ប.មានជ័យៈ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជូនមន្រ្តី និងឧបករណ៍ថតចម្លងក្រដាសបន្ថែម ជូនដល់អង្គភាពច្រកចេញ-ចូលតែមួយនៅសាលាខេត្ត ដើម្បីពន្លឿនការធ្វើបណ្ណព្រំដែនជូនពលរដ្ឋខ្មែរ បន្ទាប់ពីមានការរិះគន់ថា មានភាពយឺតយ៉ាវដែលរយៈពេល ៣ ខែ អង្គភាពនេះបានចេញបណ្ណព្រំដែនជូនពលរដ្ឋជាង ២ ម៉ឺនបណ្ណ។
អនុប្រធានអង្គភាពច្រកចេញ-ចូលតែមួយនៃសាលាខេត្តបន្ទាយមានជ័យ លោកស្រី សួន សុភ័ក្រ្ត ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ មិថុនាថា បន្ទាប់ពីមានការបើកច្រកព្រំដែនឡើងវិញ រវាងកម្ពុជា-ថៃ កាលពីប៉ុន្មានខែមកនេះ មានប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន បានសម្រុកមកធ្វើបណ្ណព្រំដែន (Border Pass) ក្នុង ១ ថ្ងៃ មានដល់ ១ ពាន់បណ្ណ។ ដោយសារការសម្រុកធ្វើបណ្ណនេះហួសពីការស្មាន ទើបធ្វើឱ្យមានភាពយឺតយ៉ាវក្នុងការផ្តល់សេវានាពេលកន្លងមក។ ក្នុង ១ ថ្ងៃ អង្គភាពច្រកចេញ-ចូលតែមួយ អាចចេញបណ្ណត្រឹម ២០០ បណ្ណប៉ុណ្ណោះ ដោយសារមន្រ្តីមានចំនួនតិច។
លោកស្រីបញ្ជាក់ថា ដោយសារមានភាពយឺតយ៉ាវ និងរិះគន់ពីប្រជាពលរដ្ឋ ទើបអភិបាលខេត្តបន្ទាយមានជ័យបញ្ជូនមន្រ្តីជំនាញចំនួន ១២ រូប និងផ្តល់ឧបករណ៍ព្រីនបន្ថែមទៀត ដើម្បីសម្រួលដល់កិច្ចការនេះ។
លោកស្រីថ្លែងថា៖ «កាលពីមុន ពលរដ្ឋដាក់ស្នើធ្វើបណ្ណព្រំដែន ក្នុង ១ ថ្ងៃ ១ ០០០ នាក់ ហើយយើងបញ្ចេញបានត្រឹម ២០០ នាក់ ក្នុង ១ ថ្ងៃ។ ប៉ុន្តែក្រោយមក អភិបាលខេត្តគាត់ជំរុញ និងបញ្ជូនបុគ្គលិកមកបន្ថែមជួយ និងដាក់ម៉ាស៊ីនព្រីនថែមចំនួន ៣ គ្រឿង។ អ៊ីចឹងឥឡូវនេះអាចបញ្ចេញបាន ៥០០ [បណ្ណ] មានភាពប្រសើរជាងមុន»។
លោកស្រីឱ្យដឹងថា ភាពយឺតយ៉ាវកន្លងមក គួបផ្សំនឹងការបញ្ជូលបច្ចេកវិទ្យាថ្មីហើយបច្ចេកវិទ្យានោះទៀតសោតបានជួបប្រទះបញ្ហា និងមានការរអាក់រអួលបន្តិចបន្តួច។ ក្រុមការងារធ្លាប់ប្រាប់ពលរដ្ឋដែរថា ប្រព័ន្ធរអាក់រអួល និងមានអ្នកមកធ្វើច្រើន ប៉ុន្តែពលរដ្ឋខ្លះមិនទទួលយកការបកស្រាយទេ ខ្លះគាត់ថាប្រញាប់។ ពីមុនក្រុមការងារគ្រាន់តែកត់ត្រាចូលប្រព័ន្ធ Border pass ហើយព្រីន ប៉ុន្តែឥឡូវមានការកត់ចូលទៅប្រព័ន្ធក្រសួងមហាផ្ទៃមួយទៀត ហើយប្រព័ន្ធដែលធ្វើថ្មីមានភាពរអាក់រអួល។
លោកស្រីបន្ថែមថា៖ «ជួនកាលដាច់ដល់ ៣ ថ្ងៃ ធ្វើឱ្យការងារកាន់តែយូរ។ ណាមួយអ្នកដាក់ពាក្យធ្វើបណ្ណកាន់តែច្រើនហួសពីការគិត។ អ៊ីចឹងបើគាត់មកដាក់ហើយ យើងមានតែទទួល ទោះបញ្ចេញបានតិចនាពេលនោះ ក៏ទទួលគាត់សិនដែរ»។
លោកស្រី សួន សុភ័ក្រ្ត ឱ្យដឹងថា មូលហេតុមួយទៀត ទោះបីភាគីទាំង ២ បើកច្រកព្រំដែនវិញពិតមែន ប៉ុន្តែថៃមិនទាន់លក់សំបុត្រចេញ-ចូល តម្លៃ ១០ បាត ដូចមុនពេលកូវីដ ១៩ នៅឡើយទេ។ សំបុត្រនេះ អាចចេញចូលព្រំដែន ១ ថ្ងៃ ដូច្នេះទើបពលរដ្ឋខ្មែរនៅតែសម្រុកទៅធ្វើបណ្ណព្រំដែន។ លោកស្រីថា នៅពេលថៃបើកលក់សំបុត្រនេះឡើងវិញ ពលរដ្ឋខ្មែរនឹងមិនសូវមកធ្វើបណ្ណព្រំដែនទៀតទេ។ សម្រាប់បច្ចុប្បន្ន អង្គភាពច្រកចេញ-ចូលតែមួយនៅតែបន្តខិតខំប្រឹងប្រែងធ្វើការទាំងថ្ងៃសៅរ៍-អាទិត្យ ផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពលរដ្ឋ។
លោកស្រីថ្លែងថា៖ «ឯកឧត្តមអភិបាលខេត្ត គាត់ជំរុញឱ្យធ្វើសៅរ៍-អាទិត្យ ព្រោះគាត់សម្រុកមកធ្វើតែមួយពេលៗនោះឯង ដែលពេលនោះការធ្វើបណ្ណព្រំដែនកន្លះខែទើបបាន។ ប៉ុន្តែឥឡូវយើងចេញបណ្ណឱ្យគាត់តែ ១ អាទិត្យ ឬ ៥ ថ្ងៃ។ បើអត់សូវមានមនុស្សធ្វើច្រើន ៣ ថ្ងៃ ក៏ធ្វើឱ្យគាត់បានដែរ»។
បើតាមលោកស្រី ពលរដ្ឋដែលសម្រុកធ្វើបណ្ណព្រំដែន គឺ ក្នុងអំឡុងខែមេសា និងឧសភា ដែលមាន អ្នកស្នើសុំក្នុង ១ ថ្ងៃ ជាង ១ ពាន់បណ្ណ ប៉ុន្តែឥឡូវនេះ អ្នកដាក់ពាក្យនៅត្រឹម ២០០-៣០០ នាក់ ក្នុង ១ ថ្ងៃ។ ការផ្តល់បណ្ណនេះផងដែរ បានផ្តល់អាទិភាពចំពោះអ្នកមានជំងឺ ចាស់ជរា អ្នកមានផ្ទៃពោះ និងអ្នករងគ្រោះថ្នាក់ចរាចរណ៍ដែលត្រូវការទៅពេទ្យបន្ទាន់។ បណ្ណនេះ ធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងជាមួយភាគីថៃ និងខ្មែរ ក្នុងកម្រិតត្រឹមខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ។ បើហួសទៅដល់ក្រុងបាងកក ឬខេត្តផ្សេង គឺមិនអាចចេញទៅបានទេ។
លោកស្រីឱ្យដឹងថា គិតចាប់ពីថ្ងៃទី ១ មេសា ដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២២ អង្គភាពច្រកចេញ-ចូលតែមួយនៃសាលាខេត្តបន្ទាយមានជ័យបានធ្វើបណ្ណជូនពលរដ្ឋខ្មែរចំនួន ២៣ ៣៧៨ បណ្ណ។ បច្ចុប្បន្នមន្រ្តីដែលកំពុងបម្រើកិច្ចការនេះមានជាង ៤០ នាក់ ក្នុងនោះបញ្ជូនមកថ្មីចំនួន ១២ នាក់។ មន្រ្តីក្របខ័ណ្ឌ ៦ នាក់ មន្រ្តីកិច្ចសន្យា ៨ នាក់ និងមានមន្រ្តីស្ម័គ្រចិត្តពីក្រុមយុវជនប្រហែល ៨ នាក់ ព្រមទាំងមន្រ្តីនៅផ្នែកផ្សេងទៀត។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សលោក មឿន តុលា ថ្លែងថា ក្នុងករណីយឺតយ៉ាវដោយសារម៉ាស៊ីនរអាក់រអួល អាចជារឿងសមហេតុផល ដោយសារមួយរយៈកន្លងមកមិនសូវប្រើប្រាស់។
លោកថា៖ «ខ្ញុំកត់សម្គាល់ឃើញថា មួយរយៈកន្លងមក ម៉ាស៊ីនមួយចំនួនក៏វាអសកម្ម។ ប៉ុន្តែអ្វីដែល សំខាន់ខាងថ្នាក់ខេត្ត ឬថ្នាក់ជាតិគួរពិនិត្យមើលការត្អូញត្អែរ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធអំពើពុករលួយនៅតាមច្រកព្រំដែន។ បើសិនជាយឺតយ៉ាវដោយសារម៉ាស៊ីន ជារឿងមួយសមហេតុផល ប៉ុន្តែបើសិនជាការយឺតយ៉ាវពាក់ព័ន្ធលេសក្នុងការទារលុយគួរតែមានវិធានការច្បាស់លាស់»។
រដ្ឋបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា ការធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ តម្លៃ ២ ម៉ឺនរៀល។ ការបន្តសៀវភៅបណ្ណព្រំដែន តម្លៃ ២ ម៉ឺនរៀល ការបន្តសុពលភាពបណ្ណព្រំដែន (សៀវភៅចាស់) តម្លៃ ១ ម៉ឺនរៀល មានសុពលភាពរយៈពេល ២ ឆ្នាំ៕
វីដេអូ៖