ភ្នំពេញៈ ក្រោយពី​បញ្ចប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ត្រៀម​ស្នើសុំ​កញ្ចប់​ថវិកា​ចន្លោះ​ពី ៥០ ទៅជិត ៦០​ លាន​ដុល្លារ​អាមេរិក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​ស្ថាប័ន​សេនាធិការ​របស់​រាជរដ្ឋាភិបាល សម្រាប់​ចំណាយ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ ឆ្នាំ ​២០២៣ ខាងមុខនេះ​។


លោក​ សោម សូរីដា អ្នកនាំពាក្យ គជប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ មិថុនា​ថា នៅ​ព្រឹក​ថ្ងៃទី ​២៨ មិថុនា ឆ្នាំ​ ២០២២ អគ្គលេខាធិការដ្ឋាន គជប បើក​កិច្ចប្រជុំ​ពិភាក្សា​អនុម័ត​ លើ​គម្រោង​នូវ​ចំនួន​ថវិកា​ខាងលើនេះ ដើម្បី​ដាក់ជូន​សមាជិក គជប ទាំង ៩​ រូប ដើម្បី​ត្រួតពិនិត្យ និង អនុម័ត​មុននឹង​ដាក់​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្នើសុំ​ការអនុម័ត​យល់ព្រម​ពី​រដ្ឋសភា​។

លោក​ថា ចំនួន​ថវិកា​នេះ បើ​ធៀប​នឹង​ការចំណាយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​ ៥​ នេះ គឺ​ប្រហាក់ប្រហែល​គ្នា​។ ថវិកា​នេះ​ប្រើប្រាស់​ផ្តោត​សំខាន់​ទៅលើ​ការពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២២ ត្រៀម​សម្ភារ បរិក្ខារ សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា ២០២៤ ការរៀបចំ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​ ២០២៣ និង​បន្ត​និរន្តរភាព​របស់ គជប​។

លោក​ថ្លែងថា​៖ «​យើង​គិត​ទៅ​ថវិកា​ដែល​យើង​ប៉ាន់ស្មាន​នេះ សម្រាប់​ដំណើរការ​បោះឆ្នោត​ទូទៅ ដើម្បីឱ្យ​គ្រប់​ទៅតាម​ទំហំ​ការងារ សំណូមពរ​ការងារ​ និង​លទ្ធភាព​ការងារ​របស់​គជប​ផងដែរ​។ ថវិកា​នេះ នឹងត្រូវ​សម្រេច​ត្រឹម​អគ្គលេខាធិការដ្ឋាន​គជប សិន មុននឹង​ដាក់​ជូនទៅ​ គជប ពិនិត្យ​ និង​សម្រេច​»​។


លោក​ សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និចហ្វិក ថ្លែង​នៅ​ថ្ងៃទី​ ២៧ មិថុនា ថា ទំហំ​ថវិកាជាតិ​ដែល​គជប ស្នើសុំ​នេះ គឺ​ប្រហាក់​ប្រហែល​នឹង​ការចំណាយ​ សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ដែរ​។


ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា លោក​មិនទាន់​ដឹង​ពី​ទំហំ​ថវិកា​នេះ​នឹងត្រូវ​ចំណាយ​ទៅលើ​អ្វីខ្លះ​នោះទេ ប៉ុន្តែ​តាម​ពិសោធន៍​កន្លងមក​នេះ គឺជា​ការចំណាយ​ទៅលើ​ការរៀបចំ​បញ្ជី​បោះឆ្នោត ទិញ​សម្ភារ​ការិយាល័យ​បោះឆ្នោត និង​មន្ត្រី​ជាប់កិច្ចសន្យា​ជាដើម​។

លោក​ថ្លែងថា​៖ «​ថវិកា​ស្នើសុំ​នេះ គឺជា​ថវិកាជាតិ សម្រាប់​ដំណើរការ​បោះឆ្នោត​ខាងមុខ មិនមែន​ជា​ជំនួយ​របស់​អន្តរជាតិ​ទេ​»​។

លោក​ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន​ថ្លែង​នៅ​ថ្ងៃទី ​២៧ មិថុនា​ថា ការស្នើ​ថវិកា ដើម្បី​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​ ២០២៣ គឺ​ហាក់ដូចជា​លឿន​ពេក ព្រោះ​ គជប មិនទាន់​បាន​កែសម្រួល ភាពមិនប្រក្រតី​មួយចំនួន​ដែល​គណបក្ស​នយោបាយ​បាន​លើកឡើង​ក្នុងពេល​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅឡើយ​ទេ​។

លោក​ថា គជប មុននឹង​សម្រេច ថវិកា​សម្រាប់​ការបោះឆ្នោត គួរតែ​ពិគ្រោះ​យោបល់ ឬ​ទទួល​យក​មតិយោបល់​ពី​គណបក្ស​នយោបាយ​ជាមុនសិន ព្រោះនេះ​ជា​ថវិកា​របស់​ជាតិ​។

លោក​ថ្លែងថា​៖ «​គជប ជា​អាជ្ញាកណ្តាល អ្វីដែល​គណបក្ស​គូ​ប្រកួត​ប្រជែង​នេះ​បាន​លើកឡើង គួរតែ​មាន​ការយក​ទៅ​ជជែក​ជាមុនសិន ព្រោះ​ថវិកា ៥០ ទៅ ៦០ ​លាន​ដុល្លារ​វា​ច្រើនណាស់ យើង​គួរតែ​មានការ​សន្សំសំចៃ​ថវិកាជាតិ​ទាំងអស់​គ្នា​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ ឥសាន ថ្លែង​នៅ​ថ្ងៃទី​ ២៧ មិថុនា​ថា ការត្រៀម​ថវិកា​ប្រមាណ​ ៥០-៦០ ​លាន​ដុល្លារ អាមេរិក​របស់ គជប នេះ ដើម្បី​ត្រៀម​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០២៣ ព្រោះ​ចំនួន​ថវិកា​នេះ គឺជា​ការដកពិសោធន៍​មួយ​ដែល គជប បាន​ឆ្លងកាត់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ នេះ​រួចហើយ​។

លោក​ ឥសាន ​បញ្ជាក់ថា ការស្នើ ថវិកាជាតិ​ដើម្បី​ដំណើរការ​បោះឆ្នោត​នេះ គឺជា​ភារកិច្ច​របស់​ គជប ​ជា​ស្ថាប័ន​ចាយលុយ មិនមែន​ជា​ភារកិច្ច​របស់​បក្សនយោបាយ​ទេ​។

លោក​ថា​៖ «​បើ​ គជប ពិគ្រោះ​យោបល់​ពី​ការស្នើសុំ​ថវិកា​នេះ មិនមែន​ពិគ្រោះ​យោបល់​តែ​ជាមួយ​គណបក្ស​មួយ​ទេ គឺ​ត្រូវ​ពិគ្រោះ​ជាមួយ​គណបក្ស​នយោបាយ​ចំនួន​ ៤៥ ដែល​បាន​ចុះបញ្ជី​»៕ យើង​ក៏​មិនទាន់​ដឹងថា មាន​គណបក្ស​ណាមួយ​ចូលរួម​ប្រកួត​ប្រជែង​ដែរ ហើយ​បើ​ឱ្យគេ​ទៅ​សួរ​គ្រប់​គណបក្ស​ធ្វើ​យ៉ាងម៉េច​កើត​»៕

វីដេអូ៖