​ភ្នំ​ពេញៈ ​ក្រសួង​ព័ត៌​មាន​ កំពុង​ត្រៀម​រៀប​ចំ​សេច​ក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌​មាន​ទៅ​គណៈ​រដ្ឋ​មន្ត្រី​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ក្រោយ​ពី​ទទួល​បាន​ការ​អនុម័ត​ជា​ចុង​ក្រោយ​ ពី​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ និង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ ខណៈ​ការ​ពិគ្រោះ​យោ​ប​ល់​កម្រិត​បច្ចេក​ទេស​នៃ​ក្រសួង​ទាំង​២​ត្រូវ​បាន​បញ្ចប់​។​


លោក​ មាស ​សោ​ភ័​ណ្ឌ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ ថ្លែង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ ​នា​ថ្ងៃទី ​៤​ ខែកក្កដា​នេះ​​ថា​៖​ «​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ​គឺ​ការ​រៀប​ចំ​ តាក់តែង​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ គឺ​យើង​បាន​បញ្ចប់​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ក្នុង​កម្រិត​បច្ចេក​ទេស​ជាមួយ​នឹង​ក្រសួង​យុត្តិ​ធម៌​រួចរាល់​ហើយ ​គឺ​យើង​នៅតែ​រង់ចាំ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​សម្រេច​ចុង​ក្រោយ​របស់​ថ្នាក់​ដឹក​នាំ​នៃ​ក្រសួង​ទាំង​២​ ប៉ុណ្ណោះ​»​​។​

លោក​ សោភ័ណ្ឌ​ ថ្លែង​ទៀត​ថា​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន ​លោក ​ខៀវ ​កាញា​រីទ្ធ​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​រៀប​ចំ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់ ដើម្បី​ពិនិត្យ​ទៅ​លើ​វឌ្ឍន​ភាព​ការងារ​របស់​ក្រុម​ការងារ​បច្ចេក​ទេស​រៀ​បចំ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ ​និង​ពិនិត្យ​ទៅ​លើ​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ផង​ដែរ​​។​​


លោក​បញ្ជាក់​ថា​​៖ ​«​យើង​ប្រជុំ​ពិ​និត្យ​​ជាមួ​យ​នឹង​ក្រសួង​យុត្តិ​ធម៌​ជា​ចុង​ក្រោយ​ទាក់ទង​នឹង​បញ្ហា​ ទោស​បញ្ញត្តិ​ ដើម្បី​ធ្វើ​យ៉ា​ង​ណា​កុំឱ្យ​ការ​រៀបចំ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ ​គឺ​មិនមាន​ការ​កំណត់​ទោស​ទណ្ឌ​ថ្មី​ខុស​ពី​ច្បាប់​ដែល​មាន​ស្រាប់​ ​ឬក៏​ខុស​ពី​ក្រម​ព្រហ្ម​ទណ្ឌ​ដែល​មាន​ជា​ធរមាន​»​។​

លោក ​សោ​ភ័​ណ្ឌ ​បាន​ឱ្យដឹង​ថា​ ដំណើរ​ការ​នៃ​ការ​រៀបចំ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ ​មើល​ទៅ​ហាក់​បី​ដូច​ជា​ចំណាយ​ពេល​យូរ​ ក៏​ប៉ុន្ដែ​ការ​រៀប​ចំ​ គឺ​មាន​ការ​បើក​យ៉ាង​ទូលំ​ទូលាយ​ឱ្យមាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​គ្រប់ភា​គី​ពាក់​ព័ន្ធ​ទាំង​អស់ រួម​ទាំង​ទីភ្នាក់​ងារ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ យូណេស្កូ​ និង​ការិយា​ល័យ​ឧត្ដម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ទៀត​។​


លោក​ សោ​ភ័​ណ្ឌ ​លើក​ឡើង​ថា​ការរៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ ​ក៏ត្រូវ​ពិនិត្យ​ទៅលើ​ភាព​ដែល​អាច​អនុវត្ដ​ទៅ​បាន​សមស្រប​ទៅ​តាម​បរិបទ​សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​ នយោបាយ​នៃ​ប្រ​ទស​កម្ពុជា​ផងដែរ​ ដែល​ធ្វើ​ឱ្យ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ពិគ្រោះ​យោបល់​។ ​ក្រៅ​ពីនេះ​ក្នុង​ពេល​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ពិភព​លោក​ទាំង​មូល​រួមទាំង​កម្ពុជា​បាន​ទទួលរង​ផល​ប៉ះពាល់​នៃ​ការ​រីក​រាល់​ដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ធ្វើឱ្យ​ដំណើរ​ការ​ជា​ប្រក្រតី​របស់​ស្ថាប័ន​សាធារណៈ​របស់​រាជ​រដ្ឋាភិ​បាល​ត្រូវ​អនុវត្ដ​តាម​គន្លង​ថ្មី​នាំ​ឱ្យ​មាន​ការ​ពន្យា​រពេល​មួយ​ចំនួន​ក្នុង​ដំណើរ​ការ​រៀប​ចំតាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ផង​ដែរ​។

លោក​បញ្ជាក់​ថា​ ក្រសួង​ព័ត៌មាន ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ នៅ​តែ​បន្ត​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ពិនិត្យ​ទៅលើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ហើយ​នឹង​ជំរុញ​បញ្ចប់​ទៅលើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​មូល​ដើម្បី​ដាក់ជូន​ទៅ​កាន់​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី​ក៏ដូច​ជា​ស្ថាប័ន​នីតិ​បញ្ញត្តិ​តាម​នីតិ​វិធី​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

លោក ​ណុប​ វី​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)​ ថ្លែង​ថា​ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទទូច​ឱ្យ​ក្រសួង​ព័ត៌មាន​ ព​ន្លឿ​ន​នូវ​ដំណើរ​ការ​ឈាន​ទៅ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌​មាន​នេះ​។

លោក​បន្ត​ថា​៖«​ អង្គការ​សង្គម​ស៊ីវិល​ សូម​ឱ្យ​ដាក់​បញ្ចូល​នូវ​ខ្លឹម​សារ​ ឬ​ក៏​សំណើ​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង ហើយ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ឯកសារ​ដែល​យើង​បាន​បញ្ជូន​ទៅកាន់​ប្រមុខ​ដឹកនាំ​រដ្ឋាភិ​បាល​ និង​ក្រសួង​ព័ត៌​មាន​។ ក្នុង​នោះ​រួម​មាន​ទាំង​ការឱ្យ​ពិចារ​ណា​ទៅ​លើ​ខ្លឹម​សារ​នៃ​មាត្រា​មួយ​ចំនួន​នៃ​​សេច​ក្ដី​ព្រាង​ច្បាប់​នាពេល​បច្ចុប្បន្ន​នេះ​ ជា​ពិសេស​ទាក់​ទង​នឹង​ព័ត៌​មាន​សម្ងាត់​»​។​​

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ លោក​ ខៀវ​ កាញារីទ្ធ​ កាល​ពី​ថ្ងៃទី១​ ខែកក្កដា​ បាន​ដឹកនាំ​ប្រជុំ​ជា​មួយ​ក្រុម​ការងារ​បច្ចេក​ទេស ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌​មាន​នេះ​ឡើងវិញ​ ក្រោយ​ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ​៣៣​ ស្ថាប័ន​បាន​ស្នើ​សុំ​កិច្ច​អន្តរា​គមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ ឱ្យ​ជួយ​ជំរុញ​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​នេះ​កាល​ពី​ថ្ងៃទី ​១៦​ ខែ មិថុនា ឆ្នាំ​ ២០២២​។​

លោក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ចូលរួម​ពិនិត្យ​ពិភាក្សា​កែសម្រួល​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​មួយ​ក្រសួង​ព័ត៌មាន​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ហើយ​ព្រម​ទាំង​បាន​ឯកភាព​គ្នា​ម្តង​រួច​មក​ហើយ​ដែរ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ បែរ​ជា​ត្រឡប់​មក​ក្រោយ​វិញ​។​

លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា​៖​ «​ច្បាប់​ដែល​អាច​ឆ្លង​ចេញ​បាន គឺ​ផ្អែក​លើ​គោល​ការណ៍​អន្តរ​ជាតិ​ ហើ​យ​ក៏​ពាក់​ព័ន្ធ​សភាព​ការណ៍​ជាក់​ស្តែង​ក្នុង​ប្រទេស​ ​ហើយ​អ្វី​សំខាន់​គឺ​សភាព​ការណ៍​នយោ​បាយ​»​៕​