ដើម្បីបានថវិកាខ្លះៗផ្គត់ផ្គង់គ្រួសារ។
លោកបានឱ្យដឹងថា កន្លងមកមន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុបានចុះមកណែនាំដល់អាជីវករលក់ដូរជាបន្តបន្ទាប់ ឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូរ និងថែរក្សាអនាម័យ និងបរិស្ថាន។
លោកថ្លែងថា៖ «អាជ្ញាធរណែនាំ យើងនឹងអនុវត្តតាម។ ប៉ុន្ដែយើងឃើញថា ក្នុងចំណោមពលរដ្ឋអ្នកលក់ដូរជិត ១០០ គ្រួសារ មានពលរដ្ឋតែ ៣-៤ គ្រួសារប៉ុណ្ណោះ ដែលនៅបន្តលក់ដូរដល់ពេលយប់ដោយមិនរុះរើចេញ។ បើរដ្ឋបាលក្រុងមិនឱ្យរៀបចំ តុ កៅអី លក់ដូរនៅលើតំបន់ឆ្នេរយើងមានតែរៀបចំលក់ដូរ តាមរម៉ក់វិញ។ បើរដ្ឋបាលក្រុងមិនឱ្យលក់ដូរ យើងមិនអាចប្រឆាំងគាត់បានទេ»។
លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ បានឱ្យដឹងថា ឱ្យតែតំបន់ឆ្នេរនៅក្នុងក្រុងព្រះសីហនុ គឺរដ្ឋបាលក្រុងមិនអនុញ្ញាតឱ្យមានអ្នកលក់ដូរអនាធិបតេយ្យទៀតឡើយ ពីព្រោះឆ្នេរសមុទ្រគឺជាឆ្នេរសាធារណៈ សម្រាប់ពលរដ្ឋ និងសាធារណជនទូទៅមកលេងកម្សាន្តដោយឥតគិតថ្លៃ។
លោកបន្តថា៖ «ឆ្នេរសមុទ្រទាំងនេះ មិនមែនជារបស់អាជីវករសម្រាប់រៀបចំ តុ កៅអី លក់ដូរអនាធិបតេយ្យបែបនេះទេ។ កន្លងមក អ្នកលក់ដូរ ចាប់យកទីតាំងសម្រាប់លក់ដូរជារបស់ខ្លួនឯង ប៉ុន្ដែតាមពិតឆ្នេរសមុទ្រគឺជាឆ្នេរសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅមកលេងកម្សាន្ត»។
លោកបានឱ្យដឹងថា បច្ចុប្បន្ន ពលរដ្ឋមកចាប់ទីតាំងលក់ដូរនៅតាមឆ្នេរសមុទ្រច្រើន បណ្ដាលឱ្យបាត់បង់សណ្ដាប់ធ្នាប់ បង្កើតសំរាម ប៉ះពាល់ដល់សោភណភាពឆ្នេរសមុទ្រខេត្ដព្រះសីហនុ ដែលជាប់ឈ្មោះថាជាឆ្នេរស្អាតរបស់ពិភពលោក៕
វីដេអូ៖